វិស័យបច្ចេកវិទ្យា

IMF ព្រមានថា ភាពមិនស្ថិតស្ថេរនៃទីផ្សារ AI នឹងបង្កជាបញ្ហាឈឺក្បាលដល់ធនាគារកណ្តាលនានាជុំវិញពិភពលោក


លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជំរុញឱ្យធនាគារកណ្តាលនានានៅទូទាំងពិភពលោកត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅពេលវាយតម្លៃលើវិធានការប្រយុទ្ធប្រឆាំង​នឹងអតិផរណា។ លោកស្រី បានគូសបញ្ជាក់ថា ក្តីបារម្ភជុំវិញការពឹងផ្អែកខ្លាំងពេកលើការវិនិយោគលើវិស័យ AI ព្រមទាំងការវាយតម្លៃទីផ្សារខ្ពស់ហួសការពិតកំពុងតែបង្កផលប៉ះពាល់ និងរញ្ជួយដល់ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស
វិស័យបច្ចេកវិទ្យា
ដោយ

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចងជីវ៉ា បានថ្លែងនៅទីស្នាក់ការកណ្តាលមូលនិធិរូបិយវត្ថុអន្តរជាតិថា ភាពមិនស្ថិតស្ថេរ និងការប្រែប្រួលឡើងចុះយ៉ាងខ្លាំង នៃទីផ្សារបច្ចេកវិទ្យានាពេលនេះទំនងជានឹងបន្តកើតមានក្នុងរយៈពេលវែង។ ភាពមិនប្រាកដប្រជានេះនឹងរុញច្រានឱ្យបេសកកម្មរបស់ធនាគារកណ្តាលនានាកាន់តែស្មុគស្មាញ និងជួបប្រឈមខ្លាំងក្នុងខណៈពេលដែលហានិភ័យប្រឆាំងនឹងស្ថិរភាពតម្លៃកំពុងកើនឡើងឥតឈប់ឈរ។
ការធ្លាក់ចុះយ៉ាងគំហុក នៃតម្លៃភាគហ៊ុនបច្ចេកវិទ្យា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារសកលលោក ក្រោយមានក្តីបារម្ភថា ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិកអាចនឹងឈានទៅរកការរឹតបន្តឹងច្បាប់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើវិស័យ AI ព្រមទាំងពន្យឺតការសាងសង់មជ្ឈមណ្ឌលទិន្នន័យ។ កត្តានេះបានរុញច្រានឱ្យក្រុមវិនិយោគិនដកថយពីភាគហ៊ុនបច្ចេកវិទ្យា ហើយងាកទៅវិនិយោគលើបណ្ណបំណុលជំនួសវិញ។
ភាពច្របូកច្របល់ផ្នែកនយោបាយនេះបានបន្ថែមសម្ពាធយ៉ាងធ្ងន់ធ្ងរលើទីផ្សារពាណិជ្ជកម្ម AI ដែលកំពុងរង្គោះរង្គើស្រាប់ទៅហើយ ដោយសារតែមហាជនចាប់ផ្តើមសង្ស័យលើផលចំណេញពិតប្រាកដ បើធៀបនឹងការចំណាយថវិកាដ៏មហាសាលលើហេដ្ឋារចនាសម្ព័ន្ធ AI។ ការដកថយរបស់វិនិយោគិននេះ បានបង្កើតឱ្យមានការទាមទារប្រាក់តម្កល់បន្ថែម និងបង្កក្តីបារម្ភខ្លាំងដល់ទាំងវិនិយោគិនទូទៅ ព្រមទាំងមូលនិធិការពារហានិភ័យ។
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសបញ្ជាក់ថា ទោះបីជាកំណើន នៃការវិនិយោគលើ AI កំពុងជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេសមួយចំនួន និងជួយទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាន នៃវិបត្តិផ្គត់ផ្គង់ប្រេង ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែវាក៏បានបង្កើតជាសម្ពាធអតិផរណាថ្មី និងបង្កការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុផងដែរ។
កាលពីខែមុន IMF បានចេញការព្រមានរួចមកហើយថា ប្រសិនបើរលកនៃការវិនិយោគលើ AI ត្រូវជួបការអាក់ខាន ឬឈានដល់ទីបញ្ចប់ភ្លាមៗ ផ្សំផ្គុំជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបន្តអូសបន្លាយ វានឹងរុញច្រានឱ្យតម្លៃទ្រព្យសកម្មធ្លាក់ចុះយ៉ាងគំហុក។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters គណបក្សប្រជាធិបតេយ្យកំពុងរៀបចំផែនការដាក់ចេញនូវកញ្ចប់ច្បាប់ថ្មីៗជាច្រើន ដើម្បីគ្រប់គ្រង និងរឹតបន្តឹងលើប្រព័ន្ធ AI ព្រមទាំងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅពេលពួកគេឡើងកាន់កាប់អំណាចលើសភាអាម៉េរិក នាខែមករា ខាងមុខនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ត្រឹម១ខែ ទីផ្សារភាគហ៊ុននៅ Wall Street ខាតបង់ធ្ងន់ករហូតដល់៥,៧ទ្រីលានដុល្លារ ខណៈការ​វិនិយោគលើ AI ចាប់ផ្តើមបាត់បង់សម្ទុះ

ការរីកចម្រើននៃការវិនិយោគលើបច្ចេកវិទ្យា​ AI នៅសង្កាត់ហិរញ្ញវត្ថុ Wall Street កំពុងបង្ហាញសញ្ញាថមថយយ៉ាងរហ័ស ដោយនៅក្នុងរយៈពេលត្រឹមតែមួយខែប…

អតីតអ្នកនាំពាក្យយោធាថៃ ដែលធ្លាប់ប្រឆាំងកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយស៊ីដាច់លុយមូលនិធិ១៦លានដុល្លារយកទៅរស់នៅហ៊ឺហា

អតីតតារាស្រីថៃ ល្បីឈ្មោះម្នាក់ ដែលធ្លាប់ត្រូវបានអាជ្ញាធរយោធាថៃ ប្រើប្រាស់ជារូបភាពប្រជាប្រិយភាព ធ្វើជាអ្នកនាំពាក្យការពារទង្វើឈ្លានពានអធិបតេយ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ