វិស័យការពារជាតិ

​ដ្រូន កំពុងផ្លាស់ប្តូរទម្រង់សង្គ្រាម ខណៈក្រុមហ៊ុនផលិតអាវុធធំៗកំពុងកើបចំណូល


បច្ចេកវិទ្យាយន្តហោះដ្រូន និងបញ្ញាសិប្បនិម្មិត AI កំពុងផ្លាស់ប្តូរមុខមាត់សង្គ្រាមសម័យទំនើបយ៉ាងឆាប់រហ័សហួសពីការប៉ាន់ស្មាន។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនៃបច្ចេកវិទ្យាឆ្លាតវៃទាំងនេះ ក្រុមហ៊ុនម៉ៅការផលិត​យុទ្ធភណ្ឌការពារជាតិយក្សៗលើពិភពលោក ក៏កំពុងប្រមូលប្រាក់ចំណូលរាប់ពាន់លានដុល្លារពីតម្រូវការទីផ្សាររថក្រោះ យន្តហោះចម្បាំង និងគ្រឿងសព្វាវុធបែបប្រពៃណី ដែលមានអនុភាពខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី៧ ខែវិច្ឆិកា។
វិស័យការពារជាតិ
ដោយ និង

របាយការណ៍ហិរញ្ញវត្ថុថ្មីៗរបស់ក្រុមហ៊ុនផលិតអាវុធការពារជាតិ នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប បានបង្ហាញថា អាវុធបែបប្រពៃណីនៅតែជាកម្លាំងចលករស្នូល ជំរុញកំណើនប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាតម្រូវការឧបករណ៍ទំនើបៗ ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ និងបច្ចេកវិទ្យាប្រឆាំងដ្រូន កំពុងស្ទុះកើនឡើងខ្លាំងយ៉ាងណាក៏ដោយ។ ក្រុមហ៊ុនផលិតអាវុធរបស់អាម៉េរិក Lockheed Martin បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូលរហូតដល់២៤% ពីអាជីវកម្មផលិតមីស៊ីលនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ខណៈដែលក្រុមហ៊ុន RTX ក៏ទទួលបានកិច្ចសន្យាយោធាតម្លៃរាប់ពាន់លានដុល្លារសម្រាប់ខ្សែច្រវាក់ផលិតកម្មប្រព័ន្ធមីស៊ីលរបស់ខ្លួនផងដែរ។
ចំណែកនៅដែនដីអឺរ៉ុបវិញ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារការពារជាតិ អាល្លឺម៉ង់ Renk បានកត់ត្រាតួលេខបញ្ជាទិញយានយន្តយោធាកើនឡើងយ៉ាងគំហុកដល់ទៅ៤៦% នៅក្នុងរយៈពេល៩ខែនៅឆ្នាំ២០២៦។ របាយការណ៍ថវិកាទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីព្រំដែនតម្រូវការ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន រវាងអាវុធយុទ្ធភណ្ឌជំនាន់មុន និងបច្ចេកវិទ្យាការពារជាតិ ជំនាន់ថ្មី ដែលកំពុងលេចធ្លោ។
នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការផ្ទុះឡើង នៃសង្គ្រាមឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ មក ក្រុមហ៊ុនផលិតយុទ្ធភណ្ឌការពារជាតិ សកលលោកទទួលបានការបញ្ជាទិញកើនឡើងយ៉ាងខ្លាំង ខណៈដែលកញ្ចប់ថវិកាចំណាយផ្នែកយោធារបស់រដ្ឋាភិបាលជុំវិញពិភពលោក ក៏ត្រូវបានដំឡើងដល់កម្រិតកំពូលផងដែរ។
ក្រុមអ្នកវិភាគយោធាបានសង្កត់ធ្ងន់ថា ការកើនឡើង នៃការបំពាក់អាវុធបែបប្រពៃណីឡើងវិញនេះ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធរឹងមាំរយៈពេលវែង ដែលសូម្បីតែការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឬនៅមជ្ឈិមបូព៌ា ក៏មិនអាចទប់ស្កាត់ល្បឿននេះបានដែរ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបណ្តាប្រទេសនៅអឺរ៉ុប ត្រូវតែខិតខំប្រឹងប្រែងរត់តាមគេឱ្យទាន់ក្នុងបរិបទ ដែលភាពមិនប្រាកដប្រជាលើការធានាសន្តិសុខពីសហរដ្ឋអាម៉េរិក កំពុងកើនឡើង ព្រមទាំងការប្រុងប្រយ័ត្នលើចំណាត់ការបន្ទាប់របស់រុស្ស៊ី បន្ទាប់ពីទ្វីបមួយនេះបានបណ្តោយឱ្យមានកង្វះខាតថវិកាយោធាយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អតីតអ្នកនាំពាក្យយោធាថៃ ដែលធ្លាប់ប្រឆាំងកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយស៊ីដាច់លុយមូលនិធិ១៦លានដុល្លារយកទៅរស់នៅហ៊ឺហា

អតីតតារាស្រីថៃ ល្បីឈ្មោះម្នាក់ ដែលធ្លាប់ត្រូវបានអាជ្ញាធរយោធាថៃ ប្រើប្រាស់ជារូបភាពប្រជាប្រិយភាព ធ្វើជាអ្នកនាំពាក្យការពារទង្វើឈ្លានពានអធិបតេយ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ