ក្រុមហ៊ុន IndiGo

ក្រុមហ៊ុន IndiGo របស់ឥណ្ឌានឹងផ្អាកជើងហោះហើរមកកាន់ខេត្តសៀមរាប ក្រោយថ្លៃប្រតិបត្តិការហក់ឡើងខ្ពស់ និងខ្សត់អ្នកដំណើរ


វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា កំពុងជួបប្រទះនឹងសម្ពាធជាថ្មី បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ឥណ្ឌា IndiGo ដែលតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Kolkata មកកាន់ខេត្តសៀមរាប សម្រេចចិត្តផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅដើមខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោយដំណើរការបានជិតមួយឆ្នាំ។ ការសម្រេចចិត្តដកថយមួយជំហាននេះ គឺបណ្តាលមកពីការហក់ឡើង នៃថ្លៃដើមប្រតិបត្តិការ និងការធ្លាក់ចុះនៃលំហូរអ្នកដំណើរ ដែលរងឥទ្ធិពលប្រយោលពីវិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។
ក្រុមហ៊ុន IndiGo
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ការផ្អាកជើងហោះហើរបណ្តោះអាសន្នរបស់ក្រុមហ៊ុន IndiGo របស់ឥណ្ឌានេះចង់ ឬមិនចង់វានឹងធ្វើឱ្យកម្ពុជា បាត់បង់ចំណែកទីផ្សារទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសឥណ្ឌា។ ការផ្អាកនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារតម្រូវការអ្នកធ្វើដំណើរមានការធ្លាក់ចុះ ហើយក្រុមហ៊ុនពុំទាន់ទទួលបានផលចំណេញ ស្របពេលនៅក្នុងរដូវនេះស្ថិតក្នុងរដូវកាលបៃតង។ លោកជំទាវ យល់ឃើញថា ក្នុងស្ថានភាពចំពោះមុខនេះ រដ្ឋាភិបាលគួរតែពង្រឹងកិច្ចសហការ និងបើកការចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដើម្បីធានាបាននូវការតភ្ជាប់ជើងហោះហើរឡើងវិញដោយគ្មានការរអាក់រអួល។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា កម្ពុជា ត្រូវតែប្រញាប់ប្រញាល់សិក្សាស្រាវជ្រាវស្វែងរកឫសគល់នៃបញ្ហា ថាតើហេតុអ្វីបានជាទេសចរឥណ្ឌាថយចុះ ទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងស្អិតល្មួតក៏ដោយ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រពង្រីកការផ្សព្វផ្សាយ និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាមួយទីផ្សារលំដាប់ពិភពលោកដូចជាឥណ្ឌា និងចិន គឺជាគន្លឹះស្នូល ដែលមិនអាចខ្វះបាននៅពេលនេះ។

ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានពន្យល់ពីទិដ្ឋភាពបច្ចេកទេសថា វិបត្តិសកលនៅមជ្ឈិមបូព៌ា បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងថ្លៃចំណាយប្រតិបត្តិការហោះហើរកើនឡើងខ្ពស់ ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនត្រូវបង្ខំចិត្តរៀបចំរចនាសម្ព័ន្ធជើងហោះហើរឡើងវិញ ដើម្បីទប់ទល់នឹងការខាតបង់។ ជាក់ស្តែងមិនមែនមានតែ IndiGo នោះទេ សូម្បីតែក្រុមហ៊ុន Firefly ក៏បានផ្អាកជើងហោះហើររវាងកូឡាឡាំពួរ និងសៀមរាប តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ទទួលបានជើងហោះហើរចេញចូលចំនួន២៧,៨៤៣ជើង មានការកើនឡើង១% បើធៀបនឹងឆ្នាំ២០២៥ និងមានចំនួនអ្នកដំណើរចេញចូលជាង២,៨នាក់ មានការថយចុះ៦% បើធៀបនឹងឆ្នាំ២០២៥។ នេះបើតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ តួលេខនេះសបញ្ជាក់ថា កម្ពុជា ចាំបាច់ត្រូវតែដាក់ចេញនូវយន្តការអន្តរាគមន៍បែបបុរេសកម្ម ដើម្បីទាក់ទាញជើងហោះហើរ និងស្តារទំនុកចិត្តអ្នកធ្វើដំណើរអន្តរជាតិឡើងវិញឱ្យបានឆាប់រហ័ស៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ធនាគារ ADB អនុម័តកញ្ចប់ថវិកាជាង ៦៣លានដុល្លារ សម្រាប់កម្ពុជា ពន្លឿនការធ្វើ​សមាហរណកម្មថាមពល​កកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់​ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ