វិស័យការពារជាតិ

បណ្ដាប្រទេសនៅឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រុកពង្រឹងទំនាក់ទំនងការពារជាតិ ក្រោយមិនទុកចិត្តអាម៉េរិក


ប្រទេស​នានា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ​កំពុងសម្រុកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងជំរុញការចំណាយលើវិស័យការពារជាតិ ខណៈដែលប្រទេសចិន កំពុងពង្រឹងយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ស្របពេលប្រទេសទាំងនេះ​មាន​មន្ទិលកាន់​តែច្រើនឡើងអំពី​ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ជួយធានាការពារសន្តិសុខ​តំបន់។
វិស័យការពារជាតិ
ដោយ

កាលពីពេលថ្មីៗរដ្ឋក្រសួងការពារជាតិ អាម៉េរិក លោក ភីត ហេកសេត បានជំរុញឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តនៅអាស៊ីទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខផ្ទាល់ខ្លួន។ លោកបញ្ជាក់ថា សហរដ្ឋអាម៉េរិក នៅតែប្តេជ្ញាចិត្តជួយធានាការពារសន្តិសុខតំបន់នេះ ទោះបីជាមានជម្លោះដែលកំពុងបន្តនៅកន្លែងផ្សេងទៀតរួមទាំងសង្គ្រាមអ៊ីរ៉ង់យ៉ាងណាក៏ដោយ។
សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា បណ្ដាមេដឹកនាំការពារជាតិអាស៊ី បានលើកឡើងថា ពួកគេកំពុងបង្កើនកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយសហរដ្ឋអាម៉េរិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយគ្នាទៅវិញទៅមកផងដែរ។ ប្រទេសនានាដូចជា ហ្វីលីពីន ជប៉ុន អូស្ត្រាលី កាណាដា និងនូវែលសេឡង់ ជាដើម កំពុងពង្រឹងភាពជាដៃគូយោធា ធ្វើសមយុទ្ធរួមគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ។ ជាក់ស្ដែងហ្វីលីពីន បានលើកឡើងថា បណ្ដាប្រទេសក្នុងតំបន់យល់ស្របលើភាពចាំបាច់ ដែលត្រូវពង្រឹងសមត្ថភាពយោធា ទន្ទឹមនឹងការគាំទ្រដល់ក្របខណ្ឌសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងនេះ ប្រទេសជប៉ុន កំពុងធ្វើខ្លួនជាដៃគូសន្តិសុខដ៏សំខាន់នៅក្នុងតំបន់។ កាលពីខែមេសា កន្លងទៅ ទីក្រុងតូក្យូ បានធ្វើកំណែទម្រង់នាំចេញសព្វាវុធដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះដោយអនុញ្ញាតឱ្យជប៉ុននាំចេញនាវាចម្បាំង មីស៊ីល និងយុទ្ធោបករណ៍ផ្សេងៗទៀត។ ក្រុមមន្ត្រីជប៉ុននិយាយថា ប្រទេសជប៉ុនមានបំណងដើរតួនាទីកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។
ចំណែកឯសិង្ហបុរី ក៏បានអំពាវនាវឱ្យមានភាពជាដៃគូដែលមានភាពបត់បែនជាងមុនក្នុងចំណោមប្រទេសដែលមានចិត្តគំនិតដូចគ្នា ខណៈប្រទេសកាណាដា និងនូវែលសេឡង់ បានប្រកាសពីផែនការបង្កើនការចូលរួមផ្នែកការពារជាតិនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity សមយុទ្ធដែនសមុទ្រ និងការទិញនាវាចម្បាំងថ្មីៗផងដែរ។
ទោះបីជាមានការព្រួយបារម្ភថា ការយកចិត្តទុកដាក់របស់សហរដ្ឋអាម៉េរិក អាចបែកខ្ញែកដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងគោលនយោបាយ "តម្កល់ផលប្រយោជនន៍អាម៉េរិក ជាចម្បងទី១" ឬ America First របស់ប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងណាក្ដី ក៏មន្ត្រីមកពីប្រទេសហ្វីលីពីន ជប៉ុន និងអូស្ត្រាលី និយាយថា ពួកគេនៅតែមានទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធានាការពារសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
និន្នាការរួមដែលលេចចេញពីវេទិកាការពារជាតិអាស៊ី ប្រចាំឆ្នាំ Shangri-La Dialogue គឺច្បាស់លាស់ណាស់ថា បណ្តាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងពង្រឹងការការពារជាតិរបស់ពួកគេ និងកសាងបណ្តាញយោធាក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខដែលកំពុងកើនឡើង ជាពិសេសស្របពេលដែលមានមហាយក្សចិន មានឥទ្ធិពលកាន់តែខ្លាំងឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


យុវជនថៃ ជំនាន់ Gen Z ជាង៤លាននាក់ កំពុងវ័ណ្ឌកជាមួយបំណុលដោយសារល្បែងអនឡាញ

មជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យារបស់ថៃ បានទម្លាយទិន្នន័យគួរឱ្យភ្ញាក់ផ្អើលថា គិតត្រឹមដើមឆ្នាំ២០២៦ មានយុវជនថៃ ជំនាន់ Gen Z ដែលមានអាយុចន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ