ជុំវិញផែនការបង្កើនថវិកាយោធានៅឆ្នាំ២០២៧ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានវាយតម្លៃថា ការដំឡើងកញ្ចប់ថវិកាការពារជាតិនេះ គឺជាជំហានដ៏សមស្រប និងឆ្លើយតបចំកាលៈទេសៈ ខណៈដែលកម្ពុជាមានភាពចាំបាច់ខ្លាំងក្នុងការធ្វើពិពិធកម្មការពារជាតិ។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ការបង្កើនថវិកាយោធា គឺជាកត្តាស្នូលក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ ឱ្យតែការចំណាយនោះត្រូវបានអនុវត្តស្របតាមគោលដៅ មានតម្លាភាព និងឆ្លើយតបចំពោះស្ថានការណ៍សន្តិសុខជាក់ស្តែង។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានគាំទ្រចំពោះគម្រោងបង្កើនថវិកាការពារជាតិនេះ។ អ្នកជំនាញរូបនេះរំពឹងថា នៅពេលមានការចំណាយថវិកាចំគោលដៅនោះនឹងធ្វើឱ្យធនធានរបស់វិស័យការពារជាតិកម្ពុជានឹងមានសមត្ថភាពប្រសើរជាងមុន។
បើយោងតាមឯកសារគាំទ្រការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីពេលថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាលើវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ ប្រមាណជិត៩០០លានដុល្លារមានការកើនឡើងជាង១០០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៦ ដែលមានទំហំប្រមាណ៧៥០លានដុល្លារ។ ក្រុមអ្នកជំនាញបានចាត់ទុកការបង្កើនកញ្ចប់ថវិកាយោធានេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការទំនើបកម្មឧបករណ៍យោធា បង្កើនសមត្ថភាពកងទ័ព និងពង្រឹងកិច្ចការពារសន្តិសុខ-បូរណភាពទឹកដីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ បូ ដូឡា