តុលាការអន្តរជាតិ

ចៅក្រមតុលាការអន្តរជាតិ ៣រូប ប្តឹងរដ្ឋបាលលោក ត្រាំ ពីដាក់ទណ្ឌកម្មពួកគេខុសច្បាប់


តុលាការសហព័ន្ធអាម៉េរិក កំពុងឡើងកម្ដៅ ក្រោយចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC ចំនួន៣រូប បានដាក់ពាក្យប្តឹងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក កាលពីថ្ងៃទី២៤ ខែមិថុនា។ ក្រុមចៅក្រមបានចោទប្រកាន់ថា វិធានការទណ្ឌកម្មសេដ្ឋកិច្ច ដែលក្រុងវ៉ាស៊ីនតោន បានដាក់លើពួកគេកាលពីឆ្នាំមុន គឺជាទង្វើខុសច្បាប់ទាំងស្រុង និងជាការគាបសង្កត់លើប្រព័ន្ធយុត្តិធម៌អន្តរជាតិ។
តុលាការអន្តរជាតិ
ដោយ

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ចៅក្រមទាំង៣រូបដែលបានដាក់ពាក្យប្តឹងលោក ត្រាំ រួមមាន មកពីប្រទេសកាណាដា អ៊ូហ្គង់ដា និងបេណាំង។ ពួកគេបានអះអាងថា ទណ្ឌកម្មរបស់លោក ត្រាំ ធ្វើឡើងក្នុងគោលបំណងគំរាមកំហែង និងដាក់សម្ពាធក្រៅប្រព័ន្ធតុលាការ ដើម្បីបង្ខំឱ្យពួកគេដកថយ។

គួររំលឹកថា កាលពីឆ្នាំមុន រដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចៅក្រម ICC ជាការសងសឹក ក្រោយតុលាការអន្តរជាតិមួយនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងការបើកការស៊ើបអង្កេតលើសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម ដែលសង្ស័យថា ប្រព្រឹត្តដោយកងទ័ពអាម៉េរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទណ្ឌកម្មនេះបានកាត់ផ្តាច់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ចៅក្រមទាំងនោះយ៉ាងធ្ងន់ធ្ងរ ព្រោះធនាគារ ណាក៏ដោយនៅលើពិភពលោក ដែលប្រើប្រាស់រូបិយប័ណ្ណដុល្លារ ដាច់ខាតត្រូវតែអនុវត្តតាមការរឹតត្បិតនេះ។

នៅក្នុងពាក្យបណ្តឹងខាងលើ ចៅក្រមទាំង៣រូបបានសង្កត់ធ្ងន់ថា វិធានការនេះរំលោភលើច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ ដោយបានបញ្ជាក់ថា ទណ្ឌកម្មនេះផ្ទុយនឹងច្បាប់ វាស្មើនឹងការកាត់ទោសប្រហារជីវិតផ្នែកហិរញ្ញវត្ថុ ព្រោះវាធ្វើឱ្យពួកគេលែងអាចប្រើប្រាស់កាតឥណទាន មិនអាចប្រើសេវាធនាគារ មិនអាចទិញទំនិញតាមអនឡាញដូចជា Amazon និង Google មិនអាចកក់សំបុត្រធ្វើដំណើរ និងសូម្បីតែការទិញធានារ៉ាប់រងសុខភាព ក៏មិនអាចធ្វើបានដែរ។

ចរន្តប្រឆាំងរបស់រដ្ឋបាលលោក ត្រាំ ទៅលើតុលាការ ICC បានពុះកញ្ជ្រោលតាំងពីអាណត្តិដំបូងរបស់លោកម្ល៉េះ ដោយកាលពីឆ្នាំ២០២០ ក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់បានដាក់ទណ្ឌកម្មលើប្រធានព្រះរាជអាជ្ញា ICC កាលនោះ គឺលោកស្រី ហ្វាទូ បេនស៊ូដា ជុំវិញសំណុំរឿងអាហ្វហ្គានីស្ថាននេះដូចគ្នា។ គិតមកទល់ពេលនេះ ទាំងក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុអាម៉េរិក និងសេតវិមានមិនទាន់បានចេញមុខឆ្លើយតប ឬផ្តល់ការអត្ថាធិប្បាយណាមួយជុំវិញបណ្តឹងនេះនៅឡើយទេ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនចាប់ដៃគ្នាពង្រឹងវិស័យយោធា ខណៈព្រួយបារម្ភពីឥទ្ធិពលចិន កាន់តែកើនឡើង

ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូង កាន់តែឡើងកម្ដៅ និងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិក កាន់តែស្វិតស្វាញ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ …

ហាមមិនស្ដាប់! អ៊ីរ៉ង់វាយប្រហារនាវាដឹកទំនិញមួយគ្រឿងនៅឈូងសមូទ្រពែក្ស! UN ស្លន់ស្លោសម្រេចផ្អាកការជម្លៀសក្រុមនាវិកនៅច្រកហ័រម៉ូសភ្លាមៗ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាវាដឹកទំនិញ ១គ្រឿងត្រូវបានយន្តហោះដ្រូនរបស់អ៊ីរ៉ង់វាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ជាហេតុជំរុញឱ្យប្រតិបត្តិការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ