បើតាមសមាគមស្វាយចន្ទីកម្ពុជា ការបង្ហាញចំណាប់អារម្មណ៍លើការបោះទុនវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ពីសំណាក់វិនិយោគិនធំៗ គឺមានជាបន្តបន្ទាប់តួយ៉ាងដូចជាក្រុមហ៊ុន RMA Cambodia ថ្មីៗនេះជាដើម។ ប៉ុន្តែបញ្ហាប្រឈមដែលជាក្តីបារម្ភរបស់សមាគមនោះ គឺការរាំងស្ទះមួយចំនួន នៃការទទួលបានការលើកទឹកចិត្តពីរដ្ឋ តាមរយៈគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ការវិនិយោគលើការកែច្នៃស្វាយចន្ទី។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុនធំៗក្នុងការបោះទុនវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តួយ៉ាងដូចជាក្រុមហ៊ុន RMA Cambodia ថ្មីៗនេះជាដើម ដែលជាសញ្ញាល្អមួយក្នុងការជួយទាក់ទាញការវិនិយោគ និងពង្រឹងទំនុកចិត្តលើការធ្វើឧស្សាហរូបនីយកម្មកសិកម្មរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ប្រធានសមាគមរូបនេះ ក៏បានបង្ហាញក្តីបារម្ភចំពោះបញ្ហារាំងស្ទះមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការយឺតយ៉ាវនៃការអភិវឌ្ឍឧទ្យានឧស្សាហកម្មស្វាយចន្ទីកម្ពុជា និងការបន្តផ្អាកការលើកទឹកចិត្តគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់វិស័យស្វាយចន្ទី ដែលអាចធ្វើឱ្យអ្នកវិនិយោគធំៗកែប្រែទិសដៅវិនិយោគរបស់ខ្លួនទៅកាន់ប្រទេសផ្សេងជំនួសវិញ។
ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែការទាក់ទាញការវិនិយោគលើការកែច្នៃខ្នាតធំ តម្រូវឱ្យមានគោលនយោបាយវិនិយោគច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងកាលវិភាគដែលអាចព្យាករណ៍បាន បើមិនដូច្នេះទេវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងពុំអាចដើរទៅមុខបានលឿននោះទេ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា កត្តាប្រឈមសំខាន់ៗពីរដែលធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតទាប គឺបញ្ហាកត្តាទីផ្សារ និងការរក្សាទុកវត្ថុធាតុដើមសម្រាប់កែច្នៃមានភាពរអាក់រអួល។ តួយ៉ាងក្រុមហ៊ុនវិនិយោគបរទេសភាគច្រើន ដែលមកវិនិយោគលើរោងចក្រកែច្នៃស្វាយចន្ទីនៅស្រុកកន្លងមក គឺទាល់តែមានទីផ្សាររួចស្រេចទើបសម្រេចចិត្តបោះទុនវិនិយោគ។ បើតាមអ្នកជំនាញរូបនេះ មូលហេតុដែលកម្ពុជា នៅតែនាំចេញគ្រាប់ស្វាយចន្ទីឆៅយ៉ាងច្រើនទៅវៀតណាម ព្រោះវៀតណាមមានឃ្លាំងស្តុកទុកគ្រប់គ្រាន់ ដើម្បីធានាការផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ បានទៀងទាត់ កត្តានេះទាមទារឱ្យកម្ពុជា ត្រូវបង្កើនសមត្ថភាពស្តុកគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងបំពេញតម្រូវការផ្គត់ផ្គង់កែច្នៃក្នុងស្រុកបានជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ជុំវិញបញ្ហប្រឈមដែលធ្វើឱ្យការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតនេះដែរ ក្រុមអ្នកជំនាញកសិកម្មបានវាយតម្លៃថា គឺបណ្តាលមកពីការខ្វះខាតដើមទុនលើដំណើរការខ្សែច្រវាក់ផលិតកម្ម បច្ចេកទេសកែច្នៃនៅមានកម្រិត និងថ្លៃដើមផលិតខ្ពស់ ពិសេសតម្លៃអគ្គិសនី ដែលពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
គួរជម្រាបថា មកទល់ពេលនេះ កម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង៥០ ក្នុងនោះចំនួន៦ ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោនទៅ១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ ខណៈជាង៤០សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។ បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅបានត្រឹមតែប្រមាណ២ម៉ឺន៥ពាន់តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលជាតួលេខទាបមួយបើធៀបនឹងទិន្នផល១លានតោន ដែលកម្ពុជា ផលិតបានក្នុង១ឆ្នាំៗ៕