វិស័យការពារជាតិ

ជប៉ុន កែច្បាប់ ដើម្បីជំរុញការនាំចេញសព្វាវុធជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២


ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រទេសជប៉ុន នៅថ្ងៃទី២១ខែមេសា បានលាតត្រដាងពីការកែប្រែច្បាប់ដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ដើម្បីនាំចេញសព្វាវុធនានា ដូចជានាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀត។ ចំណាត់ការរបស់ជប៉ុននេះទទួលបានប្រតិកម្មចម្រុះ ដោយប្រទេសមួយចំនួនបានបង្ហាញការស្វាគមន៍ហើយថែមទាំងបញ្ជាទិញអាវុធជប៉ុនទៀតផង។ ប៉ុន្តែទន្ទឹមនេះ ចិន បានរិះគន់យ៉ាងខ្លាំងក្លា ផងដែរ។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន CNA បានរាយការណ៍ថា ស្របពេលដែលសណ្ដាប់ធ្លាប់ពិភពលោកកាន់តែក្រឡាប់ចាក់ ផ្ទុះសង្គ្រាមជាបន្តបន្ទាប់ ហើយតម្រូវការសព្វាវុធកើនឡើងខ្លាំង ប្រទេសជប៉ុនបានកែច្បាប់ដើម្បីនាំចេញសព្វាវុធទីកាន់ទីផ្សារនានាជុំវិញពិភពលោកជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមានគោលបំណងពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុននេះ គឺជាការបោះជំហានមួយទៀតងាកចេញឆ្ងាយពីការរឹតបន្តឹងរបស់ពួកអ្នកសន្តិភាពនិយម ដែលបានកំណត់គោលនយោបាយសន្តិសុខក្រោយសង្គ្រាមរបស់ខ្លួន។

សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ក៏កំពុងធ្វើឱ្យផលិតកម្មអាវុធរបស់សហរដ្ឋអាម៉េរិក ទទួលរងសម្ពាធផងដែរ ពោលគឺផលិតមិនទាន់តម្រូវការ ដែលនាំឱ្យជប៉ុន មានឱកាសពង្រីកការនាំចេញសព្វាវុធ។ ជាមួយគ្នានេះ បណ្ដាសម្ពន្ធមិត្តរបស់អាម៉េរិក នៅអឺរ៉ុប និងអាស៊ីកំពុងស្វែងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់អាវុធ ខណៈដែលការប្តេជ្ញាចិត្តយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយរក្សាសន្តិសុខពិភពលោកហាក់ដូចជាមិនសូវប្រាកដប្រជា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ កាតាអ៊ិឈិ (Sanae Takaichi) បានបង្ហោះសារលើគណនីបណ្ដាញទំនាក់ទំនងសង្គម X ថា បច្ចុប្បន្នគ្មានប្រទេសណាមួយអាចការពារសន្តិភាព និងសន្តិសុខរបស់ខ្លួនតែម្នាក់ឯងបានឡើយ ហើយប្រទេសដៃគូ ដែលគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងយុទ្ធោបករណ៍ការពារជាតិ គឺចាំបាច់ណាស់។

ក្រុមមន្ត្រី និងអ្នកការទូតជប៉ុន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ប្រទេសនានាចាប់ពីប្រទេសប៉ូឡូញ រហូតដល់ប្រទេសហ្វីលីពីន កំពុងស្វែងរកឱកាសផ្គត់ផ្គង់សព្វាវុធ ខណៈ ដែលប្រទេសទាំងនេះកំពុងធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន។ ប្រភពពីរបានទម្លាយឱ្យដឹងថា កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដំបូងជាមួយជប៉ុន អាចជាការនាំចេញនាវាចម្បាំងជប៉ុន មួយទឹកទៅកាន់ទីក្រុងម៉ានីល។

សូមបញ្ជាក់ថា ជាប្រវត្តិសាស្ត្រ ជប៉ុន ធ្លាប់បានហាមឃាត់ការនាំចេញអាវុធភាគច្រើនក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួន ប៉ុន្តែដោយសារភាពតានតឹងជាមួយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ជប៉ុន បានសម្រេចពង្រីកវិសាលភាពនាំចេញអាវុធធុនធ្ងន់ដូចជាយន្តហោះចម្បាំង មីស៊ីលនិងនាវាពិឃាតជាដើម។ ទោះជាយ៉ាងណាការនាំចេញនេះនឹងត្រូវកំណត់ចំពោះតែ១៧ប្រទេស ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាការពារជាតិជាមួយជប៉ុនប៉ុណ្ណោះ ហើយជប៉ុន នៅតែរក្សាគោលការណ៍មិននាំចេញអាវុធទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាមផ្ទាល់នោះឡើយ។

ក្នុងចំណោមកិច្ចព្រមព្រៀងដ៏ធំបំផុតកាលពីសប្តាហ៍មុន ជប៉ុនបានសម្រេចកិច្ចសន្យាតម្លៃ៦,៥ពាន់លានដុល្លារក្នុងការផ្គត់ផ្គង់នាវាចម្បាំងចំនួន៣គ្រឿងជូនដល់កងទ័ពជើងទឹកអូស្ត្រាលី និងត្រៀមសហការផលិតនាវាចម្បាំងចំនួន៨គ្រឿងទៀតនៅក្នុងប្រទេសអូស្ត្រាលី។ បន្ថែមពីនេះជប៉ុន ក៏កំពុងសហការជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការខ្វែងគំនិតគ្នាបានផ្ទុះឡើងដោយលោក ត្រាំ ថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងធ្លាក់ចុះ តែរដ្ឋមន្ត្រីថាមពលថា នឹងមិនអាចធ្លាក់ចុះ

ការខ្វែងគំនិតគ្នាជុំវិញការព្យាករតម្លៃថាមពលនៅអាម៉េរិក បានកើតមានឡើងរវាងប្រធានាធិ បតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំជាមួយរដ្ឋមន្ត្រីថាមពល…

តើលោក ចន ធឺនើស នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជានរណា?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple កាលពីថ្ងៃទី២០ ខែមេសាបានប្រកាសតែងតាំងលោក ចន ធឺនើស (John Ternus) ប្រធានផ្នែកហាតវែរ (Hard W…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ