កាលពីថ្ងៃទី២១ ខែតុលា ប៉ូលិសវៀតណាមបានបើកប្រតិបត្តិការបង្ក្រាបបណ្តាញរត់ពន្ធសាច់មួយក្រុមនៅក្នុងខេត្តដុងណៃ ជាប់សង្ស័យថា បានចែកចាយសាច់ជ្រូកតម្លៃថោកប្រមាណ៤០០តោន ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅឱ្យអ្នកទិញក្នុងស្រុក។ ទោះបីជាជំងឺនេះមិនឆ្លងដល់មនុស្សក៏ដោយ ក៏វាអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យចិញ្ចឹមជ្រូក។
ដោយឡែកនៅប្រទេសថៃ អាជ្ញាធរបានរឹបអូសសាច់ទ្រូងមាន់បង្កកចំនួន២៦តោនពីរថយន្តដឹកទំនិញពីរគ្រឿងនៅជិតទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែតុលា។ សាច់មាន់ទាំងនេះត្រូវបានដឹកជញ្ជូនដោយប្រើលិខិតអនុញ្ញាតក្លែងក្លាយ ហើយមានគោលដៅទៅកាន់ខេត្តសុងក្លា ដែលស្ថិតនៅជិតព្រំដែនម៉ាឡេស៊ី។
មិនតែប៉ុណ្ណោះកាលពីថ្ងៃទី២៥ ខែតុលា មន្ត្រីគយថៃ ក៏បានរឹបអូសសាច់នាំចូលពីប្រទេសបារាំងចំនួន ២តោន រួមមានសាច់ជ្រូកព្រៃ សាច់ក្រួច សាច់ព្រាប សាច់គោប្រឡាក់អំបិល និងសាច់ក្រកសាឡាមី (Salami) ដែលត្រូវបានប្រកាសកុហកថា ជាគ្រឿងសមុទ្រ។ មន្ត្រីថៃបានព្រមានថា ការនាំចូលសាច់ខុសច្បាប់អាចនាំឱ្យជំងឺសត្វឆ្លងរាលដាល បង្កការគំរាមកំហែងដល់វិស័យបសុសត្វ និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
អ្នកជំនាញសុវត្ថិភាពចំណីអាហារក៏បានលើកឡើងដែរថា សាច់ដែលរត់ពន្ធភាគច្រើនមិនបានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ដូចជាការធ្វើតេស្តរកជំងឺឆ្លង សារធាតុគីមី និងការរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវនោះឡើយ។ សារព័ត៌មាន South China Morning Post បានផ្សាយថា បញ្ហានេះមិនមែនកើតមានតែនៅថៃ និងវៀតណាមនោះទេ ព្រោះកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏តែងតែមានការរឹបអូសសាច់រត់ពន្ធ និងសាច់ខូចគុណភាពជាបន្តបន្ទាប់ផងដែរ។
អ្នកជំនាញព្រមានថា ប្រព័ន្ធតាមដានប្រភពដើម និងខ្សែច្រវាក់ផ្គត់ផ្គង់ចំណីអាហារដែលនៅមានចន្លោះប្រហោងកំពុងធ្វើឱ្យពិបាកធានាថា សាច់ដែលដាក់លក់នៅលើទីផ្សារ និងដាក់លើតុអាហាររបស់ប្រជាជនមានប្រភពច្បាស់លាស់ និងមានសុវត្ថិភាពពិតប្រាកដ៕