យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ ក្រោយការបិទបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បក្សបានចេញសេចក្តីថ្លែងការណ៍ផ្លូវការបញ្ជាក់ពីការដកតំណែង និងបណ្ដេញចេញពីបក្សនូវអតីតមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាចំនួន៣៣រូប។ ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញទាំងនោះ ក៏មានលោក ម៉ា ស៊ីងរួយ (Ma Xingrui) អតីតសមាជិកការិយាល័យនយោបាយ, លោក ចាង យូសៀ (Zhang Youxia) និង លោក លីវ ចិនលី (Liu Zhenli) អតីតមេដឹកនាំយោធាជាន់ខ្ពស់, លោក លីវ ជៀនឆាវ (Liu Jianchao) អតីតអ្នកការទូតជាន់ខ្ពស់, លោក ជីន ជួងឡុង (Jin Zhuanglong) អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម, លោក យី ហ៊ុយម៉ាន (Yi Huiman) អតីតប្រធានស្ថាប័នគ្រប់គ្រងទីផ្សារមូលបត្រ និងលោក លី យុនសឺ (Li Yunze) អតីតប្រធានស្ថាប័នគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ក៏ត្រូវបាត់បង់តំណែងក្នុងបក្សផងដែរ។
នៅក្នុងកិច្ចប្រជុំដែលដឹកនាំផ្ទាល់ដោយលោកប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានសង្កត់ធ្ងន់លើការកែតម្រូវចំណុចខ្វះខាត និងការគ្រប់គ្រងធូររលុងតាមរយៈយុទ្ធនាការរុះរើ និងអនុវត្តវិន័យដ៏ម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះ កិច្ចប្រជុំបានសម្រេចលើកបន្តុបសមាជិកបម្រុងចំនួន១០រូបឱ្យឡើងជាសមាជិកពេញសិទ្ធិ នៃគណៈកម្មាធិការមជ្ឈិម។ ក្នុងនោះលោក ចាង សឹងមីន (Zhang Shengmin) ដែលជាតួអង្គស្នូលក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយក្នុងជួរយោធា ត្រូវបានដំឡើងតំណែងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតែម្តង៕