កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៊ីនធឺណិតអចល័ត និងដំណោះស្រាយទូរគមនាគមន៍ផ្សេងទៀត ដែលបង្កើតចំណូលបានប្រមាណ ៥០០,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ អង្គភាពជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ និងកោះនរា ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ Metfone ផងដែរ។
ក្រោមខ្លឹមសារនៃ MOU ភាគីទាំងពីរនឹងសិក្សាអំពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ Metfone ដើម្បីគាំទ្រដល់ការភ្ជាប់ទំនាក់ទំនងនៅតាមសាខានានារបស់ធនាគារ កាណាឌីយ៉ា ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) និង Cloud ដើម្បីសម្រួលដល់ការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។ នៅក្នុងវិស័យដំណោះស្រាយឌីជីថល ភាគីទាំងពីរនឹងសិក្សាអំពីឱកាសក្នុងការធ្វើសមាហរណកម្មកម្មវិធីតូចៗ (mini-apps) នៅលើវេទិការបស់ភាគីនីមួយៗ ការភ្ជាប់សេវាកម្មដែលបានជ្រើសរើស និងការដាក់ពង្រាយដំណោះស្រាយ Omni-channel SMS ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាមួយអតិថិជន។
នៅក្នុងវិស័យសន្តិសុខសាយប័រ វិស័យសហប្រតិបត្តិការដែលបានស្នើឡើងរួមមាន ការធ្វើតេស្តបញ្រ្ជាប(penetration testing) សេវាកម្មមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) ការការពារការវាយប្រហារ DDoS និងការវាយតម្លៃសន្តិសុខ។ ភាគីទាំងពីរនឹងសិក្សាផងដែរអំពីដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យសម្រាប់បរិក្ខាររបស់ធនាគារ កាណាឌីយ៉ា និងលទ្ធភាពនៃការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតង ដោយមាន Metfone ធ្វើជាដៃគូផ្នែកបច្ចេកទេស។ បន្ថែមពីនេះ Metfone Express នឹងត្រូវពិចារណាលើការគាំទ្រតម្រូវការឡូជីស្ទីកមួយចំនួនរបស់ធនាគារ កាណាឌីយ៉ា រួមទាំងការដឹកជញ្ជូនប័ណ្ណ ឯកសារ និងសម្ភារផ្សេងៗជូនអតិថិជននៅទូទាំងប្រទេស។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា អគ្គនាយកនៃក្រុមហ៊ុន Metfone បានមានប្រសាសន៍ថា៖ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដៃគូទូរគមនាគមន៍ដ៏យូរអង្វែង ក្រុមហ៊ុន Metfone និង ធនាគារ កាណាឌីយ៉ា នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សន្តិសុខសាយប័រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តំណាងក្រុមហ៊ុនបានចែករំលែកថា៖
«នៅពេលអតិថិជនទុកចិត្ត និងប្រគល់បញ្ហាប្រឈមមកឱ្យយើង យើងត្រូវតែស្វែងរកដំណោះស្រាយដែលប្រសើរជាងមុនជារៀងរាល់ថ្ងៃ» ដោយបន្ថែមថា ភាគីទាំងពីរនឹងបន្តសិក្សា និងអភិវឌ្ឍដំណោះស្រាយឱ្យស្របទៅតាមតម្រូវការជាក់ស្តែង។
កិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលការផ្លាស់ប្តូរឌីជីថលកាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជិតពីរទសវត្សរ៍ ការពង្រីកកិច្ចសហប្រតិបត្តិការរវាង Metfone និង ធនាគារ កាណាឌីយ៉ា ត្រូវបានរំពឹងថានឹងពង្រឹងការយកបច្ចេកវិទ្យាមកប្រកបប្រើប្រាស់ លើកកម្ពស់គុណភាពសេវាកម្ម និងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់អតិថិជន និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា៕