វិស័យពាណិជ្ជកម្ម

អាម៉េរិក ព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់


បន្ទាប់ពីការប្រើប្រាស់កម្លាំងយោធា និងសព្វាវុធទំនើបៗវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ មិនអាចបំបាក់ស្មារតីតស៊ូ ឬបង្ខំឱ្យទីក្រុងតេអេរ៉ង់ លុតជង្គង់ចុះចាញ់ ពេលនេះរដ្ឋបាលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្តូរយុទ្ធសាស្ត្រមកដាក់ចេញនូវកញ្ចប់ទណ្ឌកម្មសកល ក្នុងគោលបំណងកម្ទេចប្រភពចំណូល និងបំបាក់ខឿនសេដ្ឋកិច្ច ដែលជាគ្រឹះទ្រទ្រង់ភាពធន់ នៃសង្គ្រាមរបស់អ៊ីរ៉ង់។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក បានលាតត្រដាងផែនការទណ្ឌកម្មសកល ដែលមានឈ្មោះថា Economic D-Day ដើម្បីផ្ដាច់ឫសគល់សេដ្ឋកិច្ចអ៊ីរ៉ង់ ដោយគំរាមកំហែងដាក់ទណ្ឌកម្មលើគ្រប់ប្រទេសទាំងអស់ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋអ៊ិស្លាមមួយនេះ ដោយមិនលើកលែងសូម្បីតែចិន។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងផ្ញើសារព្រមានទៅកាន់មេដឹកនាំពិភពលោកឱ្យបញ្ឈប់រាល់អន្តរកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ជាបន្ទាន់។ ទោះបីជាការលម្អិតពីកញ្ចប់ទណ្ឌកម្មនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែអាម៉េរិកនឹងកំណត់ឱសានវាទជាក់លាក់មួយឱ្យប្រទេសនានាបញ្ចប់រាល់សកម្មភាពពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។
អាម៉េរិក បានព្រមានថា ក្រុមហ៊ុន ឬស្ថាប័នណា មិនថា ស្ថិតនៅក្នុងប្រទេសណានោះទេ ប្រសិនបើរកឃើញថា មានការជាប់ពាក់ព័ន្ធ ឬជួយសម្រួលដល់សកម្មភាពលាងលុយកខ្វក់ឱ្យអ៊ីរ៉ង់ នឹងត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធទូទាត់ប្រាក់ដុល្លារអាម៉េរិកភ្លាមៗ។
បន្ថែមលើនេះ អាម៉េរិក ក៏កំពុងពង្រីកវិសាលភាពទណ្ឌកម្មឱ្យគ្របដណ្តប់លើទ្រព្យសកម្មឌីជីថល បច្ចេកវិទ្យា មាស អាកាសចរណ៍ និងប្រព័ន្ធដឹកជញ្ជូនរបស់អ៊ីរ៉ង់ ផងដែរ។ លោក បេសសេន បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃយុទ្ធសាស្ត្រ Economic D-Day នេះ គឺការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចទាំងស្រុង ដែលកំពុងទ្រទ្រង់របបដឹកនាំនៅទីក្រុងតេអេរ៉ង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ យោធាថៃ គ្រោងសាងសង់របងព្រំដែនប្រវែងជាង៨ គីឡូម៉ែត្របន្ថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ

ទោះបីជាជម្លោះព្រំដែនមិនទាន់បានដោះស្រាយ និងខុសពីគោលការណ៍ច្បាប់អន្តរជាតិ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកថៃ បានប្រកាសក្ដែងៗពីការបញ្ចប់ការសាងសង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ