បាតុកម្មនៅបារាំង

លោក ម៉ាក្រុង ចោទលោក ត្រាំ និងមេដឹកនាំបរទេសផ្សេងទៀតថា បានអត្ថាធិប្បាយយ៉ាងល្ងង់ខ្លៅជុំវិញបាតុកម្មនៅបារាំង


ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចេញមុខវាយបកយ៉ាងចាស់ដៃ ដោយចោទប្រកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំបរទេសមួយចំនួនទៀតថា បានធ្វើអត្ថាធិប្បាយប្រកបដោយភាពល្ងង់ខ្លៅ និងឆោតល្ងង់ ដើម្បីតែប្រមូលប្រជាប្រិយភាពនយោបាយ ជុំវិញហេតុការណ៍ចលាចលតាមដងផ្លូវក្នុងប្រទេសបារាំង ខណៈដែលអាជ្ញាធរបារាំងកំពុងត្រៀមលក្ខណៈទប់ទល់នឹងរលកបាតុកម្មសាជាថ្មីនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២២ ខែតុលា។
បាតុកម្មនៅបារាំង
ដោយ

ថ្លែងក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកាតា ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បានលើកឡើងដោយមិនបញ្ចេញឈ្មោះចំៗថា ការយករូបភាពក្លែងក្លាយ និងព័ត៌មានមិនពិតមកបំពុលសង្គមក្រោយផ្ទុះកុបកម្មហិង្សាកាលពីចុងសប្ដាហ៍មុន បានបណ្តាលឱ្យមានការអត្ថាធិប្បាយបែបប្រមាថ និងពោរពេញដោយភាពល្ងង់ខ្លៅពីសំណាក់បុគ្គលជាច្រើន រួមទាំងមេដឹកនាំពិភពលោកផងដែរ។ ការចេញមកប្រតិកម្មតបបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិបានចោទប្រកាន់ថា អំពើហិង្សានៅប្រទេសបារាំងត្រូវបានបង្កឡើងដោយក្រុមជនអន្តោប្រវេសន៍ ពួកជីហាដនិយម និងពួកកុម្មុយនីស្ត។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដូហា ប្រទេសកាតាថា មេដឹកនាំមួយចំនួនដែលកំពុងស្ថិតក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មិនថានៅក្នុងតំបន់មជ្ឈិមបូព៌ា ឬនៅត្រើយម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិកនោះទេកំពុងលើកឡើងនូវរឿងរ៉ាវយ៉ាងឆោតល្ងង់ និងព្យាយាមបំភាន់សាធារណជន។ លោកបន្ថែមថា ក្រុមមេដឹកនាំទាំងនោះកំពុងយកស្ថានការណ៍ដ៏ប្រឈមរបស់បារាំងទៅបម្រើជាឈ្នាន់នយោបាយផ្ទាល់ខ្លួន ដែលជាទង្វើមិនអាចទទួលយកបានឡើយ។

ប្រធានាធិបតីបារាំងរូបនេះ ក៏បានទម្លាយផងដែរថា មានការបង្កើតរូបភាពក្លែងក្លាយដោយបច្ចេកវិទ្យា AI យ៉ាងចំហ ដើម្បីបង្ហាញពីហេតុការណ៍មិនពិតក្នុងបំណងបង្កើតរូបភាពថា ប្រទេសបារាំងកំពុងត្រូវរងការឈ្លានពានដោយក្រុមជនអន្តោប្រវេសន៍ និងពួកអ៊ិស្លាមជ្រុលនិយម ដែលជារឿងប្រឌិតទាំងស្រុង។

ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលកំពុងប្រឈមនឹងការបោះឆ្នោតនៅចុងសប្តាហ៍ក្រោយ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគអន្តរជាតិបានច្រានចោលទាំងស្រុងនូវការអះអាងដែលថា ជនអន្តោប្រវេសន៍ជាដើមហេតុចម្បង នៃបាតុកម្មនេះ។

ទោះជាយ៉ាងណាវិបត្តិចលាចលផ្ទៃក្នុងនេះបានបង្ខំឱ្យប្រទេសមួយចំនួនចេញការព្រមានហាមឃាត់ពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសបារាំង និងបានធ្វើឱ្យវិស័យហិរញ្ញវត្ថុរងការរញ្ជួយយ៉ាងខ្លាំង។ កាលពីថ្ងៃទី២១ ខែតុលា អត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលបារាំងអាយុកាល១០ឆ្នាំបានស្ទុះឡើងលើសពី៥% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០២ មក៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អាជ្ញាធរកម្ពុជារកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធសំណុំរឿង ព្រីនស៍គ្រុប ១៩៨ក្រុមហ៊ុន និងបានបង្កកទ្រព្យសម្បត្តិជិត១ពាន់លានដុល្លារ

ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ