បាតុកម្មនៅបារាំង

បាតុកម្មនៅបារាំងជាសារព្រមានឱ្យអឺរ៉ុបគិតគូរឡើងវិញជុំវិញបញ្ហាប្រឈមរបស់យុវជនជំនាន់ Gen Z


គ្រោះថ្នាក់ និងកម្លាំងបដិវត្តន៍ដ៏រន្ធត់របស់យុវវ័យជំនាន់ Gen Z មិនមែនកើតមានឡើងត្រឹមតែក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ដូចជាករណីនៅបង់ក្លាដែសក្នុងឆ្នាំ២០២៤ និងនៅនេប៉ាល់ក្នុងឆ្នាំ២០២៥ នោះឡើយ។ ជាក់ស្តែងសក្ខីកម្ម ដែលបានកើតឡើងនៅប្រទេសបារាំង បានទម្លាយការពិតដ៏គួរឱ្យព្រួយបារម្ភមួយថា សូម្បីតែនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចធំ ពលរដ្ឋមានការអប់រំខ្ពស់ មានប្រព័ន្ធច្បាប់ និងតម្លាភាពសង្គមរឹងមាំ ក៏មិនអាចគេចផុតពីកម្ដៅកំហឹងដ៏សន្ធោសន្ធៅរបស់ក្រុមមនុស្ស Gen Z នេះដែរ។
បាតុកម្មនៅបារាំង
ដោយ

សារព័ត៌មានអន្តរជាតិធំៗបានកត់សម្គាល់ស្រដៀងគ្នាថា កំហឹង និងការទាមទាររបស់ យុវជន Gen Z មានភាពក្តៅគគុក ខណៈកុប្បកម្មបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរស្ទើរស្មានមិនដល់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន EuroNews ភ្លើងកុប្បកម្ម ដែលបានផ្ទុះឡើងនៅប្រទេសបារាំង ដឹកនាំដោយក្រុមយុវវ័យជំនាន់ Gen Z ដែលមានអាយុចន្លោះពី១៨ដល់២៤ឆ្នាំ គឺកើតចេញពីការប្រមូលផ្តុំ នៃវិបត្តិរ៉ាំរ៉ៃជាច្រើនរួមមានការធ្លាក់ចុះគុណភាពអប់រំ ថ្លៃដើមជីវភាពរស់នៅហក់ឡើងខ្ពស់ ខណៈដែលប្រាក់ចំណូលមិនសមាមាត្រនឹងការចំណាយ ដែលសបញ្ជាក់ឱ្យឃើញថា សហភាពអឺរ៉ុបទាំងមូលកំពុងប្រឈមមុខនឹងរលកបដិវត្តន៍ Gen Z យ៉ាងពិតប្រាកដ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក អាលបឺតូ អាលីម៉ាណូ (Alberto Alemanno) អ្នកជំនាញផ្នែកច្បាប់នៃសហភាពអឺរ៉ុបបានអះអាងថា អឺរ៉ុបលែងមានពេលទំនេរសម្រាប់ព្រងើយកន្តើយទៀតឡើយ គឺត្រូវតែយកចិត្តទុកដាក់ និងផ្ដោតការគិតគូរជាបន្ទាន់លើក្រុមយុវវ័យ Gen Z។ លោកបានគូសបញ្ជាក់ថា បញ្ហាដែលកំពុងហ៊ុំព័ទ្ធយុវជនទាំងនេះ គឺមានភាពស្មុគស្មាញ និងស៊ីជម្រៅបំផុត ដែលទាមទារឱ្យមានការវាយតម្លៃ និងស្វែងរកដំណោះស្រាយដោយភាពហ្មត់ចត់។
ជាមួយគ្នានេះលោកស្រី អាន ប្រ៊ូណ័រ (Anne Brunner) នាយកផ្នែកសិក្សានៅស្ថាប័នសិក្សាស្រាវជ្រាវមួយបានវិភាគថា នៅក្នុងប្រទេសបារាំង ក្រុមប្រជាពលរដ្ឋវ័យក្មេងដែលមានអាយុពី១៨ដល់២៤ឆ្នាំគឺស្ថិតក្នុងស្ថានភាពសង្គមដ៏ចម្រុះ និងផុយស្រួយ។ លោកស្រី បានបន្តថា យុវជនទាំងនោះខ្លះជានិស្សិត ខ្លះជាកម្មករនិយោជិត ហើយមួយចំនួនធំទៀត គឺគ្មានគុណវុឌ្ឍិការងារច្បាស់លាស់ ឬគ្មានជំនាញទាល់តែសោះ ដែលធ្វើឱ្យពួកគេក្លាយជាជនងាយរងគ្រោះដំបូងគេធ្លាក់ក្នុងអន្ទាក់នៃភាពក្រីក្រ និងអត់ការងារធ្វើ។
ទន្ទឹមនឹងគ្នានេះទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា បញ្ហារបស់ក្រុមយុវជន Gen Z មិនមែនជាបញ្ហារបស់ប្រទេសបារាំងតែមួយនោះទេ ប៉ុន្តែវាជាវិបត្តិប្រព័ន្ធរចនាសម្ព័ន្ធរួមរបស់ទ្វីបអឺរ៉ុបទាំងមូល។ កត្តាចម្បងដែលដុតរោលកំហឹងរបស់ក្រុម Gen Z ឱ្យផ្ទុះឡើងជាអណ្តាតភ្លើង គឺគម្លាតដ៏ធំរវាងការរំពឹងទុករបស់យុវជន និងសមត្ថភាពជាក់ស្តែងរបស់សង្គមក្នុងការឆ្លើយតបទៅនឹងតម្រូវការអនាគតរបស់ពួកគេ។ កុប្បកម្ម និងអំពើហិង្សានៅបារាំង គឺគ្រាន់តែជាកណ្តឹងអាសន្ន នៃការបរាជ័យក្នុងការដោះស្រាយបញ្ហាមួយ ហើយប្រសិនបើបណ្តារដ្ឋាភិបាលក្នុងតំបន់អឺរ៉ុបនៅតែគ្មានសមត្ថភាពឆ្លើយតបនឹងសំណូមពរ និងក្តីស្រមៃរបស់ពួកគេទេ នោះវិបត្តិដដែលនេះនឹងបន្តផ្ទុះឡើងជាបន្តបន្ទាប់ ព្រមទាំងរុញច្រាននយោបាយអឺរ៉ុបឱ្យកាន់តែបែកបាក់ និងបង្កើនភាពតានតឹងសង្គមឱ្យឈានដល់កម្រិតកំពូល។
ការសិក្សាស្រាវជ្រាវពីបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀត ក៏បានគូសបញ្ជាក់ផងដែរថា យុវជន Gen Z នៅអឺរ៉ុបបច្ចុប្បន្នកំពុងវាស់វែង និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់រវាងជីវភាពរស់នៅរបស់ពួកគេ និងជំនាន់ឪពុកម្តាយរបស់ពួកគេ ដោយរកឃើញថា ពួកគេកំពុងរស់នៅក្នុងសង្គមដែលមានភាពទាល់ច្រកជាងមុន។ បញ្ហាប្រឈមលើថ្លៃផ្ទះសំបែង ឱកាសការងារខ្សត់ខ្សោយ និងគុណភាពសេវាសាធារណៈដែលធ្លាក់ចុះ បានក្លាយជាបញ្ហាចម្បងបង្កើតការមិនសប្បាយចិត្តយ៉ាងខ្លាំងក្នុងចំណោមយុវជននៅទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ សហភាពអឺរ៉ុបទាំងមូលមានប្រជាពលរដ្ឋសរុបប្រមាណ៤៥០លាននាក់ ក្នុងនោះកម្លាំងយុវជន Gen Z មានចំនួនប្រហែលជាង៧០លាននាក់ ស្មើនឹងប្រមាណ១៦% នៃចំនួនប្រជាពលរដ្ឋសរុប។ ទោះបីជាតួលេខនេះមើលទៅហាក់ដូចជាមានចំនួនតិចតួចក៏ដោយ ប៉ុន្តែកម្លាំង និងកំហឹងដ៏ខ្លាំងក្លារបស់ពួកគេ គឺមានឥទ្ធិពល និងថាមពលបំផ្លិចបំផ្លាញយ៉ាងមហិមា ដូចដែលពួកគេបានបង្ហាញឫទ្ធានុភាព និងការតវ៉ាដ៏ខ្លាំងក្លារួចមកហើយនៅប្រទេសបារាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យទប់ស្កាត់ ឬបិទការនាំចូលសាច់មាន់ពីក្រៅប្រទេស ដើម្បីសង្គ្រោះអ្នកចិញ្ចឹមមាន់សាច់ ដែលកំពុងប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ

អ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យកសិកម្មបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យគ្រប់គ្រង និងទប់ស្កាត់ការនាំចូលសាច់មាន់ខុសច្បាប់ពីប្រទេសជិតខាងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ