ការឆបោកតាមអនឡាញ

សម្ដេចតេជោ ហ៊ុន សែន ៖ ​ទោះមន្រ្តីជាកូនរបស់មេដឹកនាំតស៊ូ​ ក៏មិនអាចលើកលែងបានដែរប្រសិនបើពួកគេពាក់ព័ន្ធ​អំពើឆបោកតាមអនឡាញ​


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា មន្ត្រីដែលជាកូនចៅរបស់មេដឹកនាំតស៊ូ ឬមន្ត្រីដែលមានប្រវត្តិរូបល្អបែបណាក៏ដោយ ក៏មិនអាចទទួលបានការលើកលែងទោសទណ្ឌនោះឡើយ ប្រសិនបើរកឃើញថា មន្ត្រីទាំងនោះមានការពាក់ព័ន្ធ ឬអសកម្មមិនព្រមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
ការឆបោកតាមអនឡាញ
ដោយ

ការថ្លែងព្រមានធ្ងន់ៗរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីមានចំណាត់ការដកតំណែងជាបន្តបន្ទាប់នូវអភិបាលខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងខ្លាំងពីសំណាក់សាធារណជន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាន និងកំពុងរងគ្រោះដោយសារតែអំពើឆបោកតាមប្រព័ន្ធអនឡាញ ហើយប្រសិនបើកម្ពុជា មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលាទេ នោះវាអាចនឹងជះឥទ្ធិពលអាក្រក់ និងបង្កជាហានិភ័យកាន់តែធ្ងន់ធ្ងរសម្រាប់ជាតិ ទៅថ្ងៃអនាគត។

ជាមួយគ្នានេះ សម្តេចតេជោ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដកតំណែងមន្ត្រី ដែលពាក់ព័ន្ធ និងបានផ្តល់អនុសាសន៍ថា ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញត្រូវតែដើរទន្ទឹមគ្នានឹងការសម្អាតមន្ត្រីខិលខូច តាមរយៈការដកតំណែង និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។ បើតាមសម្តេចតេជោ ទោះបីជាមន្ត្រី ដែលចូលរួមពាក់ព័ន្ធ ឬនៅពីក្រោយខ្នង នៃអំពើឆបោកតាមអនឡាញនោះជាកូនចៅរបស់មេដឹកនាំធ្លាប់មានគុណបំណាច់តស៊ូក៏ដោយ ក៏ត្រូវតែទទួលទោសដូចៗគ្នា ដោយគ្មានការយោគយល់ឡើយ។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានស្ថានការណ៍សង្គម កត់សម្គាល់ឃើញថា ចំណាត់ការដកតំណែងអភិបាលខេត្ត, ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី គឺជាសញ្ញាវិជ្ជមានមួយ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះយល់ឃើញថា ជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធភាព និងពង្រឹងកណ្តាប់ដៃដែក ដើម្បីលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានផ្តល់ទស្សនៈថា ប្រសិនបើមានភស្តុតាងច្បាស់លាស់ថា មន្ត្រីទាំងនោះពិតជាមានការពាក់ព័ន្ធនឹងបទល្មើសមែន រដ្ឋាភិបាលគួរតែបន្តនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។ លោកបានសង្កត់ធ្ងន់ថា បើពុំដូច្នោះទេ រដ្ឋាភិបាលនៅតែមិនអាចជម្រុះការរិះគន់ពីមជ្ឈដ្ឋានជុំវិញរឿងការអនុវត្តច្បាប់មានស្តង់ដារពីរនោះឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងជាបន្តបន្ទាប់នូវថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តមណ្ឌលគិរី។ យ៉ាងណាមិញ បើយោងតាមព្រះរាជក្រឹត្យចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីលោក ថង សាវុន ដែលទើបតែត្រូវបញ្ចប់មុខតំណែងពីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ត្រូវបានតែងតាំងមុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ផ្តល់យោបល់ឱ្យដកតំណែង ចាត់វិធានការច្បាប់ និងបង្កកទ្រព្យសម្បត្តិមន្ត្រីពាក់ព័ន្ធ Scam Online

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា ត្រូវតែដ…

អ្នកជំនាញជឿថា ការនាំចេញផលិតផលកាត់ដេរកម្ពុជានឹងនៅតែរក្សាបានកំណើនខ្ពស់ ទោះប្រឈមនឹងភាពមិនច្បាស់លាស់វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ពិសេសរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ