ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានបង្ហាញក្តីរំពឹងថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅពេញមួយឆ្នាំ២០២៦ នឹងនៅតែអាចរក្សាបានវឌ្ឍនភាពល្អ ទោះបីជាត្រូវប្រឈមមុខនឹងផលប៉ះពាល់មួយចំនួនពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងតម្លៃវត្ថុធាតុដើមហក់ឡើងថ្លៃក៏ដោយ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ស្ថានភាពនៃការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅរយៈពេល៤ខែកន្លងមកនេះ នៅតែរក្សាបានសន្ទុះកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាត្រូវជួបប្រទះនូវបញ្ហាប្រឈមសកលមួយចំនួនក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបន្តអូសបន្លាយ ពិតជាបានគំរាមកំហែងយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ប៉ុន្តែទោះជាយ៉ាងណា វាមិនបានជះឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរកម្ពុជា នោះទេ ដោយសារផលប៉ះពាល់ជាច្រើនត្រូវបានរាជរដ្ឋាភិបាលជួយសម្រាល និងទទួលរ៉ាប់រងជំនួស ដូចជាការរក្សាស្ថិរភាពថ្លៃអគ្គិសនីមិនឱ្យកើនឡើងជាដើម។
លើសពីនេះ កម្ពុជា ក៏ទទួលបានការវិនិយោគក្នុងការបង្កើតរោងចក្រថ្មីៗនៅក្នុងវិស័យនេះជាច្រើនបន្ថែមទៀត ដែលជួយជំរុញឱ្យដំណើរការជារួមនៅតែមានស្ថិរភាព ខណៈការបញ្ជាទិញថ្មីៗពីបរទេសនៅតែបន្តហូរចូល។ ហេតុនេះ ទើបលោកជឿជាក់យ៉ាងមុតមាំថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅពេញមួយឆ្នាំ ២០២៦ នេះ នឹងបន្តរក្សាបានទម្រង់កំណើនខ្ពស់ដដែល។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ កម្ពុជា ទទួលបានចំណូលជាង២,១ពាន់លានដុល្លារពីការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានការកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ម្យ៉ាងវិញទៀត បើផ្អែកតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ២០២៦ នេះ អនុវិស័យកាត់ដេររបស់កម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានអត្រាកំណើនល្អក្នុងរង្វង់ ៨,៦%។ ទោះបីជាតួលេខនេះបង្ហាញពីសម្ទុះថមថយបន្តិចបើធៀបនឹងឆ្នាំ២០២៥ ដែលទទួលបានអត្រាកំណើនរហូតដល់១២,៥% ដោយសារតែមូលដ្ឋានធំធៀបនឹងឆ្នាំចាស់ គួបផ្សំនឹងភាពមិនប្រាកដប្រជាខ្ពស់នៃតម្រូវការសកលក៏ដោយ។
ទោះជាយ៉ាងនេះក្តី ក្នុងករណីដែលនិន្នាការពាណិជ្ជកម្មសកលពុំមានការវិវត្តទៅរកទិសដៅអវិជ្ជមានខ្លាំងជាងនេះ ហើយផលវិបាកនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនបង្កការរំខានធំដុំដល់តម្រូវការសកលទេ នោះអនុវិស័យកាត់ដេររបស់កម្ពុជានឹងបន្តរក្សាបានកំណើនទៅតាមការគ្រោងទុក។ កំណើននេះនឹងបន្តគាំទ្រដោយនិន្នាការល្អនៃតម្រូវការបញ្ជាទិញពីទីផ្សារសហរដ្ឋអាម៉េរិក ក៏ដូចជាការកើនឡើងនៃតម្រូវការពីបណ្តាទីផ្សារផ្សេងៗទៀត ជាពិសេសគឺទីផ្សារនៅក្នុងតំបន់អាស៊ានផ្ទាល់តែម្តង៕