ស្កេមអនឡាញ គឺជាឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់បំផុត ដែលកំពុងវិវត្តខ្លួនយ៉ាងឆាប់រហ័ស និងបន្តយាយីមនុស្សជាតិយ៉ាងរ៉ាំរ៉ៃ។ បទល្មើសនេះបានផ្លាស់ទីចេញពីប្រទេសមួយទៅប្រទេសមួយ ហើយអាចរត់ត្រឡប់មកទីតាំងចាស់វិញគ្រប់ពេលវេលា ប្រសិនបើមានចន្លោះប្រហោង។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គ្មានប្រទេសណាមួយហ៊ានប្រកាសថា គ្មានឧក្រិដ្ឋកម្មនេះកើតឡើងទាំងស្រុងនោះទេ។ ទោះបីជាប្រទេសមួយចំនួនដូចជាប្រុយណេ ទីម័រខាងកើត ឬសិង្ហបុរី មិនមានជំរុំស្កេមទ្រង់ទ្រាយធំក្តី ប៉ុន្តែសកម្មភាពលួចលាក់ និងបណ្តាញពាក់ព័ន្ធនៅតែគ្របដណ្តប់យ៉ាងសន្ធឹកសន្ធាប់។ ជាក់ស្តែងសិង្ហបុរី ដែលជាប្រទេសមានប្រព័ន្ធសន្តិសុខរឹងមាំ ច្បាប់តឹងរ៉ឹង ប្រជាជនមានការយល់ដឹងខ្ពស់ និងបច្ចេកវិទ្យាជឿនលឿន ក៏នៅតែមិនអាចគេចផុតពីការជ្រៀតជ្រែក និងការលួចប្រើប្រាស់ប្រព័ន្ធដោយក្រុមឧក្រិដ្ឋជនស្កេមបានឡើយ។
បច្ចុប្បន្នស្របពេលដែលជំរុំ Scam ធំៗនៅកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីនត្រូវបានបង្រ្កាបយ៉ាងក្តៅគគុកក៏ដោយ តែបទល្មើសនេះបានរៀបចំយុទ្ធសាស្ត្ររំកិលខ្លួនទៅបង្កើតនៅទីតាំងថ្មីនៅប្រទេសឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។ ដោយឡែកសម្រាប់ប្រទេសថៃត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលប្រតិបត្តិការ និងជាខ្សែបណ្តាញមេ នៃបណ្តាញឧក្រិដ្ឋជនស្កេមអនឡាញដ៏សំខាន់ ដែលតភ្ជាប់មកកាន់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
សម្រាប់កម្ពុជាលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទម្លាយទិន្នន័យថា សមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន៨៣២ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន៦៦៣ទីតាំង និងបានបង្ក្រាបរឹបអូសគ្រប់គ្រងជំរុំស្កេមបានចំនួន៨៦ទីតាំង ដែលកំពុងអនុវត្តតាមនីតិវិធីច្បាប់។ ជាមួយគ្នានោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៤៤៦ករណី ពាក់ព័ន្ធនឹងជនត្រូវចោទសរុប៣,៩២៧នាក់រួមមានទាំងមេខ្លោង និងគូកនមកពី២៩សញ្ជាតិ។
អាជ្ញាធរកម្ពុជា បានប្រកាសយ៉ាងដាច់អហង្ការថា បច្ចុប្បន្ននេះគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅកម្ពុជា។ ប៉ុន្តែអ្វីដែលជាក្តីបារម្ភថ្មីនោះ គឺការប្តូរយុទ្ធសាស្ត្ររបស់ឧក្រិដ្ឋជនពីការបោះជំរុំធំៗមកជាការធ្វើប្រតិបត្តិការតូចៗលួចលាក់បែបចល័តដូចជាការលួចធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។ ការផ្លាស់ប្តូរទម្រង់នេះទាមទារឱ្យមានការរៀបចំយន្តការសហប្រតិបត្តិការតំបន់ និងការចូលរួមពីប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ស្របពេលដែលកម្ពុជាកំពុងគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អ រលកស្កេមអនឡាញបានផ្ទុះឡើងយ៉ាងខ្លាំងនៅប្រទេសឡាវ។ សារព័ត៌មាន Laotian Times បានរាយការណ៍ថា អាជ្ញាធរក្រុងវៀងចន្ទន៍ ទើបតែបានបង្ក្រាបជំរុំស្កេមអនឡាញចំនួន៤ទីតាំងនៅដើមខែកញ្ញា នេះ ដោយឃាត់ខ្លួនជនសង្ស័យជាង១០០នាក់ ព្រមទាំងរឹបអូសបានកុំព្យូទ័រ ទូរស័ព្ទដៃ និងគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រភពដដែលបានបន្តថា គិតចាប់តាំងពីដើមឆ្នាំ២០២៦ មកទល់ពេលនេះអាជ្ញាធរឡាវ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញ និងការឆបោកសរុបមិនតិចជាង៦,២០០នាក់ឡើយនៅទូទាំងប្រទេស៕
ដោយៈ សរ សុជាតិ