បទល្មើសបច្ចេកវិទ្យា

អ្នកជំនាញវាយតម្លៃថា កម្ពុជា អាចត្រូវការពេលពី៤ទៅ៥ឆ្នាំ ដើម្បីស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តអន្តរជាតិឡើងវិញ បន្ទាប់ពីវិបត្តិព្យុះសង្ឃរាស្កេមអនឡាញវាយកម្ពុជា យ៉ាងធ្ងន់ធ្ងរ


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយបានវាយតម្លៃថា ទោះបីជាសមត្ថកិច្ចកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងក្តៅគគុកក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរហូតទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ យ៉ាងណាក៏ដោយ ក៏កេរ្តិ៍ឈ្មោះ និងទំនុកចិត្តមកលើកម្ពុជា នៅតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលអាចតម្រូវឱ្យចំណាយពេលពី ៤ទៅ៥ឆ្នាំ ទើបអាចស្ដារឡើងវិញបានទាំងស្រុង។
បទល្មើសបច្ចេកវិទ្យា
ដោយ

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានបន្តជំរុញឱ្យរាជរដ្ឋាភិបាលបន្តយុទ្ធនាការបង្ក្រាបបណ្តាញស្កេមអនឡាញ ដែលបានបំបែកខ្លួនជាក្រុមតូចៗ ពង្រឹងការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងអនុវត្តច្បាប់លើជនពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែង ដើម្បីស្ដារមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ឡើងវិញ។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ទោះបីជាយុទ្ធនាការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ក៏ដោយ ប៉ុន្តែផលប៉ះពាល់លើកេរ្តិ៍ឈ្មោះ និងភាពបរិសុទ្ធរបស់កម្ពុជា គឺនៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឱ្យចំណាយពេលយ៉ាងតិច៥ឆ្នាំ ដើម្បីកសាងទំនុកចិត្តឡើងវិញ។

អ្នកជំនាញរូបនេះយល់ថា រាជរដ្ឋាភិបាលត្រូវតែដាក់ចេញនូវវិធានការកាត់បន្ថយ និងលុបបំបាត់ឱ្យចំគោលដៅបន្ថែមទៀត ចំពោះក្រុមឧក្រិដ្ឋជន ដែលបានបំបែកខ្លួនជាបណ្តាញតូចៗដោយត្រូវផ្តន្ទាទោសជនពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែងរាប់ចាប់តាំងពីម្ចាស់ទីតាំង ដែលផ្តល់ទីតាំងឱ្យដំណើរការ ដើម្បីរុញច្រានកម្ពុជា ឱ្យផុតពីបញ្ជីប្រផេះ នៃការតាមដានរបស់អន្តរជាតិ។ លោកបណ្ឌិត បានបន្ថែមទៀតថា ការមានការជាប់ពាក់ព័ន្ធរបស់មន្ត្រីខិលខូចមួយចំនួនក្នុងបទល្មើសស្កេមនេះបានក្លាយជាលំហាត់ដ៏ស្មុគស្មាញ និងជាបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ នៅរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា ដើម្បីស្ដារសេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីកាត់ផ្ដាច់ស្កេមអនឡាញរួច កម្ពុជាត្រូវផ្ដោតលើរោងចក្រកែច្នៃនាំចេញ ពង្រីងវិស័យកសិកម្ម ជាពិសេសវិស័យទេសចរណ៍ តាមរយៈដាក់ចេញយន្តការការពារទិន្នន័យពង្រីងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីតាមដានចំពោះឧបករណ៍ឆបោក ក៏ដូចជាមានកិច្ចសហប្រតិបត្តិការឆ្លនដែនជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិជាដើម ដែលការស្តារនេះអាចចំណាយពេលប្រមាណ៥ឆ្នាំ។

លោកបណ្ឌិតបានបន្ថែមថា ការពង្រឹងការបង្ក្រាបនៅតាមមូលដ្ឋាន ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ពលរដ្ឋដែលរាយការណ៍តម្រុយបទល្មើស ការដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតលើជនល្មើស និងការតាមដានរាល់ប្រតិបត្តិការសាច់ប្រាក់មិនប្រក្រតី គឺជាកាតាលីករដ៏សំខាន់ក្នុងការលុបបំបាត់បណ្តាញស្កេមអនឡាញតូចៗ ដែលបង្កប់ខ្លួននៅតាមមូលដ្ឋាន។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការរៀបចំស្និសីទអន្តរជាតិសម្រាប់កាច់ផ្ដាច់ស្កេមអនឡាញ គឺជាចំណុចល្អមួយដើម្បីលុបបំបាត់ការគិតបែបអវិជ្ជមានលើកម្ពុជា តែយ៉ាងណាដើម្បីអាចស្ដារកេរ្តិ៍ឈ្មោះប្រទេសឡើងវិញ កម្ពុជាត្រូវការពេលប្រមាណ៤ឆ្នាំបន្ថែមទៀត។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរកម្ពុជាត្រូវបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យបន្តទៀត តាមរយៈការបង្កើតឱ្យមានយន្តការតុលាការ និងនគរបាលឌីជីថល ក៏ដូចជាបង្កើតខែលការពារហិរញ្ញវត្ថុឌីជីថលជាដើម។ បើតាមអ្នកជំនាញរូបនេះ ការបំបែកជាក្រុមតូចៗជាមេរោគដែលត្រូវកាត់ផ្ដាច់បន្ថែមទៀត ដែលទាមទារឱ្យរដ្ឋាភិបាលបន្តស្វែងរកទីតាំងប្រព្រឹត្ត និងដាក់ទោសទណ្ឌជាដាច់ខាត។

បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់អាម៉េរិក FBI បានផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់កម្ពុជាសរុបចំនួន៥០ទីតាំង ដែលមាននៅក្នុងភូមិសាស្ត្រចំនួន៧រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល ស្វាយរៀង កំពត ត្បូងឃ្មុំ និងខេត្តព្រះសីហនុ និងបានចុះទៅបង្ក្រាបទាំង៥០ទីតាំងនោះដោយជោគជ័យ។ ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបានសម្ភាសន៍អ្នកជាប់សង្ស័យមុខសញ្ញាពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូចំនួន៦ករណីស្មើនឹង៦នាក់ តាមសំណូមពរភាគីអាម៉េរិក ជាលទ្ធផលសមត្ថកិច្ចមិនបានរកឃើញថាអ្នកទាំងនោះជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូនោះទេ។ បន្ថែមលើនេះ សមត្ថកិច្ចកម្ពុជា ក៏បានស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន៣ករណី និងបានផ្ដល់ព័ត៌មានទៅកាន់ភាគីអាម៉េរិកវិញថា IP Address នោះ ពុំអាចកំណត់អត្តសញ្ញាណបាននោះទេ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល២ថ្ងៃនៅកម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល២ថ្ងៃក្រោមមូលបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆប…

IndiGo ភ្ជាប់ជើងហោះហើរត្រង់មកសៀមរាប ឡើងវិញ ខណៈមន្ត្រី និងអ្នកជំនាញរំពឹងក្លាយជាមេដែក ជួយស្រូបទាញទេសចរ និងវិនិយោគិន

ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ការប្រកាសតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ