បទល្មើសបច្ចេកវិទ្យា

ពលរដ្ឋអាម៉េរិក ខាតបង់ជិត១៨ពាន់លានដុល្លារ ដោយសារការឆបោកតាមអនឡាញ ខណៈវិធានការទប់ស្កាត់នៅតែមានចន្លោះប្រហោង


ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam បានធ្វើឱ្យពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ជិត ១៨ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្តែការទប់ស្កាត់ឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងនេះ និងការជួយជនរងគ្រោះឱ្យទទួលបានប្រាក់ត្រឡប់មកវិញនៅតែជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលអាម៉េរិក។ របាយការណ៍ថ្មីមួយរបស់សភាអាម៉េរិក រកឃើញថា បណ្ដាទីភ្នាក់ងាររដ្ឋាភិបាលខ្វះការសម្របសម្រួលគ្នា ខណៈកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងហិរញ្ញវត្ថុនៅមានកម្រិត។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា។
ពលរដ្ឋអាម៉េរិកខាតបង់ជិត១៨ពាន់លានដុល្លារ
ដោយ

របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ដោយសមាជិកគណបក្សប្រជាធិបតេយ្យក្នុងគណៈកម្មាធិការសេដ្ឋកិច្ចរួមនៃសភាអាម៉េរិក បានបង្ហាញថា សហរដ្ឋអាម៉េរិក មិនទាន់មានប្រព័ន្ធរួមមួយសម្រាប់តាមដានប្រាក់ ដែលរឹបអូសបានពីបណ្តាញឆបោកនៅក្រៅប្រទេស និងចំនួនប្រាក់​ដែលបានប្រគល់ជូនជនរងគ្រោះវិញនោះទេ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក FBI បានឱ្យដឹងថា ខ្លួនបានប្រគល់ប្រាក់ចំនួន៣៣៦លានដុល្លារជូនជនរងគ្រោះពីការឆបោកក្នុងឆ្នាំ២០២៥។ ចំណែក​ឯគណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានរាយការណ៍ថា ខ្លួនបានប្រគល់ប្រាក់ជាង១,៨ពាន់លានដុល្លារជូនជនរងគ្រោះពីការឆបោក ប៉ុន្តែមិនអាចបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់នេះមានប៉ុន្មាន ដែលពាក់ព័ន្ធនឹងបណ្តាញឆបោកនៅក្រៅប្រទេសនោះទេ។ រីឯទីភ្នាក់​ងារ​អនុវត្តន៍ច្បាប់អាម៉េរិក បានប្រគល់ទ្រព្យសម្បត្តិដែលរឹបអូសបានមានតម្លៃជាង៧៧០លានដុល្លារជូនជនរងគ្រោះពីការឆបោកក្នុងឆ្នាំសារពើពន្ធ២០២៤ និង២០២៥។

ទោះជាយ៉ាងណា តួលេខទាំងនេះគ្របដណ្តប់លើការក្លែងបន្លំច្រើនប្រភេទដូច​នេះ​មិនអាចប្រៀបធៀបដោយផ្ទាល់ជាមួយនឹងការខាតបង់សរុបបានទេ។ ទីភ្នាក់​ងារស៊ើបការណ៍សម្ងាត់ FBI បានឱ្យដឹងថា ពលរដ្ឋអាម៉េរិក បានរាយការណ៍ពីការខាតបង់ប្រាក់ជិត១៨ពាន់លានដុល្លារ ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងឆ្នាំ២០២៥ ខណៈជនរងគ្រោះជាច្រើនមិនបានរាយការណ៍ពីករណីរបស់ខ្លួន។

ខុសពីសហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត អាម៉េរិកមិនទាន់មានច្បាប់ទូលំទូលាយដែលអាចតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ និងហិរញ្ញវត្ថុទទួលខុសត្រូវក្នុងករណីខកខានការពារអ្នកប្រើប្រាស់ពីការឆបោកឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ ក្រុមអ្នកជំនាញយល់ថា ទោះមានវឌ្ឍនភាពខ្លះក៏ដោយ ក៏​នៅតែត្រូវការវិធានការបង្ការដែល​មាន​ប្រសិទ្ធភាពជាងមុន ដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ៕




អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឱ្យពង្រីកសេវាព្យាបាល និងពង្រឹងការបង្ការជំងឺ ដើម្បីរំដោះការកកស្ទះនៅតាមមន្ទីរពេទ្យ

ក្រុមអ្នកជំនាញស្នើឱ្យពង្រឹងសមត្ថភាពព្យាបាលនៅតាមមូលដ្ឋាន ពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបង្កើនវិធានការបង្ការជំងឺឱ្យកាន់តែសកម្ម ដើម្បីធាន…

បារាំង ​អះអាងថា អឺរ៉ុប​នឹងអាច​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើរ៉ែកម្រ​ចិន​​ នៅ៣ទៅ៥ឆ្នាំខាងមុខ

តើលោកខាងលិចអាចកាត់បន្ថយការពឹងផ្អែកលើចិន ដែលគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗរបស់ពិភពលោកបានដែរទេ? បេសកជន​ផ្នែក​រ៉ែ​របស់បារាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ