ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានណែនាំដល់ក្រុមហ៊ុន ហ្សៅហ្ស៊ីង ហ្សាងអ៊ូ ស៊ីន យីនបាង បាអូជីមីខល (Shaoxing Shangyu Xin Yinbang Biochemical) ដែលមានបំណងមកវិនិយោគនៅកម្ពុជា ពីសក្ដានុពលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលកំពុងទាក់ទាញការវិនិយោគជាច្រើនពីក្រុមហ៊ុនបរទេសធំៗ មកវិនិយោគជាបន្តបន្ទាប់។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យក្រុមហ៊ុនខាងលើ ត្រូវគិតគូរលើគុណភាព បច្ចេកទេស ឱ្យស្របតាមស្តង់ដា ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពិសេសការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក។
ជាមួយគ្នានេះ លោក Du Jianhao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្ស៊ីង ហ្សាងអ៊ូ ស៊ីន យីនបាង បាអូជីមីខល បានគូសបញ្ជាក់ពីបទពិសោធ សក្តានុពល និងសមត្ថភាពផលិតកម្មក្រុមហ៊ុន ដែលបានផលិត និងនាំចេញទៅកាន់បណ្តាប្រទេសនានាលើសកលលោក។ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនមានបំណងបង្កើតរោងចក្រនៅកម្ពុជា ដោយនាំចូលតែវត្ថុធាតុដើមមកផ្សំនៅក្នុងស្រុកដោយប្រើប្រាស់ បច្ចេកវិទ្យា ដែលអាចកាត់បន្ថយថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស និងលទ្ធភាពប្រកួតប្រជែងលើទីផ្សារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ