ជាក់ស្តែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅនេះ កម្ពុជាទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តសរុបរហូតដល់ទៅជាង២លាន១៦ម៉ឺនដង/នាក់ កើនឡើង០,៨% បើធៀបនឹងឆ្នាំមុន។ តើការស្ទុះងើបឡើងនៃចរន្តទេសចរណ៍ផ្ទៃក្នុងនាឱកាសបុណ្យប្រពៃណីជាតិនេះបានឆ្លុះបញ្ចាំង និងផ្តល់ជាពន្លឺបែបណាដល់វិស័យទេសចរណ៍កម្ពុជា?
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ចលនាទេសចរណ៍ក្នុងស្រុកនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌ គឺជាសរសៃឈាមដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់អាជីវកម្ម និងតំបន់ទេសចរណ៍ជាច្រើន ដែលកំពុងស្រេកឃ្លានភ្ញៀវទេសចរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្លាំងទិញពីទេសចរក្នុងស្រុកបានចូលរួមចំណែកជួយរក្សានិរន្តរភាព និងដង្ហើមនៃវិស័យទេសចរណ៍កម្ពុជាឱ្យបន្តឈរជើងបានយ៉ាងរឹងមាំ ក្នុងខណៈពេលដែលការរំខានពីកត្តាខាងក្រៅ កំពុងបន្តរារាំងលំហូរភ្ញៀវទេសចរអន្តរជាតិ។
លោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនទេសចរណ៍ See Asia Differently កត់សម្គាល់ឃើញថា ចរន្តអ្នកទេសចរទៅលេងកម្សាន្តក្នុងខេត្តសៀមរាប នាពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះហាក់មានចំនួនច្រើនគួរសម និងបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចក្នុងខេត្ត ខណៈនៅតាមសណ្ធាគារ និងអាហារដ្ឋាននានាមានអ្នកចូលស្នាក់នៅ និងមានតម្រូវការច្រើនជាងថ្ងៃធម្មតា។ បើតាមអ្នកជំនាញរូបនេះ ទោះជាប៉ុន្មានថ្ងៃកន្លងមកនេះ សេវាកម្មទេសចរណ៍មានតម្រូវការច្រើនក៏ពិតមែន តែមិនមានការដំឡើងថ្លៃហួសកម្រិត ឬបង្កឱ្យមានប្រតិកម្មពីអ្នកទេសចរគួរឱ្យកត់សម្គាល់នោះឡើយ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃឆ្នាំនេះមានអ្នកទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តសរុបប្រមាណជាង២លាន១៦ម៉ឺនដង/នាក់កើនឡើង ០,៨% បើធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះខេត្តចំនួន៥ទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមានខេត្តសៀមរាបជាង២៥ម៉ឺនដង/នាក់, កំពតជាង២២ម៉ឺនដង/នាក់, ខេត្តព្រះសីហនុជាង១៩ម៉ឺនដង/នាក់, កំពង់ឆ្នាំងជាង១៦ម៉ឺនដង/នាក់ និងខេត្តកំពង់ចាមជាង១៦ម៉ឺនដង/នាក់៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ