អ្នកចិញ្ចឹមសត្វ

អ្នកជំនាញបន្តស្នើឱ្យអាជ្ញាធរទប់ស្កាត់ការលួចនាំចូលកូនមាន់ និងសាច់ខុសច្បាប់តាមព្រំដែន ដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុក


ទោះបីតម្លៃមាន់រស់នៅលើទីផ្សារបានហក់ឡើងវិញបន្តិចក៏ដោយ ប៉ុន្តែអ្នកជំនាញនៅតែបង្ហាញក្តីបារម្ភចំពោះការបន្តលួចនាំចូលកូនមាន់ និងផលិតផលសត្វខុសច្បាប់តាមច្រកព្រំដែនក្នុងការធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងជីវភាពរបស់កសិករចិញ្ចឹមសត្វក្នុងស្រុក ខណៈកសិករមួយចំនួនបានខាតបង់ថវិការហូតបោះបង់មុខរបរនេះ។ ក្តីបារម្ភនេះកើតឡើងស្របពេលមន្ត្រីជំនាញនៅខេត្តព្រៃវែង ទើបឃាត់រថយន្តមួយគ្រឿង ដែលលួចដឹកកូនមាន់រស់២ម៉ឺន៤ពាន់ក្បាលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។
អ្នកចិញ្ចឹមសត្វ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា កន្លងមកកសិករចិញ្ចឹមមាន់បានជួបប្រទះបញ្ហាប្រឈម និងខាតបង់ដោយសារការនាំចូលកូនមាន់ពីក្រៅប្រទេស ដែលបានជំរុញឱ្យកសិករមួយចំនួនសម្រេចចិត្តបោះបង់មុខរបរចិញ្ចឹមមាន់។ លោកបានបញ្ជាក់ថា កាលពីប៉ុន្មានខែមុន កសិករអាចលក់មាន់បានក្នុងតម្លៃត្រឹមជាង២,០០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតម្លៃបានកើនឡើងដល់ជាង៤,០០០រៀលក្នុងមួយគីឡូក្រាម ទោះបីតម្លៃនេះមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករក៏ដោយ ក៏វាជាសញ្ញាវិជ្ជមានមួយសម្រាប់ទីផ្សារមាន់ក្នុងស្រុក។ ទន្ទឹមនឹងអរគុណដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលសត្វខុសច្បាប់តាមច្រកព្រំដែន ប្រធានសមាគមរូបនេះ ស្នើដល់អាជ្ញាធរនៅតាមច្រកព្រំដែនឱ្យបង្កើនការបង្ក្រាបការនាំចូលខុសច្បាប់ ដើម្បីការពារទីផ្សារសាច់ និងកសិករចិញ្ចឹមមាន់ក្នុងស្រុក។
ដោយឡែក លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មយល់ឃើញថា ការដែលឈ្មួញអាចបន្តលួចនាំចូលកូនមាន់ កូនជ្រូក និងសាច់បង្កកដោយខុសច្បាប់ចូលមកក្នុងប្រទេសបាន គឺដោយសារភាពធ្វេសប្រហែសក្នុងការគ្រប់គ្រងតាមច្រកព្រំដែនរបស់អាជ្ញាធរពាក់ព័ន្ធ ដែលបញ្ហានេះបានបង្កផលប៉ះពាល់ដល់ជីវភាព និងផលប្រយោជន៍របស់កសិករក្នុងស្រុក។ លោកបានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការនាំចូលខុសច្បាប់តាមច្រកព្រំដែនឱ្យមានប្រសិទ្ធភាព អាជ្ញាធរ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ និងបង្កើនការត្រួតពិនិត្យលើការនាំចូលឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារផលប្រយោជន៍ និងគាំទ្រដល់កសិករផលិតក្នុងស្រុក។
គួរជម្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា មន្ត្រីជំនាញខេត្តព្រៃវែង បានឃាត់រថយន្តមួយគ្រឿងដែលលួចដឹកកូនមាន់រស់ចំនួន២ម៉ឺន៤ពាន់ក្បាលនាំចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកកំពង់ត្របែក ដើម្បីចែកចាយបន្តនៅខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយនឹងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅចត្តាឡីស័ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើភាពជាប់គាំងក្នុងជម្លោះដែនសមុទ្រកម្ពុជា-ថៃ អាចទម្លាយបានទេ ក្រោយភាគី​ទាំងពីរឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យទីតាំងជាក់ស្តែង?

កម្ពុជា និងថៃ បានឯកភាពគ្នាបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដែលមានអ្នកជំនាញពីប្រទេសទាំងពីរ និងសមាជិកគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយបញ្ហា…

រនាំងរឹតត្បិតបន្ទះឈីបរបស់អាម៉េរិក អាចទាញទម្លាក់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ី

ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានព្រមានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា សម្ទុះនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ