តែយ៉ាងណា ដើម្បីអាចជួយជំរុញកំណើនពហិការរបស់ប្រជាពលរដ្ឋ អ្នកជំនាញយល់ថា រដ្ឋាភិបាលគួរធ្វើកំណែទម្រង់លើច្បាប់ និងនីតិវិធីមួយចំនួនសម្រាប់រោងចក្រសហគ្រាស ដើម្បីអាចផលិតផលិតផលដែលមានតម្លៃប្រកួតប្រជែង មានគុណភាព និងសុវត្ថិភាព ។ លើសពីនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមច្រកព្រំដែនខ្មែរ-ថៃ ត្រូវប្រកាន់តួនាទីឲ្យម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ទំនិញថៃខុសច្បាប់មិនឱ្យហូរចូលក្នុងទីផ្សារកម្ពុជា ផងដែរ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការពហិការផលិតផលថៃ មិនត្រឹមតែដាក់សម្ពោធលើសេដ្ឋកិច្ចថៃ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើន និងពង្រីកផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនផងដែរ។ ទន្ទឹមនឹងជំរុញឱ្យពលរដ្ឋបង្កើនការធ្វើពហិការ លោកបណ្ឌិត ស្នើដល់អ្នកផលិតក្នុងស្រុកមួយចំនួនចូលរួមធ្វើយ៉ាងណាឱ្យផលិតផលក្នុងស្រុកមានគុណភាព សុវត្ថិភាព និងមានតម្លៃប្រកួតប្រជែង ចៀសវាងធ្វើឱ្យបែកបាក់ចលនាពហិការរបស់ពលរដ្ឋ។ បើតាមអ្នកជំនាញរូបនេះ អាជ្ញាធរនៅតាមព្រំដែន គឺជារនាំងជញ្ជាំងដ៏រឹងមាំក្នុងការទប់ស្កាត់ទំនិញថៃ មិនឱ្យហូរចូលមកទីផ្សារកម្ពុជា ហើយលោកបណ្ឌិត គិន ភា ក៏បានស្នើឱ្យរាជរដ្ឋាភិបាលដាក់ទោសលើមន្រ្តីនៅតាមច្រកព្រំដែនណា ដែលធ្វេសប្រហែសឱ្យទំនិញថៃហូរចូលមកកម្ពុជា ដោយខុសច្បាប់ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា សេដ្ឋកិច្ចថៃ កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដែលកត្តានេះទាមទារឱ្យពលរដ្ឋខ្មែរចាំបាច់ត្រូវបង្កើនការធ្វើពហិការទំនិញថៃ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចថៃ កុំឱ្យដករួច។ ទោះជាយ៉ាងណា ដើម្បីឱ្យចលនាពហិការរបស់ពលរដ្ឋធ្វើឡើងមានប្រសិទ្ធិភាពខ្ពស់ អ្នកជំនាញរូបនេះយល់ថា ទាមទារឱ្យកម្ពុជា ត្រូវមានទំនិញមកជំនួស ជាមួយតម្លៃសមរម្យ និងគុណភាពល្អ ក៏ដូចជាបង្កើតយុទ្ធនាការប្រើផលិតផលខ្មែរជាដើម។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា អាជ្ញាធរនៅតាមច្រកព្រំដែនចាំបាច់ត្រូវតែទប់ស្កាត់ទំនិញថៃ ខុសច្បាប់ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព។
ដោយឡែក លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អយល់ឃើញថា សេដ្ឋកិច្ចរបស់ថៃ គឺមានទីផ្សារធំទូលំទូលាយ និងមានគុណភាពល្អមួយក្នុងតំបន់ ហើយនាំចេញទៅបានច្រើនប្រទេស ខណៈកម្ពុជា មានចំណែកទីផ្សារតូចមួយសម្រាប់ថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ការពហិការរបស់ពលរដ្ឋ គឺបានដាក់សម្ពោធយ៉ាងខ្លាំងចំពោះទំនិញថៃ ដែលនាំចូលមកកម្ពុជា ដូចនេះការបន្តធ្វើពហិការជារឿងដែលសំខាន់ និងទាមទារឱ្យរដ្ឋាភិបាលដាក់ចេញវិធានការជួយសម្រួលដល់រោងចក្រសហគ្រាស និងគួរធ្វើកំណែទម្រង់នូវច្បាប់ពាក់ព័ន្ធមួយចំនួនដូចជាកាត់បន្ថយនីតិវិធីពន្ធគយ និងកាត់បន្ថយប្រាក់ពិន័យជាដើម ប៉ុន្តែការកែទម្រង់នេះអាចចាយពេលរាងយូរបន្តិច។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២៦ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំ៦៩៦លានដុល្លារ ធ្លាក់ចុះជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ១៨១លានដុល្លារ ធ្លាក់ចុះជិត៣០% ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង៥១៤លានដុល្លារធ្លាក់ចុះ៤២%។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា