គម្រោងដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ត្រូវបានលើកឡើងតាំងពីជំនួបរវាងលោក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែតុលា ឆ្នាំមុន។ ទោះបីជាគម្រោងនេះត្រូវបានពន្យារពេលជាបន្តបន្ទាប់ក៏ដោយ ក៏គម្រោងនៅពាក់កណ្តាលខែឧសភា នេះ ហាក់មានភាពច្បាស់លាស់។ ប៉ុន្តែទស្សនៈរបស់ពាណិជ្ជករចិន ហាក់មិនបានបង្ហាញភាពរំភើប ឬការរំពឹងខ្ពស់ចំពោះដំណើរទស្សនកិច្ចដ៏កម្ររបស់មេដឹកនាំអាម៉េរិក រូបនេះឡើយ។
លោកស្រី យូ យ៉ាងជៀន (Yu Yangxian) ពាណិជ្ជករផ្នែកឧបករណ៍អេឡិចត្រូនិក និងអគ្គិសនីមួយរូប បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ទីក្រុងប៉េកាំង ក្នុងខែនេះ មិនមែនជាបញ្ហាសំខាន់សម្រាប់ក្រុមហ៊ុនរបស់លោកស្រីនោះទេ ទោះបីជាផលិតផលមួយផ្នែកធំរបស់ក្រុមហ៊ុន កំពុងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក៏ដោយ។ លោកស្រីបន្តថា ទោះបីលោក ត្រាំ មកធ្វើអ្វីក៏ដោយ វាមិនសូវមានឥទ្ធិពលចំពោះយើងប៉ុន្មាននោះទេ។ បើអាម៉េរិកទិញ យើងក៏លក់ បើមិនទិញក៏មិនអីដែរ ព្រោះពេលនេះយើងបានពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប អាម៉េរិកឡាទីន អាស៊ីអាគ្នេយ៍ និងអាហ្វ្រិករួចហើយ»។
ការលើកឡើងនេះធ្វើឡើងស្របពេល ដែលចិនសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់១,២ទ្រីលានដុល្លារក្នុងឆ្នាំ២០២៥ ទោះបីជាការនាំចេញទៅកាន់ទីផ្សារអាម៉េរិកបានធ្លាក់ចុះប្រមាណ២០% ក៏ដោយ។ ស្ថិតិបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកបានកើនឡើងជិត២៦% ខណៈការនាំចេញទៅអាម៉េរិកឡាទីន កើន៧,៤% អាស៊ីអាគ្នេយ៍កើន១៣,៤% និងសហភាពអឺរ៉ុបកើន៨,៤%។
អ្នកវិភាគបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសសម្ពាធពន្ធគយ ដែលសហរដ្ឋអាម៉េរិកបានដាក់លើចិនជាបន្តបន្ទាប់ ហាក់ធ្វើឱ្យចិនបន្សាំខ្លួនទៅនឹងស្ថានភាពនេះរួចទៅហើយ។ មិនតែប៉ុណ្ណោះ ចិនក៏បានរៀបចំយុទ្ធសាស្ត្រទប់ទល់វិញផងដែរ ជាពិសេសតាមរយៈការគ្រប់គ្រងធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។
អ្នកវិភាគបានចាត់ទុករ៉ែកម្រ គឺជាសន្លឹកបៀដ៏សំខាន់បំផុតរបស់ចិន ខណៈសម្ពាធពន្ធដែលរដ្ឋបាលលោក ត្រាំ ដាក់លើវិស័យមួយចំនួនដូចជា ឱសថ និងគ្រឿងចក្រឧស្សាហកម្មរបស់ចិនមិនសូវមានប្រសិទ្ធភាពដូចមុនទៀតឡើយ។ អ្នកវិភាគបានសង្កត់ធ្ងន់ថា ទោះបីអាម៉េរិកព្យាយាមស្វែងរកដៃគូផ្គត់ផ្គង់ថ្មីពីប្រទេសដូចជាថៃ វៀតណាម ឥណ្ឌា និងឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនក៏ដោយ ក៏មូលដ្ឋានផលិតកម្មជាច្រើននៅប្រទេសទាំងនោះនៅតែពឹងផ្អែកលើវត្ថុធាតុដើម និងខ្សែច្រវាក់ផ្គត់ផ្គង់ពីចិនដដែល៕
ដោយៈ សរ សុជាតិ