លោក ស៊ីន វុទ្ធី អគ្គលេខាធិការ នៃសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនជាសមាជិករបស់សមាគម បានប្រមូលទិញដំឡូងមីក្រៀមពីកសិករបានប្រមាណ១០ម៉ឺនតោន ឬស្មើនឹងប្រមាណ៥% នៃទិន្នផលសរុប សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះបីជាតម្រូវការវត្ថុធាតុដើមដំឡូងមីក្រៀមខ្មែរពីចិន នៅតែមានកម្រិតខ្ពស់ តែអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តម្លៃដំឡូងមីខ្មែរខ្ពស់ជាងដំឡូងមីរបស់បណ្តាប្រទេសក្នុងតំបន់មួយចំនួន និងការហក់ឡើងខ្ពស់នៃតម្លៃដឹកជញ្ជូន កំពុងក្លាយជាបញ្ហាសម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញដំឡូងមីក្រៀមទៅកាន់ទីផ្សារចិន។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា មកទល់ពេលនេះការប្រមូលផលដំឡូងមីចាប់ផ្ដើមស្បើយបន្តិចហើយ ហើយកសិករចាប់ផ្ដើមរៀបចំដាំដុះឡើងវិញជាបណ្តើរៗផងដែរ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ការនាំចេញដំឡូងមីក្រៀមរបស់កម្ពុជា ទៅកាន់ទីផ្សារចិន នៅឆ្នាំនេះ មានកំណើនល្អប្រសើរ និងមានតម្លៃសមរម្យ។ យ៉ាងណាមិញ លោក អំពាវនាវដល់បណ្តាក្រុមហ៊ុននាំចេញគួរពង្រីកឃ្លាំងស្តុក ឬទីតាំងប្រមូលទិញនៅតាមមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយចំណាយដឹកជញ្ជូនផ្ទៃក្នុងសម្រាប់កសិករ។
ដោយឡែកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា តម្លៃដំឡូងមីនៅឆ្នាំនេះនឹងហក់ឡើងខ្ពស់ជាងឆ្នាំមុន។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយមានការជួយសម្របសម្រួលយ៉ាងសកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរុញច្រានការនាំចេញទៅកាន់ទីផ្សារចិន ឱ្យបាន៥០ម៉ឺនតោន និងការទទួលបានការចុះកិច្ចសន្យាប្រមូលទិញដំឡូងមីខ្មែរពីវៀតណាម រហូតដល់៩លានតោនក្នុងរយៈពេល៥ឆ្នាំ៕
អត្ថបទ៖ បូ ដូឡា