លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា វិបត្តិទំនុកចិត្តក្នុងសង្គមកំពុងក្លាយជាសញ្ញាប្រកាសអាសន្នបង្ហាញពីការបែកបាក់ ចុះខ្សោយ និងបាត់បង់សេចក្ដីថ្លៃថ្នូរ ហើយប្រសិនបើមិនមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលាទេ នោះសង្គមនឹងជួបវិបត្តិធ្ងន់ធ្ងរ ដែលពិបាកនឹងស្ដារឡើងវិញ។ សម្រាប់អ្នកជំនាញរូបនេះ រឿងដែលត្រូវដោះស្រាយមុនគេ គឺការពង្រឹងគណនេយ្យភាពសង្គម និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្មើភាពដោយគ្មានតំបន់ហាមឃាត់ គ្មានការលើកលែង និងគ្មានការសម្របសម្រួល។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគួរតែដាក់កំហិត ឬចាត់វិធានការលើមន្រ្តីពាក់ព័ន្ធនៅតាមច្រកព្រំដែន ជាជាងពង្រឹងការបង្ក្រាបតែខាងក្នុង ព្រោះមន្ត្រីនៅតាមព្រំដែនមានសិទ្ធិអំណាចសម្រេចឱ្យនាំចូល ឬមិនឱ្យនាំចូល។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម សង្កេតឃើញថា ការដែលទុរេនថៃ អាចហូរចូលទីផ្សារកម្ពុជាបានចំពេលមានបម្រាមនាំចូល គឺជាសក្ខីភាពបង្ហាញពីភាពខ្ជះខ្ជាយ និងការធ្វេសប្រហែសរបស់មន្ត្រីប្រចាំការនៅតាមច្រកព្រំដែន។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះផលប៉ះពាល់ដល់ឥទ្ធិពលនយោបាយ និងវិធានការឆ្លើយតបទៅកាន់ប្រទេសជិតខាងផងដែរ។ ដើម្បីស្តារទំនុកចិត្តរបស់រវាងពលរដ្ឋ និងមន្ត្រីឡើងវិញ លោកបណ្ឌិតយល់ថា រដ្ឋាភិបាល ត្រូវតែដាក់ទោសទណ្ឌលើបុគ្គល ដែលប្រព្រឹត្តកំហុសដោយគ្មានការលើកលែង និងត្រូវបើកចំហព័ត៌មានពីចំណាត់ការទាំងនោះដល់សាធារណជន។
តាមទស្សនៈរបស់អ្នកជំនាញ ការលុបបំបាត់វប្បធម៌និទណ្ឌភាព ឬការប្រព្រឹត្តខុសហើយមិនជាប់ទោស គឺជាវិធានការដ៏មុតស្រួចបំផុត។ រដ្ឋត្រូវមានយន្តការស៊ើបអង្កេតឯករាជ្យ ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់បុគ្គល ឬខ្សែរយៈណាមួយ ដើម្បីតាមដានការអនុវត្តច្បាប់នៅតាមព្រំដែន។ ប្រសិនបើមានតែច្បាប់ តែគ្មានឆន្ទៈអនុវត្តច្បាប់នឹងក្លាយជាក្រដាសអត់ប្រយោជន៍។ ប៉ុន្តែបើមានឆន្ទៈតែគ្មានប្រព័ន្ធត្រួតពិនិត្យអំពើពុករលួយនឹងនៅតែបន្តរីកដុះដាល ដែលធ្វើឱ្យរាស្ត្រនៅតែគ្មានជំនឿចិត្តលើមន្ត្រីរាជការ៕
អត្ថបទ៖ ជា ម៉ារ៉ា