បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នវាយតម្លៃដ៏ល្បីល្បាញ U.S. News & World Report បានបង្ហាញថា នៅក្នុងចំណោមប្រជាជាតិទាំង១០ ដែលមានប្រព័ន្ធថែទាំសុខភាពល្អដាច់គេលើពិភពលោក គឺមានវត្តមានប្រជាជាតិនៅអាស៊ីចំនួន៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ នៅក្នុងតារាងចំណាត់ថ្នាក់សកលនេះ ប្រទេសជប៉ុន បានឈរនៅចំណាត់ថ្នាក់ទី៥ កូរ៉េខាងត្បូង ឈរនៅចំណាត់ថ្នាក់ទី៧ និងបុរីរដ្ឋសិង្ហបុរី ឈរនៅចំណាត់ថ្នាក់ទី៨។
ជប៉ុន គឺជាប្រទេសមួយ ដែលត្រូវបានគេចាត់ទុកថា ជាទឹកដីដែលមានប្រជាជនរស់នៅមានអាយុវែងជាងគេបំផុតនៅលើពិភពលោក។ កត្តានេះ គឺដោយសារតែប្រព័ន្ធគាំពារសុខភាពរបស់ជប៉ុន មានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធបង្ការ វិនិច្ឆ័យ និងព្យាបាលជំងឺតាមបែបវេជ្ជសាស្ត្រដ៏ទំនើបបំផុត។ ផ្អែកតាមទិន្នន័យស្រាវជ្រាវ ស្តង់ដាសេវាសុខភាពនៅតាមមន្ទីរពេទ្យ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការនៅជប៉ុន ទទួលបានពិន្ទុឥតខ្ចោះ ពោលគឺ១០០ពិន្ទុពេញ។
ដោយឡែកប្រទេសកូរ៉េខាងត្បូង ដែលទទួលបានចំណាត់ថ្នាក់ទី៧ គឺដោយសារតែការរីកចម្រើននៃបណ្តាញមន្ទីរពេទ្យទំនើបៗទូទាំងប្រទេស ភាពងាយស្រួលក្នុងការទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យជំនាញ និងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាវេជ្ជសាស្ត្រ ក៏ដូចជាប្រព័ន្ធថែទាំសុខភាពបែបឌីជីថល។ ចំណែកឯសិង្ហបុរីវិញ នៅតែបន្តទទួលបានការកោតសរសើរជាសកលចំពោះគំរូគ្រប់គ្រងវិស័យសុខាភិបាល ដែលមានប្រសិទ្ធភាពខ្ពស់ ដោយសារប្រទេសនេះអាចធ្វើសមាហរណកម្មយ៉ាងរលូនរវាងកម្មវិធីថែទាំសុខភាពសាធារណៈរបស់រដ្ឋ ជាមួយនឹងសេវាវេជ្ជសាស្ត្រវិស័យឯកជនដែលមានគុណភាពកម្រិតខ្ពស់។
គួរបញ្ជាក់ថា បណ្តាប្រទេសដែលជាប់ឈ្មោះមានសេវាសុខាភិបាលល្អបំផុតទាំង១០ នៅលើពិភពលោក រួមមាន ប្រទេសអ៊ីស្លង់ ន័រវែស ដាណឺម៉ាក ស្វីស ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ស៊ុយអែត និងប្រទេសអ៊ីស្រាអែល៕
ដោយៈ សរ សុជាតិ