វិស័យសុខាភិបាល

អ្នកជំនាញហាក់បារម្ភពីហានិភ័យសុខភាព និងស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យគុណភាព ក្រោយការនាំចូលបន្លែ និងផ្លែឈើពីវៀតណាម កើនជាង ២៦០%


ទិន្នន័យរបស់គយវៀតណាម បានទម្លាយថា ការនាំចេញបន្លែ និងផ្លែឈើពីប្រទេសវៀតណាម ចូលមកទីផ្សារកម្ពុជា បានស្ទុះឡើងរហូតដល់ទៅជាង ២៦០% ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្រោយកម្ពុជា បានបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។ តែយ៉ាងណាការហូរចូលបន្លែ និងផ្លែឈើពីវៀតណាម យ៉ាងគំហុកនេះ កំពុងបង្កជាក្តីបារម្ភចំពោះហានិភ័យនៃសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ និងការសម្លាប់ទីផ្សារកសិករក្នុងស្រុក។
វិស័យសុខាភិបាល
ដោយ

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការរឹតបន្តឹងការត្រួតពិនិត្យគុណភាព និងរកសារធាតុគីមីហាមឃាត់នៅតាមច្រកព្រំដែនឱ្យបានហ្មត់ចត់ ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងដង្ហើមសេដ្ឋកិច្ចរបស់កសិករខ្មែរ។

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានលើកឡើងថា អាហារនាំចូលដែលគ្មានគុណភាពកំពុងបង្កហានិភ័យដល់សុខភាពសាធារណៈ និងអាចប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពផលិតស្បៀងបានប្រមាណ៧០% ខណៈមានប្រមាណ៣០%ទៀតនៅតែពឹងផ្អែកលើការនាំចូលដូចជាបន្លែ ត្រី និងសាច់ជាដើម។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារនាំចូល ដើម្បីទប់ស្កាត់ការចរាចរណ៍ផលិតផលគ្មានគុណភាពក្នុងទីផ្សារ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ និងប៉ះពាល់ដល់ផលិតករក្នុងស្រុក។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា តាមទិន្នន័យគយវៀតណាមការនាំចេញបន្លែ និងផ្លែឈើមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បានកើនឡើងជាង២៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកម្ពុជាបានក្លាយជាទីផ្សារនាំចេញដែលមានកំណើនលឿនបំផុតរបស់វៀតណាម។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការកើនឡើងយ៉ាងលឿនរហ័សបែបនេះ វានឹងបង្កើតហានិភ័យលើបញ្ហាសុខភាពសារធារណៈ ដោយសារការនាំចូលតាមផ្លូវក្រៅប្រព័ន្ធ ឬការនាំចូលតាមច្រករបៀងក្រៅផ្លូវការ អាចធ្វើឱ្យផលិតផលគេចផុតពីការត្រួតពិនិត្យគុណភាព និងរកសារធាតុគីមីហាមឃាត់។ ជាមួយគ្នានេះហានិភ័យសេដ្ឋកិច្ច នឹងធ្វើឱ្យកសិករក្នុងស្រុកប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីទំនិញនាំចូលដែលមានតម្លៃថោកជាងផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែក្នុងឆ្នាំ២០២៦ ទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជាជាមួយវៀតណាមសម្រេចបានក្នុងទំហំជាង៦,៥ពាន់លានដុល្លារកើនឡើងជាង៨% ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំជាង៣ពាន់លានដុល្លារកើនជាង៨% ចំណែកវៀតណាមនាំចូលមកវិញមានចំនួនជាង៣,៤ពាន់លានដុល្លារកើនឡើងជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការតភ្ជាប់ការហោះហើរត្រង់មួយចំនួនមកកាន់ខេត្តសៀមរាប នៅចុងឆ្នាំនេះនឹងក្លាយជាកាតាលីករជួយស្តារវិស័យទេសចរណ៍

រដូវកាលសម្បូរភ្ញៀវទេសចរ ឬ High Season បានចាប់ផ្ដើមហើយ ដោយអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងៗទៀត កំពុងត្រៀមទទួលរលកភ្ញៀវទ…

សហភាពអឺរ៉ុប​បដិសេធសំណើផ្តល់ឋានៈសមាជិកពិសេសដល់កាណាដា ប៉ុន្តែបន្តជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ

ក្តីសង្ឃឹមរបស់កាណាដា​ ក្នុងការទទួលបានឋានៈជាសមាជិកពិសេស នៅក្នុងសហភាពអឺរ៉ុប បានជួបឧបសគ្គ បន្ទាប់ពីអាល្លឺម៉ង់ បារាំង អ៊ីតាលី និងប្រទេសស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ