អ្នកចិញ្ចឹមជ្រូក

អ្នកជំនាញជំរុញឱ្យកសិករចិញ្ចឹមជ្រូកពង្រឹងអនាម័យទ្រុង ក្រោយជ្រូកឆ្លងជំងឺឈឺ និងងាប់ជាបន្តបន្ទាប់


ក្រុមអ្នកចិញ្ចឹមជ្រូកមួយចំនួនកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះឡើង នៃអាការៈជំងឺឆ្លងលើសត្វជ្រូក ដោយសត្វជ្រូករបស់ពួកគេជាច្រើនក្បាលបានបង្ហាញរោគសញ្ញាសង្ស័យដូចជាប្រកាច់ ចេញកន្ទួលក្រហមលើស្បែក មិនស៊ីចំណី និងងាប់ជាដើម។ ស្របពេលសារព្រួយបារម្ភត្រូវបានបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គូសបញ្ជាក់ថា ជំងឺលើសត្វជ្រូកតែងកើតមានជាហូរហែ ខណៈជំងឺខ្លះបានឆ្លងតាមរយៈការនាំចូលជ្រូករស់ពីប្រទេសជិតខាង។
អ្នកចិញ្ចឹមជ្រូក
ដោយ

ប៉ុន្តែលោកអះអាងថា ករណីជ្រូកកើតជំងឺនៅកម្ពុជា ស្ថិតក្នុងទ្រង់ទ្រាយតូច និងអាចគ្រប់គ្រងបាន ហើយបានណែនាំដល់កសិករត្រូវចេះធ្វើអនាម័យទ្រុងជ្រូក និងរាយការណ៍ទៅអាជ្ញាធរ ឬមន្រ្តីជំនាញ ដើម្បីចាត់វិធានការ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពីស្ថាប័នជំនាញថា ជំងឺដែលបានកើតឡើងលើជ្រូករបស់ប្រជាពលរដ្ឋជាជំងឺអ្វីនោះទេ។

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុន សាច់ជ្រូកជាតិ កត់សម្គាល់ឃើញថា ការកើតមានជំងឺឆ្លងលើសត្វជ្រូកចិញ្ចឹមលក្ខណៈគ្រួសារអាចដោយសារតែកសិករមួយចំនួនមិនបានធ្វើអនាម័យ ឬធ្វើជីវៈសុត្ថិភាពក្នុងបរិវេណទ្រុងឱ្យបានត្រឹមត្រូវ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើការការពារមិនបានត្រឹមត្រូវទេនោះនឹងធ្វើឱ្យសត្វជ្រូកងាយឆ្លងជំងឺ និងងាប់។ សម្រាប់លោក ហួត រ៉ាដេត ប្រសិនបើកសិករមានបញ្ហាសត្វជ្រូកមានជំងឺ គួរប្រញ៉ាប់ស្វែងរកការអន្តរាគមន៍ពីអ្នកជំនាញ ដើម្បីព្យាបាល និងបង្ការការឆ្លងរីករាលដាល។

ដោយឡែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ទទួលស្គាល់ថា ជំងឺលើសត្វជ្រូកតែងកើតមានជាហូរហែ និងក្លាយជាបន្ទុកដល់កសិករ ខណៈជំងឺខ្លះត្រូវបានឆ្លងតាមរយៈការនាំចូលជ្រូករស់ពីប្រទេសជិតខាងដោយសារមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ អ្នកជំនាញរូបនេះលើកឡើងថា ករណីជ្រូកកើតជំងឺនៅកម្ពុជាស្ថិតក្នុងទ្រង់ទ្រាយតូចនៅឡើយ ហើយក៏មិនទាន់មានការរាលដាលទ្រង់ទ្រាយធំ និងបង្កការបារម្ភខ្លាំងនោះដែរ។ ទោះជាបែបនេះក្ដីលោក ស្រ៊ុន ពៅ បានអំពាវនាវដល់កសិករឱ្យចេះធ្វើអនាម័យក្នុងទ្រុងជ្រូកដើម្បីបង្ការជំងឺឆ្លងនានា និងសុំអន្តរាគមន៍ពីមន្រ្តីជំនាញតាមមូលដ្ឋានដើម្បីធ្វើការទប់ស្កាត់។

ជុំវិញបញ្ហានេះដែរសារព័ត៌មាន ខេមបូណូមីស ពុំទាន់អាចទាក់ទងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំការបញ្ជាក់ជុំវិញបញ្ហាជំងឺដែលកំពុងកើតលើជ្រូករបស់កសិករបាននៅឡើយទេ។ យ៉ាងណាមិញ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់កសិករត្រូវបង្ហាញភាពស្មោះត្រង់ និងសហការជាមួយមន្រ្តីពេទ្យសត្វនៅតាមមូលដ្ឋានដើម្បីយកឈាម ឬសំណាកសត្វដែលសង្ស័យមានជំងឺទៅពិសោធន៍ បើពុំដូច្នោះទេនោះនឹងបង្កការឆ្លងរាលដាលកាន់តែខ្លាំង និងធ្វើឱ្យទីផ្សារសាច់សត្វមានបញ្ហាកាន់តែធំ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើ​កម្ពុជា អាច​ទាញផលប្រយោជន៍អ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មកកាន់កម្ពុជា?

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា ត្រូវបានក្រុមអ្នកវិភាគ និងអ្នកជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ