បក្សប្រជាធិបតេយ្យ

បក្សប្រជាធិបតេយ្យនឹងបញ្ចប់រឿងពន្ធគយ និងរារាំងសំណើថវិកាការពារជាតិ១,៥ទ្រីលានដុល្លាររបស់លោក ត្រាំ


ទោះបីជាសមរភូមិបោះឆ្នោតដណ្តើមអាសនៈក្នុងសភាបានបិទបញ្ចប់ទៅហើយក្តី ប៉ុន្តែសង្គ្រាមនយោបាយជុំវិញគោលនយោបាយពន្ធគយដ៏ស្មុគស្មាញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបង្កើតឡើងក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កំពុងជួបនឹងព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ។ បក្សប្រជាធិបតេយ្យដែលទើបក្តោបក្តាប់អំណាចនីតិប្បញ្ញត្តិថ្មីៗ មិនត្រឹមតែត្រៀមលុបចោលពន្ធគយទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមរារាំងកញ្ចប់ថវិកាយោធាដ៏មហិមា១,៥ទ្រីលានដុល្លាររបស់លោក ត្រាំ ទៀតផង។
បក្សប្រជាធិបតេយ្យ
ដោយ និង

សារព័ត៌មាន CNBC កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានរាយការណ៍ថា នៅពេលសភាអាណត្តិថ្មីចូលកាន់តំណែង គណបក្សប្រជាធិបតេយ្យបានបង្ហាញជំហរច្បាស់ៗ ដោយមិនលាក់បាំងផែនការបើកការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ និងបក្ខពួកឡើយ។ ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ក៏កំពុងត្រៀមអាវុធនីតិបញ្ញត្តិសម្រាប់យុទ្ធនាការ១០០ម៉ោងដំបូង ដោយគ្រោងរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីវាយបក និងលុបចោលគោលនយោបាយសំខាន់ៗភាគច្រើនរបស់លោក ត្រាំ។ យុទ្ធសាស្ត្រវាយលុកពីរមុខសញ្ញានេះ នឹងតម្រង់ទិសដៅចម្បងទៅលើការប្រើប្រាស់អាវុធពន្ធគយយ៉ាងគឃ្លើនរបស់លោក ត្រាំ ដែលបក្សប្រជាធិបតេយ្យបានកំណត់ជាគោលដៅក្តៅគគុកមុនគេ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលថ្មីៗនេះ។
លោក អាប់ឌុល អេល-សាយេត (Abdul El-Sayed) សមាជិកព្រឹទ្ធសភាជាប់ឆ្នោតមកពីបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា ការបញ្ចប់របបពន្ធគយរបស់លោក ត្រាំ ជាពិសេសសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសជិតខាងកាណាដា គឺជាភារកិច្ចបន្ទាន់បំផុត ដែលបក្សប្រជាធិបតេយ្យត្រូវតែអនុវត្តដោយខានមិនបាន។
ដោយឡែកលោក ហាឃីម ជេហ្វ្រ៊ី (Hakeem Jeffries) សមាជិកសភារបស់បក្សប្រជាធិបតេយ្យប្រចាំរដ្ឋ New York ដែលត្រូវបានគេរំពឹងថា នឹងឡើងកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាណត្តិថ្មី ក៏បានប្រកាសក្តែងៗដែរថា ការបញ្ចប់បញ្ហាពន្ធគយរបស់លោក ត្រាំ គឺជាអាទិភាពកំពូលទី១ ដោយលោកបានសង្កត់ធ្ងន់ថា ពន្ធគយនេះកំពុងទម្លាក់បន្ទុក និងជំរុញឱ្យតម្លៃជីវភាពរស់នៅរបស់ប្រជាជនអាម៉េរិកកើនឡើងខ្លាំង។
មិនតែប៉ុណ្ណោះ គណបក្សប្រជាធិបតេយ្យបានរៀបចំរួចរាល់ហើយ ដើម្បីរារាំងសំណើសុំថវិកាការពារជាតិបន្ថែមចំនួន១,៥ទ្រីលានដុល្លាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយពួកគេចោទប្រកាន់ថា ជាការចំណាយខ្ជះខ្ជាយហួសហេតុ និងបានអំពាវនាវឱ្យមានការកាត់បន្ថយដើម្បីទប់ទល់នឹងការចំណាយក្នុងស្រុក ខណៈដែលថ្ងៃកំណត់អនុម័តថវិកាថ្ងៃទី១១ ខែធ្នូ កាន់តែខិតជិតចូលមកដល់។ ស្ថានការណ៍នយោបាយនៅសហរដ្ឋអាម៉េរិកនឹងកាន់ឡើងកម្តៅ និងស្មុគស្មាញ ដោយសារការបោះឆ្នោតដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ភីត ហេកសេត (Pete Hegseth) អាចនឹងត្រូវបានរៀបចំឡើង៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វៀតណាម គ្រោងពង្រីកការលើកលែងទិដ្ឋាការបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈនៅ១០ខែទាក់ទាញភ្ញៀវទេសចរបានជាង១៩លាននាក់

បន្ទាប់ពីកៀរគរភ្ញៀវទេសចរអន្តរជាតិ បានរហូតដល់ទៅជាង១៩លាននាក់ក្នុងរយៈពេលត្រឹមតែ១០ខែនៃឆ្នាំ២០២៦ ជាមួយនឹងកំណើនជិត១៤% នោះ ប្រទេសវៀតណាម នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ