ទិដ្ឋភាពសេរីភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបានចោទជាសំណួរធំៗសាជាថ្មី បន្ទាប់ពីភ្នាក់ងារសន្តិសុខប្រចាំអគាររដ្ឋសភាថៃបានបង្ក្រាប និងក្រៀកស្មាសមាជិកសភាគណបក្សប្រឆាំងជាន់ខ្ពស់ម្នាក់ចេញពីទីតាំងពិធីសារនៅថ្ងៃសុក្រ សប្តាហ៍នេះ គ្រាន់តែរូបលោកបានស្រែកទាមទាររកសន្តិភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។
ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងនេះបានកើតឡើងនៅក្នុងរដ្ឋសភាថៃ ខណៈដែលប្រធានព្រឹទ្ធសភាថៃលោក មង្គល ស៊ូរ៉ាសាចា (Mongkol Surasajja) កំពុងរៀបចំពិធីទទួលស្វាគមន៍លោក មីន អ៊ុងលាំង យ៉ាងអធិកអធមក្នុងនាមជាភ្ញៀវផ្លូវការរបស់រដ្ឋាភិបាលថៃ។
មុនពេលពិធីស្វាគមន៍ចាប់ផ្តើមលោក អនុសន ថាមចៃ (Anusorn Thamjai) សមាជិកសភាគណបក្សប្រជាជនប្រចាំទីក្រុងបាងកកបានចុះទៅដល់ទីតាំងរៀបចំពិធី ដើម្បីសង្កេតមើលព្រឹត្តិការណ៍ និងគ្រោងដាក់លិខិតផ្លូវការមួយតាមរយៈប្រធានព្រឹទ្ធសភាផ្ញើជូនលោក មីន អ៊ុងលាំង។ ខ្លឹមសារលិខិតនោះបានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់លើបទល្មើសឆ្លងដែន និងជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅមីយ៉ាន់ម៉ា។
ប៉ុន្តែនៅម៉ោងប្រហែល១០ និង៥០នាទីព្រឹក នៅពេលដែលគណៈប្រតិភូរបស់លោក មីន អ៊ុងលាំង បានឈានជើងចូលមកដល់លោក អនុសន បានស្រែកខ្លាំងៗម្តងហើយម្តងទៀតថា ដើម្បីសន្តិភាព ដើម្បីមនុស្សជាតិ។ សំឡេងអំពាវនាវរកយុត្តិធម៌នេះបានធ្វើឱ្យមន្ត្រីរៀបចំ និងអាជ្ញាធរថៃមានការភ័យស្លន់ស្លោ និងព្រួយបារម្ភយ៉ាងខ្លាំង មុនពេលប៉ូលិសប្រចាំការក្នុងសភាបានស្ទុះទៅធ្វើអន្តរាគមន៍ ដោយក្រៀក និងចាប់អូសលោក អនុសន ចេញពីកន្លែងកើតហេតុ ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំយោធារូបនេះ។
សកម្មភាពបដិសេធសេរីភាពបញ្ចេញមតិរបស់អាជ្ញាធរថៃ ព្រមទាំងការស្វាគមន៍មេដឹកនាំរដ្ឋប្រហាររូបនេះ បានទាក់ទាញរលក នៃការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អង្គការសិទ្ធិមនុស្ស និងសកម្មជនអន្តរជាតិ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលថៃថា កំពុងបើកដៃ និងផ្តល់ភាពស្របច្បាប់ដល់របបយោធាមីយ៉ាន់ម៉ា ដែលជាដើមហេតុ នៃវិបត្តិមនុស្សធម៌ និងការស្រក់ឈាមរបស់ប្រជាជនស្លូតត្រង់រាប់សិបម៉ឺននាក់នាពេលបច្ចុប្បន្ន៕
ដោយៈ សរ សុជាតិ