វិស័យអចលនទ្រព្យ

ថៃបង្កើនការបង្ក្រាបលើជនបរទេសទិញដីខុសច្បាប់ និងរឹតបន្តឹងការទិញលក់ដីធ្លីថ្មីៗ


អាជ្ញាធរថៃកំពុងបង្កើនការបង្ក្រាបលើការកាន់កាប់ដីធ្លីខុសច្បាប់ដោយជនបរទេស និងការប្រើប្រាស់ឈ្មោះពលរដ្ឋថៃជាអ្នកតំណាង។ រដ្ឋាភិបាលក៏បានដាក់ចេញវិធានការត្រួតពិនិត្យប្រភពថវិកា និងឯកសារទិញដី ដើម្បីទប់ស្កាត់ការរំលោភច្បាប់។
ថៃបង្កើនការបង្ក្រាបលើជនបរទេស
ដោយ

ប្រទេសថៃកំពុងចាត់វិធានការយ៉ាងក្តៅគគុក ដោយចាប់បង្ខំឱ្យលក់ដីធ្លីខុសច្បាប់ ដែលមានតម្លៃសរុបប្រមាណ១៤ពាន់លានបាត ឬជិត៤១៧លានដុល្លារអាម៉េរិក ក្រោយអាជ្ញាធរបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើក្រុមជនបរទេសដែលលួចលាក់គេចវេះពីបម្រាមហាមឃាត់កាន់កាប់ដីធ្លី ដោយប្រើប្រាស់ពលរដ្ឋថៃឱ្យឈរឈ្មោះជំនួស។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីរកឃើញការរៀបចំប្រព័ន្ធពុករលួយ និងការទិញ-លក់ដីធ្លីខុសច្បាប់ជាច្រើនករណីនៅក្នុងតំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗពេញផ្ទៃប្រទេស។

កាសែត Khaosod របស់ថៃបានរាយការណ៍ថា នៅថ្ងៃទី១៩ ខែតុលា លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្នុងពិធីបើកយុទ្ធនាការបង្ក្រាបបណ្តាញជនបរទេសកាន់កាប់ដីធ្លីខុសច្បាប់ថា រដ្ឋាភិបាលកំពុងបង្កើនល្បឿនស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់បំផុត និងពង្រឹងការត្រួតពិនិត្យលើរាល់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យថ្មីៗ។ តាមច្បាប់របស់ប្រទេសថៃ ជនបរទេសត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យមានកម្មសិទ្ធិលើដីធ្លីឡើយ។ ប៉ុន្តែកន្លងមក ជនបរទេសមួយចំនួនបានប្រើប្រាស់ល្បិចកលជួលប្រជាជនថៃឱ្យឈរឈ្មោះធ្វើជាតំណាងដោយលួចលាក់ ដើម្បីកាន់កាប់ដីជំនួស និងគេចចេញពីការហាមឃាត់របស់ច្បាប់។

បច្ចុប្បន្ន អាជ្ញាធរថៃកំពុងតម្រង់ទិសបង្ក្រាបលើផ្ទៃដីដ៏ធំទំហំប្រមាណ២,១៦១ហិកតា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបណ្តាញកាន់កាប់ដីធ្លីដោយខុសច្បាប់ ដោយទំហំដីនេះស្មើនឹងទីលានបាល់ទាត់ស្តង់ដារហូតដល់១,២២៥ទីលានឯណោះ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធស៊ើបអង្កេតលើករណីសង្ស័យទាំងអស់ឱ្យបានរួចរាល់យ៉ាងយូរត្រឹមខែធ្នូ ព្រមទាំងបង្ខំឱ្យអនុវត្តច្បាប់លក់ដីធ្លីខុសច្បាប់ទាំងនោះចេញភ្លាមៗ។ បន្ថែមពីនេះ លោកបានបញ្ជាឱ្យអាជ្ញាធរបង្កើតយន្តការទប់ស្កាត់ជាបន្ទាន់ ដើម្បីបិទច្រកមិនឱ្យមានការប្រើប្រាស់ឈ្មោះពលរដ្ឋថៃធ្វើជាអ្នកឈរឈ្មោះជំនួសក្នុងការទិញ-លក់ដីធ្លីតទៅទៀត។

ដើម្បីទប់ស្កាត់ប្រព័ន្ធនេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើអ្នកទិញដីធ្លីថ្មីៗ ដោយអាជ្ញាធរគ្រប់គ្រងដីធ្លីបានបញ្ជាក់ថា ចំពោះប្រជាជនថៃទូទៅ ការទិញដីធ្លីដែលមានតម្លៃចាប់ពីជាង៦ម៉ឺនដុល្លារឡើងទៅ ត្រូវតែឆ្លងកាត់ការពិនិត្យស្រាវជ្រាវប្រវត្តិរូប និងប្រភពលុយកាក់យ៉ាងល្អិតល្អន់។ ហើយចំពោះពលរដ្ឋថៃដែលមានស្វាមី ឬភរិយាជាជនបរទេស ត្រូវតែបង្ហាញភ័ស្តុតាងច្បាស់លាស់ថា ថវិកាដែលយកមកទិញដីនោះគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភាគីដែលជាពលរដ្ឋថៃពិតប្រាកដ។ ដោយឡែក ចំពោះក្រុមហ៊ុន តម្រូវឱ្យត្រួតពិនិត្យបញ្ជីភាគហ៊ុនិក ប្រភពដើមនៃថវិកា និងផ្តល់ឯកសារយោងត្រឹមត្រូវស្របតាមច្បាប់ដីធ្លីរបស់ប្រទេសថៃជាដាច់ខាត៕




អត្ថបទបន្ទាប់


លោក ត្រាំផ្អាកទណ្ឌកម្មលើរុស្ស៊ី ខណៈលោក ពូទីនចង់ជួបជាមួយលោក ត្រាំ និងលោក ស៊ី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

លោក ដូណាល់ ត្រាំការពារការសម្រេចចិត្តផ្អាកទណ្ឌកម្មមួយចំនួនលើរុស្ស៊ី ដោយអះអាងថាចង់រក្សាឱកាសចរចាសន្តិភាព។ ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ