សភាវៀតណាមបានអនុម័តច្បាប់ថ្មីដើម្បីពន្លឿនការដកហូតដីធ្លីពីពលរដ្ឋសម្រាប់គម្រោង
អាទិភាព ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មជាច្រើនត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំដោយសារជម្លោះជុំវិញសំណងដីធ្លី។ ក្រោមច្បាប់ដែលបានកែសម្រួលថ្មី អាជ្ញាធរវៀតណាម អាចចេញសេចក្តីសម្រេចដកហូតដីធ្លី មុនពេលផែនការផ្ដល់សំណងត្រូវបានអនុម័ត ក្រោមលក្ខខណ្ឌថា មិនចាំបាច់ផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋ ហើយផែនការផ្ដល់សំណងត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចរាល់។ វិធានការនេះអនុវត្តចំពោះគម្រោងសំខាន់ៗថ្នាក់ជាតិ គម្រោងវិនិយោគសាធារណៈបន្ទាន់ និងករណីដែលម្ចាស់ដីរងផលប៉ះពាល់ជាង៧៥%បានយល់ព្រម។
ទន្ទឹមនេះ រដ្ឋាភិបាលវៀតណាមអះអាងថា ច្បាប់ថ្មីនេះក៏នឹងពង្រឹងការការពារសិទ្ធិប្រជាពលរដ្ឋតាម
រយៈការរៀបចំទីលំនៅថ្មីឱ្យបានប្រសើរឡើង ការគាំទ្រជីវភាពរហូតដល់៣ឆ្នាំ និងការពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៧។ ជាការកត់សម្គាល់ ជម្លោះដីធ្លីតែងតែជាបញ្ហារសើបនៅវៀតណាម ដោយការខ្វែងគំនិតគ្នាលើទំហំប្រាក់សំណងអាចអូសបន្លាយរាប់ឆ្នាំ ហើយពេលខ្លះឈានដល់ការតវ៉ាផងដែរ។ ដូចនេះខណៈច្បាប់ថ្មីនេះអាចជួយពន្លឿនគម្រោងអភិវឌ្ឍន៍ ក៏នៅតែមានការព្រួយបារម្ភថា តើប្រជាពលរដ្ឋនឹងទទួលបានសំណងសមរម្យនិងការការពារសិទ្ធិគ្រប់គ្រាន់ដែរឬទេ នៅពេលដីធ្លីរបស់ពួកគេត្រូវបានដកហូត។
សមាជិកសភាវៀតណាម ក៏បានលើកឡើងដែរថា កំណែទម្រង់នេះនឹងកំណត់លក្ខខណ្ឌនៃការដកហូតដីធ្លីឱ្យកាន់តែច្បាស់ និងកែលម្អប្រព័ន្ធវាយតម្លៃតម្លៃដី ដោយផ្អែកលើទិន្នន័យ និងមានតម្លាភាពជាងមុន៕
ដោយ: តែម សុខុម