ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ នៃបក្សកុម្មុយនីស្តចិន ប្រមាណ ៣០០នាក់បានបើកកិច្ចប្រជុំពេញអង្គលើកទី៥ ជុំវិញការកំណត់ទិសដៅនយោបាយនៅថ្ងៃទី២៦ ខែតុលា នេះ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅចំពេលដែលយុទ្ធនាការបោសសម្អាតផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំមកនេះ កំពុងធ្វើឱ្យមានការចោទសួរពីអ្នកវិភាគជុំវិញពិភពលោកថា តើគោលដៅពិតប្រាកដនៃយុទ្ធនាការនេះ គឺដើម្បីលុបបំបាត់អំពើពុករលួយ ឬជាការវាស់ស្ទង់ភាពស្មោះត្រង់ចំពោះបក្ស?
កាលពីលោក ស៊ី ជីនពីង ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ លោកបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងកម្ទេចអំពើពុករលួយឱ្យអស់ពីគ្រប់ជាន់ថ្នាក់នៅក្នុងបក្សកុម្មុយនីស្តចិន។ ជាងមួយទសវត្សរ៍កន្លងផុតទៅ ល្បឿន នៃការស៊ើបអង្កេត និងការចាត់វិធានការផ្លូវច្បាប់មិនត្រឹមតែមិនថមថយនោះទេ ប៉ុន្តែរឹតតែមានសម្ទុះខ្លាំងឡើង។ មកទល់ពេលនេះ អាជ្ញាធរពិនិត្យវិន័យរបស់ចិន បានបើកការស៊ើបអង្កេតលើមន្ត្រី និងបុគ្គលពាក់ព័ន្ធជាង១លាននាក់ ដោយក្នុងនោះមានមន្ត្រីជាន់ខ្ពស់ ដែលមានឋានៈស្មើ ឬខ្ពស់ជាងរដ្ឋមន្ត្រី និងអភិបាលខេត្តរហូតដល់ទៅជាង១០០នាក់ត្រូវបានបាត់បង់តំណែង និងប្រឈមមុខនឹងទោសទណ្ឌ។
ជុំវិញប្រធានបទដ៏ក្តៅគគុកនេះ លោក ឃឺរី ប្រោន (Kerry Brown) នាយកវិទ្យាស្ថាន Lau China Institute នៅមហាវិទ្យាល័យ King’s College London បានថ្លែងប្រាប់សារព័ត៌មាន The Guardian ថា នៅក្នុងប្រព័ន្ធនយោបាយរបស់បក្សកុម្មុយនីស្តចិន ពាក្យថាអំពើពុករលួយមិនមែនសំដៅតែលើការកេងប្រវ័ញ្ចលុយកាក់ ឬទ្រព្យសម្បត្តិសម្ភារប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏រាប់បញ្ចូលទាំងអំពើពុករលួយខាងស្មារតី ដែលសំដៅលើការខ្វះភាពស្មោះត្រង់ និងការងាករេខាងនយោបាយចំពោះថ្នាក់ដឹកនាំបក្សផងដែរ។
ដោយឡែក លោក ណែល ថូម៉ាស់ (Neil Thomas) អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកនយោបាយចិន នៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានគូសបញ្ជាក់ថា ទោះបីជាលោក ស៊ី ជីនពីង អាចកាត់បន្ថយអំពើពុករលួយ និងពង្រឹងកណ្តាប់ដៃដែកក្នុងការគ្រប់គ្រងបក្សបានយ៉ាងរឹងមាំក៏ដោយ ប៉ុន្តែលោកក៏ជ្រាបច្បាស់ដែរថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរតែមួយមុខ មិនអាចលុបបំបាត់ឫសគល់នៃបញ្ហា ដែលមន្ត្រីមួយចំនួនប៉ងយកផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងផលប្រយោជន៍បក្សនោះបានទាំងស្រុងឡើយ។
លោកបានបន្ថែមថា នៅក្រោមសម្ពាធដ៏ស្មុគស្មាញនេះ ដំណោះស្រាយតែមួយគត់របស់លោក ស៊ី ជីនពីង គឺការបន្តរឹតបន្តឹងវិន័យបក្សដោយគ្មានការបន្ធូរបន្ថយ ដោយធ្វើឱ្យយុទ្ធនាការប្រឆាំងអំពើពុករលួយក្លាយជាឧបករណ៍ និងវិធីសាស្ត្រដឹកនាំអចិន្ត្រៃយ៍មួយ ដែលគ្មានថ្ងៃកំណត់ទីបញ្ចប់ឡើយ៕
ដោយៈ សរ សុជាតិ