អំពើពុករលួយ

អ្នកជំនាញស្នើឱ្យ ACU បោសសម្អាតឱ្យដល់ឫសគល់ចំពោះរឿងអាស្រូវលួចលក់ទិដ្ឋាការឱ្យឧក្រិដ្ឋជនអនឡាញប្រមូលលុយបាន៣លានដុល្លារ ដើម្បីស្តារទំនុកចិត្តពលរដ្ឋ និងមុខមាត់កម្ពុជា


អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលទ្ធផលស៊ើបអង្កេតដ៏គួរឱ្យភ្ញាក់ផ្អើលជុំវិញករណីគប់គិតគ្នាលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ចំនួន១២,០០០សន្លឹកទៅលក់ក្នុងទីផ្សារងងឹតដោយខុសច្បាប់ គិតជាទឹកប្រាក់សរុបប្រមាណ៣លានដុល្លារអាម៉េរិក ដោយក្នុងនោះថែមទាំងមានការលក់បន្តទៅឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទៀតផង។
អំពើពុករលួយ
ដោយ

ប្រតិបត្តិការបង្ក្រាបដ៏ធំនេះ ត្រូវបានរកឃើញតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង ACU។ យ៉ាងណាមិញ ក្រុមអ្នកជំនាញបានចេញមកព្រមាន និងសង្ស័យថា សំណុំរឿងអាស្រូវថ្នាក់ជាតិនេះអាចមិនមែនមានត្រឹមតែមន្ត្រីជាន់ខ្ពស់ ដែលត្រូវចោទប្រកាន់ទាំងនេះនោះទេ ពោលគឺអាចមានតួអង្គជាន់ខ្ពស់ ឬខ្នងបង្អែកផ្សេងទៀតនៅពីក្រោយ ដែលទាមទារឱ្យមានកសារបោសសម្អាតឱ្យអស់ដល់ឫសគល់ ដើម្បីការពារចំណូលជាតិ និងស្តារទំនុកចិត្តវិនិយោគិនអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះថ្ងៃទី២៩ ខែសីហា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំង៣ រួមមាន ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បានឈានទៅដល់ការលាតត្រដាងមុខសញ្ញាជនត្រូវចោទឈ្មោះ ថូ សំណាង ក្នុងពេលកាន់តួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចច្បាប់កុងស៊ុល និងព្រំដែន រួមជាមួយបក្សពួក២រូបទៀត ដែលបានគប់គិតគ្នាលួចយកទិដ្ឋាការប្រភេទ C និង Cex ចំនួន១២,០០០ សន្លឹកមកធ្វើអាជីវកម្មខុសច្បាប់ដោយប្រមូលលុយបានរហូតដល់៣លានដុល្លារដាក់ហោប៉ៅផ្ទាល់ខ្លួន ថែមទាំងបានពាក់ព័ន្ធនឹងការផ្តល់ច្រកចេញចូលដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញទៀតផង។

ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់យ៉ាងថា ទោះបីជាការចាត់វិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាបេះដូងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដោយ ប៉ុន្តែករណីលួចលក់ទិដ្ឋាការដ៏ធំធេងបែបនេះ មិនអាចកើតឡើងដោយសារតែមន្ត្រីមួយក្តាប់តូចនេះបានឡើយ ពោលគឺអាចមានតួអង្គមានឥទ្ធិពលផ្សេងទៀតនៅពីក្រោយ។ លោកបានសង្កត់ធ្ងន់ថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីថ្នាក់ជាតិនេះ កំពុងបំផ្លាញមុខមាត់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់ចំណូលជាតិ និងទាមទារឱ្យ ACU ធ្វើការវះកាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីស្តារទំនុកចិត្តពីសាធារណជន និងវិនិយោគិនអន្តរជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា រឿងអាស្រូវនេះបានបង្ហាញពីចន្លោះប្រហោង នៃប្រព័ន្ធគ្រប់គ្រងរបស់ក្រសួង និងស្ថាប័នមានសមត្ថកិច្ច។ ជាយោបល់របស់អ្នកជំនាញរូបនេះ កម្ពុជាត្រូវតែប្រញាប់ប្រញាល់ធ្វើបរិវត្តកម្មប្រព័ន្ធទិដ្ឋាការ ទៅជា E-Visa ឬ Digital Visa ទាំងស្រុង និងបង្កើតប្រព័ន្ធឌីជីថលតាមដានការចរាចរណ៍ទិដ្ឋាការឱ្យបានតឹងរ៉ឹងបំផុត ព្រមទាំងត្រូវសហការជាមួយធនាគារពាណិជ្ជ ដើម្បីតាមដាន និងរឹបអូសទ្រព្យសម្បត្តិអ្នកប្រព្រឹត្តិអំពើពុករលួយមកធ្វើជាសម្បត្តិជាតិវិញ ព្រោះអំពើបក្សពួកនិយម និងពុករលួយនេះមិនត្រឹមតែធ្វើឱ្យខាតបង់ថវិកាជាតិ និងបើកដៃឱ្យឧក្រិដ្ឋជនហូរចូលស្រុកខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទំនុកចិត្តរបស់វិនិយោគិនស្អាតស្អមពីបរទេសទៀតផង។

គួរបញ្ជាក់ថា យោងតាមការបញ្ជាក់ពី ACU ជនត្រូវចោទឈ្មោះ ថូ សំណាង និងបក្សពួកបន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតយ៉ាងដិតដល់ត្រូវបានស្ថាប័នអយ្យការ និងតុលាការសម្រេចចោទប្រកាន់ផ្លូវការលើបទល្មើសចំនួន៣រួមមានបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, បទរំលោភអំណាច និងបទសម្អាតប្រាក់ ហើយពួកគេទាំង៣នាក់ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដែលអាចនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់លើ៣បទល្មើសបន្ថែមទៀតនាពេលខាងមុខ។

លទ្ធផលនៃប្រតិបត្តិការដ៏ក្តៅគគុករបស់ ACU លើកនេះ បានផ្ញើសារព្រមានយ៉ាងច្បាស់ៗ និងក្តៅគគុកទៅកាន់មន្ត្រីខិលខូចទាំងឡាយថា គ្មានអំពើពុករលួយណាអាចលាក់បាំងពីសំណាញ់ច្បាប់បានឡើយ ហើយបុគ្គលណា ដែលទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនលើការបំផ្លាញជាតិ ត្រូវតែប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង ឬយោគយល់ឡើយ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់អាចប្រើឱកាសជួបពិភាក្សាគ្នានៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីរកវិធីសាស្ត្រទប់នឹងសម្ពាធពីលោកខាងលិច ឬយ៉ាងណា?

ក្នុងបរិបទ ដែលពិភពលោកកំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម ទណ្ឌកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងសព្វាវុធយ៉ាងស្រួចស្រាល់ មេដឹកនាំនៃមហាអំណ…

តើអ្វីជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញបរិយាកាសវិនិយោគក្នុងវិស័យស្វាយចន្ទី និងដំឡូងមីនៅខេត្តកំពង់ធំ ឱ្យកាន់តែប្រសើរ?

ខេត្តកំពង់ធំ ត្រូវបានគេទទួលស្គាល់ថា ជាជង្រុកកសិកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា ដែលមិនត្រឹមតែល្បីល្បាញលើការផលិតស្រូវប៉ុណ្ណោះទេ ប៉ុន្តែស្វា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ