ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ អាជ្ញាធរទេសចរណ៍ថៃ បានគូសបញ្ជាក់ថា ការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងប្រទេសថៃ គិតជាមធ្យមគឺប្រមាណ ១.៥៥០ដុល្លារអាមេរិក ក្នុងដំណើរកម្សាន្តមួយលើក ដែលបានធ្លាក់ចុះមកពី ១.៦៥០ដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ក្រោយពេលវិបត្តិកូវីដ-១៩ បញ្ចប់ ថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៨លាននាក់ នៅក្នុងឆ្នាំ ២០២១ខាងមុខ ហើយ ប្រទេសថៃ នឹងត្រូវបានគេទទួលស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលមានសន្តិសុខ អនាម័យ និងការពារដល់បរិស្ថាន មិនមែនជាកន្លែងដែលគ្មានសុវត្ថិភាពដូចអំឡុងពេលនៃវិបត្តិកូវីដ-១៩នោះទេ។
អាជ្ញាធរទេសចណ៍ថៃ បានសង្កត់ធ្ងន់ថា នឹងធ្វើការអភិវឌ្ឍទៅលើ ផលិតផលទេសចរណ៍នានា ដើម្បីឲ្យកាន់តែទាក់ទាញ និងមានតម្លៃខ្ពស់ ក្នុងន័យជំរុញការចំណាយរបស់ភ្ញៀវទេសចរបរទេស ឲ្យកើនដល់ ២.០៥០ដុល្លារអាមេរិកក្នុងមួយដំណើរកម្សាន្ត នៅក្នុងឆ្នាំ ២០២១ និង ២០២២ខាងមុខ។
បើតាមការស្ទង់មតិរបស់ការិយាល័យនៅក្រៅប្រទេសចំនួន ២៩កន្លែងរបស់ អាជ្ញាធរទេសចរណ៍ថៃ គឺថា ភ្ញៀវទេសចរអន្តរជាតិ ចាប់អារម្មណ៍ខ្លាំងនឹងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស នៅពេលដែលស្ថានការណ៍មេរោគកូវីដ-១៩ ល្អប្រសើរជាងនេះ ហើយភ្ញៀវមួយចំនួន ក៏មានបំណងធ្វើដំណើរកម្សាន្តរយៈពេលវែងផងដែរ។
សូមជម្រាបដែរថា នាពេលបច្ចុប្បន្ន វិស័យទេសចរណ៍ថៃ បានពឹងផ្អែកខ្លាំងទៅលើ ការធ្វើដំណើរកម្សាន្តរបស់ប្រជាជនក្នុងស្រុក ហើយអំឡុងពេល ១០ខែ ដើមឆ្នាំ ២០២០នេះ គឺមានដំណើរកម្សាន្តក្នុងស្រុក កើនដល់ ៦៥លានដងហើយ៕