ឆ្លើយតបនឹងការអំពាវនាវរបស់កម្ពុជា រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានចេញមកបដិសេធមិនព្រមប្រគល់វត្ថុបុរាណទាំងនោះឱ្យកម្ពុជា នោះទេ ហើយបានអះអាងដោយឥតអៀនខ្មាស និងបំភ្លៃប្រវត្តិសាស្ត្រថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាកម្មសិទ្ធិរបស់ប្រទេសថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែតុលា ក្រសួងវប្បធម៌កម្ពុជា មិនត្រឹមតែទាមទារវត្ថុបុរាណដែលត្រូវបានថៃ លួចប្លន់យកទៅត្រឡប់មកវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកយកសំណុំរឿងរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរមកតវ៉ាប្រឆាំងនឹងយោធាថៃ ទៀតផង។ សកម្មភាពអនាធិបតេយ្យ និងគ្មានការអនុញ្ញាតរបស់ថៃ រាប់ចាប់ពីការឈូសឆាយព្រៃរំលោភចូលដីខ្មែរ ការរុករកគ្រាប់មីន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី និងការលួចសង់របងព្រំដែនឯកតោភាគី សុទ្ធសឹងជាទង្វើឈ្លានពាន បំពានច្បាប់អន្តរជាតិ និងមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ទន្ទឹមនឹងនេះ កម្ពុជា បានទទូចឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើរំលោភបំពាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយងាកមកប្រើប្រាស់យន្តការទ្វេភាគីដូចជាគណៈកម្មការព្រំដែនរួម JBC ដើម្បីដោះស្រាយដោយតម្លាភាព។
ឆ្លើយតបនឹងការអំពាវនាវរបស់កម្ពុជា កាសែត The Nation របស់ថៃ បានរាយការណ៍ថ្ងៃទី២៥ ខែតុលា ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេត (Sabida Thaiseth) បានចេញមុខឆ្លើយតបទាំងបំពាន និងបដិសេធមិនប្រគល់វត្ថុបុរាណដែលយោធារបស់ខ្លួនបានលួចយកទៅនោះទេ ថែមទាំងប្រឌិតរឿង បំភ្លៃប្រវត្តិសាស្ត្រទាំងបំពានថា ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ទៅវិញ។
រដ្ឋមន្ត្រីវ័យក្មេងវង្វេងប្រវត្តិសាស្ត្ររូបនេះបានបញ្ជាក់ទាំងឥតអៀនខ្មាសថា ប្រាសាទខ្មែរទាំងពីរនេះត្រូវបានថៃ ចុះបញ្ជីជាបូជនីយដ្ឋានបុរាណក្រោមច្បាប់ក្នុងស្រុករបស់ថៃ រួចរាល់ហើយ។ ហេតុនេះអាជ្ញាធរថៃ មានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍ និងគ្រប់គ្រងទីតាំង រួមទាំងវត្ថុបុរាណទាំងនោះទៅតាមចិត្តចង់។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីថៃ រូបនេះ បានអះអាងតែឯកឯងថា វត្ថុបុរាណទាំងនោះជារបស់ថៃ ហើយសំណើទាមទាររបស់កម្ពុជា មិនអាចទទួលយកបានឡើយ ដោយសារខ្វះភស្តុតាង និងមូលដ្ឋានច្បាប់។ នេះគឺជាទង្វើដ៏គួរឱ្យអស់សំណើច និងខ្មាសគេជាទីបំផុត ដែលចោលួចទ្រព្យគេទៅហើយ បែរជាទាមទារឱ្យម្ចាស់ទ្រព្យបង្ហាញភស្តុតាង ដើម្បីយកទ្រព្យខ្លួនឯងត្រឡប់មកវិញ៕
អត្ថបទៈ សួន ឡង់ទី