សារព័ត៌មានសន្តិសុខសាធារណៈឡាវបានឱ្យដឹងថា ជនជាតិថៃទាំង៣២នាក់ត្រូវបានបណ្ដេញចេញពីប្រទេសឡាវ និងប្រគល់ឱ្យអាជ្ញាធរថៃវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ តាមស្ពានមិត្តភាពឡាវ-ថៃទី១ ដែលតភ្ជាប់រដ្ឋធានីវៀងចន្ទន៍របស់ឡាវ និងខេត្តណងខៃរបស់ថៃ។ ការបណ្តេញនេះកើតមានឡើងបន្ទាប់ពីអាជ្ញាធរឡាវបានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោក និងល្បែងអនឡាញ ST Vegas កាលពីថ្ងៃទី១៨ ខែកក្កដា នៅក្នុងរដ្ឋធានីវៀងចន្ទន៍។ នៅក្នុងប្រតិបត្តិការនោះអាជ្ញាធរឡាវ បានឃាត់ខ្លួនមនុស្សសរុប៥៨៩នាក់ មាន៤សញ្ជាតិផ្សេងគ្នារួមមានជនជាតិថៃ៣៧៣នាក់ ជនជាតិឡាវ១៩៩នាក់ ជនជាតិវៀតណាម១៥នាក់ ហើយរួមទាំងខ្មែរ២នាក់ផងដែរ។
ចំនួនជនជាតិថៃ ដែលត្រូវបានរកឃើញនៅទីតាំងនេះ គឺជាចំណុចដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឡាវកំពុងបង្កើនប្រតិបត្តិការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលពាក់ព័ន្ធមជ្ឈ
មណ្ឌលឆបោក ល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
ប៉ុន្តែការបង្ក្រាបមិនមែនមានតែលើទីតាំងឆបោក និងល្បែងអនឡាញ ST Vegas នោះទេ។ ជាក់ស្ដែង កាលពីថ្ងៃទី១ ខែសីហា អាជ្ញាធរឡាវក៏បានបើកប្រតិបត្តិការនៅស្រុក ស៊ីខុតតាប៊ុង និងហាតសាយហ្វុងដោយឃាត់ខ្លួនមនុស្ស៦៣នាក់ ដែលមានជនជាតិចិន ឡាវ និងថៃ។ ប៉ូលិសឡាវបានអះអាងថា បណ្តាញដែលត្រូវបានបង្ក្រាបនេះជាប់សង្ស័យថាបានកំណត់គោលដៅឆបោកលើប្រជាជននៅប្រទេសចិនតាមរយៈការឆបោកតាម Call Center និងប្រព័ន្ធអនឡាញ។
ការបង្ក្រាបជាបន្តបន្ទាប់នេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសឡាវ ឱ្យបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។ នាយករដ្ឋមន្ត្រីឡាវបានប្រាប់រដ្ឋសភាកាលពីខែកក្កដា ថា អាជ្ញាធរឡាវបានចាប់ខ្លួនមនុស្សជាង៤,៤០០នាក់ក្នុងករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការឆបោកអនឡាញ និងល្បែងខុសច្បាប់ក្នុងរយៈពេល៦ខែឆ្នាំ២០២៦៕
ដោយ: តែម សុខុម