កាសែត The Nation បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានព្រមានកម្ពុជាកុំឱ្យលើកយកបញ្ហាជម្លោះទ្វេភាគីកម្ពុជា-ថៃនៅមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថា វាអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ។ តែកម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ហើយថា បើចង់ឱ្យកម្ពុជាឈប់លើកបញ្ហានេះនៅលើឆាកអន្តរជាតិទាល់តែយោធាថៃឈប់រំលោភបំពានមកលើកម្ពុជា។
ការព្រមានបែបនេះធ្វើឡើងក្រោយឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងការណ៍ក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី២១ ខែឧសភា ថា សង្គ្រាមឈ្លានពានរបស់ថៃ មកលើកកម្ពុជា២លើកក្នុងឆ្នាំ២០២៥ បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ, ជនភៀសសឹកជាង៦៤ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ។
ប្រមុខការទូតរូបនេះបានអះអាងដោយគ្មានភាពអៀនខ្មាសថា សកម្មភាពនេះបានផ្ទុយនឹងកិច្ចព្រមព្រៀងរួម ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលក្នុងនោះប្រទេសទាំងពីរបានយល់ព្រមជៀសវាងការនាំយកជម្លោះទ្វេភាគីមកកាន់វេទិកាអន្តរជាតិ ហើយជំនួសដោយកសារដោះស្រាយបញ្ហាតាមរយៈការចរចាដោយផ្ទាល់។ ប្រមុខការទូតរូបនេះបានរៀបរាប់ទៀតថា ថៃចង់បានការសន្ទនាដោយភាពស្មោះត្រង់ ហើយព្រមានថា ប្រសិនបើកម្ពុជាបន្តរិះគន់ប្រទេសថៃនៅលើឆាកអន្តរជាតិ វឌ្ឍនភាពដែលសម្រេចបានដោយមេដឹកនាំទាំងពីរអាចនឹងដួលរលំ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរអាចនឹងកាន់តែអាក្រក់ទៅៗ។
ទាក់ទិននឹងជម្លោះដែនសមុទ្រវិញលោក ស៊ីហាសាក់ បានបញ្ជាក់ថា ប្រទេសថៃបានលុបចោលអនុស្សរណៈយោគយល់គ្នា ឬ MoU ឆ្នាំ២០០១ ស្តីពីការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជា រួចហើយ ហើយថា ការចរចានាពេលអនាគតគួរតែអនុវត្តតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ព្រោះប្រទេសទាំងពីរជាសមាជិក។
ប្រសិនបើការចរចាក្រោមក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្របរាជ័យ យន្តការច្បាប់អន្តរជាតិផ្សេងទៀតអាចត្រូវបានពិចារណានៅពេលក្រោយ ប៉ុន្តែប្រទេសថៃយល់ថា ភាគីទាំងពីរគួរតែសាកល្បងការពិភាក្សាដោយផ្ទាល់ជាមុនសិនមុនធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង៕
ដោយ: តែម សុខុម