ភាពវឹកវរ និងហានិភ័យសន្តិសុខដែលកំពុងកើតមាននៅតាមច្រកសមុទ្រហ័រម៉ូស សមុទ្រក្រហម សមុទ្រខ្មៅ និងសមុទ្រអាហ្សូវបានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រធំៗនៅលើពិភពលោកត្រូវធ្វើការថ្លឹងថ្លែងឡើងវិញជាបន្ទាន់ ជុំវិញការផ្លាស់ប្តូរផ្លូវនាវាចរណ៍ ការកើនឡើងនៃថ្លៃធានារ៉ាប់រង និងហានិភ័យភូមិសាស្ត្រនយោបាយ ដែលអាចគំរាមកំហែងដល់ស្ថិរភាពតម្លៃទំនិញ និងសេដ្ឋកិច្ចសកលទាំងមូល។
មកទល់ពេលនេះការវាយប្រហារលើនាវាពាណិជ្ជកម្ម និងការគំរាមកំហែងផ្នែកសន្តិសុខបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដោយជំរុញឱ្យថ្លៃសេវាធានារ៉ាប់រង និងថ្លៃដឹកជញ្ជូនស្ទុះកើនឡើង ព្រមទាំងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូននានាត្រូវពិចារណាឡើងវិញលើការកំណត់ផ្លូវធ្វើនាវាចរណ៍ និងថ្លៃដើមប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
នេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ដោយសារតែការដឹកជញ្ជូនតាមផ្លូវសមុទ្រ គឺជាសរសៃឈាមក្នុងការចែកចាយទំនិញ និងផ្គត់ផ្គង់រហូតដល់ទៅ៨០% នៃទំហំពាណិជ្ជកម្មសកល។ ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា វិបត្តិផ្លូវទឹកនាពេលនេះនឹងបណ្ដាលឱ្យការប្រគល់ទំនិញមានការយឺតយ៉ាវ ការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹង ហើយតម្លៃថាមពល ស្បៀងអាហារ និងទំនិញប្រើប្រាស់ នឹងកើនឡើងយ៉ាងគំហុក ដែលពិបាកក្នុងការរំពឹងទុក។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយសូម្បីតែការដឹកជញ្ជូនតាមច្រកសមុទ្រអាហ្ស៊ូវ (Azov) ក៏បានក្លាយជាគោលដៅវាយប្រហារដោយដ្រូននៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ ពួកគេបានអះអាងថា កាលពីមុនគេអាចចាត់ទុកភាពវឹកវរនៅច្រកសមុទ្រហ័រម៉ូសថា ជាបញ្ហាដាច់ដោយឡែកពីអ្វីដែលកើតឡើងនៅសមុទ្រខ្មៅ ឬសមុទ្រក្រហម ប៉ុន្តែនៅពេលនេះវាមិនមែនជាបញ្ហាដាច់ដោយឡែកទៀតនោះទេ។ ផ្លូវទឹកដ៏សំខាន់ទាំងនេះកំពុងប្រែប្រួលទៅជាសមរភូមិកាន់តែខ្លាំងឡើងៗ ហើយវាគឺជាសេណារីយ៉ូ ដែលអាចរុញច្រានពិភពលោកឱ្យឈានទៅរកសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកថ្មីមួយជាក់ជាមិនខាន៕
ដោយៈ សរ សុជាតិ