ប៉ូលិសវៀតណាមបានឱ្យដឹងថា បណ្តាញរត់ពន្ធមួយបានលួចនាំចូលត្បូងពេជ្រជាង៣០,០០០គ្រាប់ក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយលាក់ក្នុងវ៉ាលី ស្បែកជើង និងសម្លៀកបំពាក់។ តាមការស៊ើបអង្កេតបង្ហាញថា ត្បូងពេជ្រមួយចំនួនត្រូវបានគេលុបការឆ្លាក់ដោយកាំរស្មីឡាស៊ែរ ដែលជាសញ្ញាសម្គាល់ដើមរបស់វិទ្យាស្ថានត្បូងអាម៉េរិក (GIA) ហើយឆ្លាក់សញ្ញាសម្គាល់ថ្មី និងចេញវិញ្ញាបនបត្រថ្មីដើម្បីបន្លំគុណភាពខ្ពស់ជាងការពិត។ ប្រសិនបើពិតដូចការចោទប្រកាន់មែន វាអាចធ្វើឱ្យត្បួងពេជ្រទាំងនោះលក់ក្នុងតម្លៃខ្ពស់ជាងធម្មតាឆ្ងាយ។
ក្រោយផ្ទុះព័ត៌មាននេះ អតិថិជនជាច្រើនបានភ័យស្លន់ស្លោ ផ្អើលនាំគ្នាយកពេជ្រ បង្កាន់ដៃ និងវិញ្ញាបនបត្រទៅកាន់ហាង ដែលពួកគេបានទិញ ដើម្បីផ្ទៀងផ្ទាត់គុណភាព ឬសុំលក់ចេញវិញ។ ហាងគ្រឿងអលង្ការមួយចំនួនបានបិទជាបណ្ដោះអាសន្ន ខណៈហាងខ្លះទៀតបានកំណត់ការទិញចូលវិញ ដោយសារតែមានអតិថិជនសម្រុកយកមកលក់ច្រើនពេក។
ម៉ាកគ្រឿងអលង្ការធំៗពីរនៅវៀតណាម ក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរ។ ក្នុងនោះក្រុមហ៊ុន PNJ បានបញ្ជាក់ថា ករណីដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធអតីតនាយកប្រតិបត្តិម្នាក់ មិនមែនក្រុមហ៊ុនទាំងមូលនោះទេ ហើយអះអាងថា ត្បូងពេជ្រដែលមានបញ្ហាមិនបានចូលដល់បណ្តាញលក់រាយរបស់ខ្លួននោះឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន ក៏ទទួលស្គាល់ថា ករណីនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងរសម្រាប់ឧស្សាហកម្មគ្រឿងអលង្ការទាំងមូល។
ជាការឆ្លើយតប អាជ្ញាធរវៀតណាមបានចាប់ផ្តើមត្រួតពិនិត្យទីផ្សារគ្រឿងអលង្ការទូទាំងប្រទេស ដោយផ្តោតលើប្រភពដើមផលិតផលការដាក់ស្លាកសម្គាល់ និងវិញ្ញាបនបត្របញ្ជាក់គុណភាព។ ទន្ទឹមនេះ ក្រុមអ្នកជំនាញ ក៏បានអំពាវនាវឱ្យបង្កើតស្ថាប័នផ្ទៀងផ្ទាត់គុណភាពត្បូងពេជ្រឯករាជ្យ ដើម្បីបង្កើនតម្លាភាព និងស្តារទំនុកចិត្តរបស់អ្នកប្រើប្រាស់ឡើងវិញ។ ក្រុមអ្នកជំនាញ ក៏បានព្រមានដែរថា រហូតដល់ការស៊ើបអង្កេតបញ្ចប់ អ្នកទិញគួរតែផ្ទៀងផ្ទាត់វិញ្ញាបនបត្រពេជ្រឱ្យបានហ្មត់ចត់ និងជ្រើសរើសទិញតែពីហាងដែលមានកេរ្តិ៍ឈ្មោះ និងអាចទុកចិត្តបាន៕
ដោយ: តែម សុខុម