ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២២ ខែកញ្ញា ថា ទីតាំងយោធាទាំង២ ដែលអាម៉េរិក គ្រោងសាងសង់រួមមាន ណាសាស៊ូអាក់ (Narsarsuaq) ដែលជាអតីតមូលដ្ឋានយោធារបស់អាម៉េរិកសម័យសង្គ្រាមត្រជាក់ ហើយត្រូវបានបោះបង់ចោលតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ និង មេស្ទ័រស្វ៊ីក (Mestersvig) ដែលបច្ចុប្បន្នជាប៉ុស្តិ៍យោធាយុទ្ធសាស្ត្ររបស់កងល្បាតឆ្មាំសមុទ្រ ស៊ីរីអើស ដក ស្ល៊ីដ ផាត្រូល (Sirius Dog Sled Patrol) ដែលជាអង្គភាពកងកម្លាំងពិសេសរបស់ដាណឺម៉ាក។ តំណាងរដ្ឋាភិបាលដាណឺម៉ាក អាជ្ញាធរកោះហ្គ្រីនលែន និងសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនេះ នាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាថ្ងៃទី២២ ខែកញ្ញា ម៉ោងនៅសហរដ្ឋអាម៉េរិក។
ទោះបីជាខ្លឹមសារលម្អិត នៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវគេទម្លាយជាសាធារណៈ ហើយភាគីពាក់ព័ន្ធមិនទាន់ធ្វើអត្ថាធិប្បាយផ្ទាល់ចំពោះសំណួររបស់ Reuters ក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះ ប្រទេសដាណឺម៉ាកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងដាក់ការងារសន្តិសុខតំបន់អាក់ទិកឱ្យស្ថិតក្រោមការឃ្លាំមើលរួមគ្នារវាងអង្គការ NATO អាម៉េរិក និងដាណឺម៉ាក។ ដោយឡែក អ្នកនាំពាក្យសេតវិមានបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខានេះធ្វើឡើងក្នុងគោលដៅធានា និងពង្រឹងសន្តិសុខលើកោះ Greenland ឱ្យកាន់តែរឹងមាំ។
លោក ហ្សង់ ហ្វ្រេដេរិក នេលសេន (Jens-Frederik Nielsen) នាយករដ្ឋមន្ត្រីកោះហ្គ្រីនលែន បានសម្តែងការស្វាគមន៍យ៉ាងពេញទំហឹង ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែលើកកម្ពស់សន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករជួយរុញច្រានការអភិវឌ្ឍលើកោះដាច់ស្រយាលមួយនេះផងដែរ។ ជាមួយគ្នានេះ ក្រុមអ្នកនយោបាយ តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ដាណឺម៉ាក បានបង្ហាញក្តីសប្បាយរីករាយ និងមិនមានការព្រួយបារម្ភឡើយ ដោយសារកិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន និងច្បាស់លាស់។
ទោះបីជាលោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិឱ្យអាម៉េរិក គ្រប់គ្រងផ្នែកសន្តិសុខជាអចិន្ត្រៃយ៍យ៉ាងណាក្តី ក៏ភាគីហ្គ្រីនលែន និងដាណឺម៉ាក បានចេញមុខច្រានចោល និងអះអាងយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងនេះ ដាច់ខាតមិនប៉ះពាល់ដល់អធិបតេយ្យភាព ឬសិទ្ធិស្វ័យសម្រេចលើជោគវាសនាខ្លួនឯងរបស់កោះហ្គ្រីនលែននោះឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស