វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍របស់ម៉ាឡេស៊ី កំពុងរង្គោះរង្គើ ក្រោយក្រុមហ៊ុនអាកាសចរណ៍ Air Asia ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ


ប្រភពច្បាស់ការណ៍ចំនួនពីរបានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងស្ទាបស្ទង់ និងសួរនាំទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និង Batik Air ថា តើពួកគេមានសមត្ថភាពស្រូបយកចំណែកទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដែរឬទេ? នេះជាផ្នែកមួយនៃផែនការត្រៀមបម្រុងទុកជាមុន ខណៈដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើវិបត្តិហិរញ្ញវត្ថុរបស់ Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
វិស័យអាកាសចរណ៍
ដោយ

សារព័ត៌មាន The Edge Malaysia បានរាយការណ៍នៅថ្ងៃទី១៦ ខែកញ្ញា ថា រដ្ឋាភិបាលម៉ាឡេស៊ី បានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និង Batik Air ជុំវិញលទ្ធភាពស្រូបទាញទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញវិបត្តិហិរញ្ញវត្ថុដ៏ស្រួចស្រាវរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia។ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការហក់ឡើងនៃតម្លៃប្រេងយន្តហោះ ដែលបណ្តាលមកពីសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានធ្វើឱ្យថ្លៃដើមប្រេងយន្តហោះកើនឡើងរហូតដល់៦៦% ក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ គឺឡើងដល់តម្លៃជាមធ្យម១៨៣ដុល្លារក្នុងមួយបារ៉ែល។
ប្រភពដែលដឹងពីបញ្ហានេះ បានបង្ហើបថា ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ក៏បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន Malaysia Airports Holdings Berhad ដើម្បីរៀបចំផែនការទប់ទល់ជុំវិញបញ្ហាសម្ពាធហិរញ្ញវត្ថុរបស់ Air Asia ផងដែរ។
ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានចុះផ្សាយក្នុងខែនេះថា ជម្រើសមួយទៀតដែលកំពុងត្រូវយកមកពិភាក្សា គឺរដ្ឋាភិបាលអាចនឹងផ្តល់ការគាំទ្រ ដើម្បីពង្រឹងផែនការរបស់ Air Asia ក្នុងការស្វែងរកដើមទុនថ្មីពីវិនិយោគិនខាងក្រៅ ទោះបីជារូបភាព នៃការគាំទ្រជាក់ស្តែងនៅមិនទាន់ច្បាស់លាស់យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា Reuters បានបញ្ជាក់ថា ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មានជុំវិញស្ថានភាពហិរញ្ញវត្ថុពិតប្រាកដរបស់ Air Asia បាននៅឡើយទេ។
មន្ត្រីម្នាក់ក្នុងចំណោមប្រភពព័ត៌មានដែលបានដឹកពីបញ្ហានេះបានបង្ហើបថា Malaysia Airlines និង Batik Air បានប្រាប់ទៅរដ្ឋាភិបាលថា ពួកគេអាចទទួលយកប្រតិបត្តិការរបស់ Air Asia ក្នុងទ្រង់ទ្រាយធំបាន លុះត្រាតែមានការផ្ទេរការជួលយន្តហោះមកជាមួយគ្នាផងដែរ ព្រោះការស្រូបយកជើងហោះហើរ និងរ៉ាប់រងបរិមាណអ្នកដំណើរ ដោយគ្មានយន្តហោះសម្រាប់ប្រតិបត្តិការ គឺជាកិច្ចការដ៏លំបាកបំផុត។ តែយ៉ាងណាក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់ថា ពួកគេចង់ពង្រីកខ្លួនតាមបែបធម្មតាក្នុងការស្រូបយកផ្លូវហោះហើរ និងអ្នកដំណើររបស់ Air Asia ជាជាងការទិញយកអាជីវកម្មទាំងមូល។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុន Air Asia បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ខ្លួនកំពុងកាន់កាប់ចំណែកទីផ្សារអាកាសចរណ៍សរុបរបស់ប្រទេសម៉ាឡេស៊ី ប្រមាណ៤០% និងជើងហោះហើរក្នុងស្រុករហូតដល់៦០% ដែលទំហំនេះបានធ្វើឱ្យបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ Air Asia ក្លាយជាកង្វល់ដ៏ធំមួយសម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កម្ពុជា-បារាំង ចាប់ដៃគ្នាពង្រឹងប្រព័ន្ធច្បាប់ និងនីតិរដ្ឋបាល ដើម្បីទាក់ទាញការវិនិយោគ និងទំនុកចិត្តសាធារណៈ

កម្ពុជា និងបារាំង បានឈានដល់របត់ថ្មីមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុម…

សង្គ្រាមប្រឆាំងអ៊ីរ៉ង់ បានបំផ្លាញលុយអាម៉េរិក ប្រមាណ៣៨ពាន់លានដុល្លារក្នុងរយៈពេលជាង៦ខែមកនេះ

សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្ខំឱ្យកងកម្លាំងយោធារបស់ប្រទេសមហាអំណាចទាំងពីរចំណាយថវិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ