វិស័យ​ទេសចរណ៍

អាជ្ញាធរអប្សរា ហាមអ្នកស្លៀកឈុតបុរាណខ្មែរខុសលំនាំដើមចូលទស្សនាអង្គរវត្ត តែអ្នកជំនាញថា អាជ្ញាធរហាក់អន្តរាគមន៍យឺតពេល


ផ្ទុះការជជែកដេញដោល និងរិះគន់យ៉ាងក្តៅគគុកលើបណ្តាញសង្គម បន្ទាប់ពីមហាជនថៃមួយចំនួនបានសើចចំអក ដោយចោទប្រកាន់ថា កម្ពុជា បានយកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេមកប្រើប្រាស់ និងផ្សព្វផ្សាយថា ជារបស់ខ្មែរ។ ការរិះគន់នេះបានកើតឡើង ក្រោយអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្តសៀមរាប បានដាក់ចេញនូវវិធានការណែនាំដល់អាជីវករជួលសម្លៀកបំពាក់បុរាណនៅមុខប្រាសាទអង្គរវត្តឱ្យប្រើប្រាស់ឈុតប្រពៃណីខ្មែរឱ្យត្រឹមត្រូវតាមក្បួនខ្នាតដើម និងកាត់បន្ថយការប្រើប្រាស់ក្រណាត់នាំចូលពីបរទេស ជាពិសេសពីប្រទេសថៃ។
វិស័យ​ទេសចរណ៍
ដោយ

ជុំវិញករណីនេះ អ្នកជំនាញមើលឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធហាក់ដូចជាបានអន្តរាគមន៍យឺតពេលបន្តិចហើយ ខណៈដែលអ្នកនាំពាក្យក្រសួងវប្បធម៌ បានសង្កត់ធ្ងន់ថា ការការពារអត្តសញ្ញាណជាតិ គឺទាមទារការចូលរួមដាច់ខាតពីសាធារណជនគ្រប់រូប។

លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អយល់ឃើញថា ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែធ្វើសកម្មភាពអប់រំ និងណែនាំឱ្យបានលឿនជាងនេះពាក់ព័ន្ធនឹងទម្រង់សម្លៀកបំពាក់ខ្មែរបុរាណដែលដាក់ជួលនៅមុខប្រាសាទអង្គរវត្ត។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ម្ចាស់អាជីវកម្មជួលសម្លៀកបំពាក់ទាំងនោះមិនមែនជាអ្នកខុសឡើយ ដោយសារតែកន្លងមកពួកគេមិនទាន់ទទួលបានការណែនាំ និងពន្យល់ឱ្យបានលម្អិតពីសំណាក់អាជ្ញាធរជំនាញ។

សម្រាប់អ្នកជំនាញរូបនេះ ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីឱ្យមានប្រសិទ្ធភាពខ្ពស់ គឺទាមទារឱ្យមានការចូលរួមប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងពិធីការសំខាន់ៗឱ្យបានកាន់តែច្រើន គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយគាំទ្រដល់អ្នកផលិតវត្ថុធាតុដើមក្នុងស្រុកពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា សកម្មភាពអភិរក្សទាំងអរូបិយ និងរូបីយជាសកម្មភាពចាំបាច់ណាស់ត្រូវការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយក្រសួងតែងតែធ្វើសកម្មភាពអប់រំជារឿយៗទាំងក្នុង និងក្រៅប្រទេស ខណៈសកម្មភាពណែនាំនៅមុខប្រសាទអង្គរនាពេលថ្មីៗនេះ ក៏ជាសកម្មភាពអប់រំតម្រង់ទិសការពារនូវមោទនភាពជាតិខ្មែរតាមតំបន់ទេសចរណ៍ប្រពៃណីផងដែរ។

ឯកឧត្តមបានបន្ថែមថា សម្រាប់ផ្នែកនៃសម្លៀកបំពាក់ប្រពៃណីនេះ កាលណាអាជីវករដាក់លក់ខុស នោះនឹងនាំឱ្យខុសទាំងអ្នកស្លៀកពាក់ និងខុសដល់អ្នកផ្សព្វផ្សាយផងដែរ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ អំពាវនាវដល់អ្នកដាក់លក់ ឬជួលសម្លៀកបំពាក់បុរាណខ្មែរ គួរតែធ្វើឡើងក្នុងរូបភាពត្រឹមត្រូវ ដើម្បីចូលរួមការពារមោទនភាពជាតិ ខណៈកាលពីកន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់បានផលិតជាវីដេអូខ្លីៗណែនាំអំពីសម្លៀកបំពាក់ខ្មែរដែលវិវត្តតាមសម័យកាលនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។

ឯកឧត្តម ស៊ុំ ម៉ាប់ បានបន្ថែមថា ការយកផលិតផលខ្វះគុណភាព ឬមានតម្លៃខ្ពស់ហួសហេតុមកដាក់ជួល អាចបង្កផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធ នឹងបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ដោយរំពឹងយ៉ាងមុតមាំលើការចូលរួមពីសាធារណជន។

គួររំលឹកថា អាជ្ញាធរជាតិអប្សរា បានដាក់កំហិតយ៉ាងតឹងរ៉ឹង ដោយចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសទម្រង់ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីលំនាំដើម នៃបែបផែនខ្មែរ គឺដាច់ខាតមិនអនុញ្ញាតឱ្យស្លៀកចូលទៅទស្សនា ឬថតរូបនៅក្នុងរមណីយដ្ឋានអង្គរឡើយ។ ជាមួយគ្នានេះ សម្រាប់ការប្រើប្រាស់ក្រណាត់ ឬកំណាត់ដែលនាំចូលពីប្រទេសថៃ ត្រូវកំណត់ឱ្យបញ្ចប់ជាស្ថាពរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា នាំចូលទំនិញពីឡាវ កើនឡើងជាង៣២% ខណៈអ្នកជំនាញបារម្ភថៃ ប្រើធ្វើជាច្រក ដើម្បីនាំចូលមកកម្ពុជា

ទោះបីជាច្រកព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានបិទក៏ដោយ ប៉ុន្តែសកម្មភាពដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសជិតខាងទាំង៣ នៅតែបន្តដើរទ…

អ្នកជំនាញរំពឹងកម្ពុជា អាចស្រូបទាញភ្ញៀវអន្តរជាតិ បានប្រមាណ៥លាននាក់ នៅឆ្នាំនេះ

វិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមជាសកលកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ចរន្តភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជា។ ជាក់ស្តែងនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ