វិស័យ​ទេសចរណ៍

ការកើនឡើងតម្លៃសំបុត្រយន្តហោះកំពុងធ្វើឱ្យរាំងស្ទះដល់ការស្រូបទាញភ្ញៀវទេសចរបរទេសរបស់កម្ពុជា


​​ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ហាក់បង្ហាញសញ្ញា​នៃការថមថយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក្តី អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា កម្ពុជា ចាំបាច់ត្រូវតែពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងគុណភាពសេវាកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិភូមិសាស្ត្រនយោបាយ។
វិស័យ​ទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានវាយតម្លៃថា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា ហាក់មានការថយចុះ ជាពិសេសក្នុងអំឡុងពេលវិបត្តិប្រេងសកលជំរុញឱ្យតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់តែម្តង។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរកម្សាន្តទូទាំងពិភពលោក តែហាក់មានការប្រុងប្រយ័ត្នជាងមុន។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីកម្ពុជា នៅតែជាទិសដៅដ៏ទាក់ទាញ ប៉ុន្តែការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ផ្ទៃក្នុង គឺជាកិច្ចការអាទិភាពដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវ។

មិនខុសគ្នានោះទេ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា កត់សម្គាល់ឃើញថា នៅត្រីមាសទី១ ឆ្នាំ២០២៦ ការចូលចតរបស់យន្តហោះនៅព្រលានយន្តហោះនៅកម្ពុជា ហាក់នៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងប្រទេសក្បែរខាងដូចជាវៀតណាម។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នតម្លៃសំបុត្រយន្តហោះចេញចូលកម្ពុជា ជាមួយគោលដៅខ្លះ បានហក់ឡើង១នឹង៣ ហើយមានគោលដៅខ្លះឡើងដល់គុណនឹង១០ ដែលវាកំពុងធ្វើឱ្យរំខានដល់លំហូរភ្ញៀវទេចរបរទេស។ កត្តានេះបានធ្វើឱ្យលោក មិនហ៊ានដាក់ក្ដីរំពឹងខ្ពស់ថានឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅកម្ពុជា បានច្រើននោះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង៥,៥លាននាក់ ធ្លាក់ចុះប្រមាណជិត១៧% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៦,៧លាននាក់។ សរុបមកទោះបីជាមានកំណើនភ្ញៀវទេសចរពីទីផ្សារចិន ប៉ុន្តែការធ្លាក់ចុះ នៃទីផ្សាររួមក្នុងតំបន់ និងអន្តរជាតិកំពុងក្លាយជាសញ្ញាព្រមានសម្រាប់វិស័យទេសចរណ៍កម្ពុជា ឱ្យបង្កើនការត្រៀមលក្ខណៈ និងកែសម្រួលយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិបត្តិប្រេងឥន្ធនៈកំពុងរុញច្រានថ្លៃដើមផលិតកម្មនៅកម្ពុជា ឱ្យហក់ឡើង និងបង្កផលប៉ះពាល់ដល់ភាពប្រកួតប្រជែង

​​វិបត្តិប្រេងឥន្ធនៈសកលបានរុញច្រានឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជា កើនឡើងចន្លោះពី ២៥% ទៅ ៥០% ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផលិតកម្…

អ្នកដាំទុរេនបារម្ភបញ្ហាសេដ្ឋកិច្ច និងការហូរចូលទុរេនមានតម្លៃថោកធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនកម្ពុជា នៅឆ្នាំនេះ

​​រដូវកាលប្រមូលផលទុរេននៅកម្ពុជា បានចាប់ផ្តើមហើយ ដោយទិន្នផលទុរេនពីតាមបណ្តាខេត្តមួយចំនួនបានបង្ហាញវត្តមានលើទីផ្សារជាបណ្តើរៗ ជាមួយតម្លៃលក់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ