វិស័យ​ទេសចរណ៍

អ្នកជំនាញស្នើឱ្យភាគីពាក់ព័ន្ធផ្លាស់ប្តូរយុទ្ធសាស្ត្រផ្សព្វផ្សាយ និងពង្រីកការលើកលែងទិដ្ឋាការ ដើម្បីស្តារវិស័យទេសចរណ៍


ស្របពេលដែលប្រទេសជិតខាងកំពុងប្រជែងគ្នាប្រមូលលុយរាប់ពាន់លានដុល្លារពីវិស័យទេសចរណ៍ យុទ្ធសាស្ត្រផ្សព្វផ្សាយរបស់កម្ពុជា បែរជាត្រូវបានគេមើលឃើញថា នៅមានលក្ខណៈទន់ខ្សោយធ្វើឱ្យតំបន់ទេសចរណ៍ដ៏មានសក្តានុពលជាច្រើនត្រូវបន្តដេកលក់ ដោយសារខ្វះការផ្សព្វផ្សាយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅឆមាសទី១ ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា បានស្រុតចុះរហូតដល់ទៅជាង ៤៧%។
វិស័យ​ទេសចរណ៍
ដោយ

តាមរយៈបញ្ហានេះ បានធ្វើឱ្យក្រុមអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចេញមុខជំរុញឱ្យរដ្ឋាភិបាលវះកាត់យុទ្ធសាស្ត្រចាស់ចោលជាបន្ទាន់ ដោយងាកមកប្រើប្រព័ន្ធបច្ចេកវិទ្យា AI, ឌីជីថល, គោលនយោបាយលើកលែងទិដ្ឋាការ និងការបើកជើងហោះហើរត្រង់ ដើម្បីសង្គ្រោះវិស័យនេះ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានសង្កត់ថា កម្ពុជា មិនខ្វះទេតំបន់ទេសចរណ៍ស្អាតៗ និងសម្បូរបែប ប៉ុន្តែអ្វីដែលខ្វះ គឺយុទ្ធនាការធ្វើទីផ្សារចាក់ចំគោលដៅ។ បញ្ហានេះបានធ្វើឱ្យភ្ញៀវបរទេសជាច្រើនសម្តែងក្តីខកចិត្ត ដោយសារពួកគេមិនធ្លាប់បានដឹង ឬបានឃើញព័ត៌មានពីតំបន់ទេសចរណ៍ថ្មីៗរបស់កម្ពុជាទាល់តែសោះ។ តែយ៉ាងណាអ្នកជំនាញរូបនេះទទួលស្គាល់ថា ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ត្រូវការចំណាយថវិកាច្រើន និងទាមទារកិច្ចសហការពីគ្រប់ភាគីរាប់ចាប់តាំងពីក្រសួងទេសចរណ៍ វិស័យឯកជន រហូតដល់ពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះលោកបណ្ឌិត ស្នើឱ្យរាជរដ្ឋាភិបាល គួរពង្រីកគោលនយោបាយលើកលែងទិដ្ឋាការបន្ថែមទៀតទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសមហាអំណាចសេដ្ឋកិច្ច បន្ទាប់ពីបានលើកលែងដល់ជនជាតិចិន។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានក្រើនរំលឹកថា វិស័យទេសចរណ៍ គឺជាបេះដូងសេដ្ឋកិច្ចមួយ ដែលអាចរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ មកចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ដោយផ្ទាល់។ ប៉ុន្តែបើធៀបជាមួយគូប្រជែងក្នុងតំបន់ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់កម្ពុជា នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យរាជរដ្ឋាភិបាល គួរពង្រីកការផ្តល់ទិដ្ឋាការដល់ប្រទេសផ្សេងៗ ក្រៅពីប្រទេសចិន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធបោះចោលការផ្សព្វផ្សាយបែបប្រពៃណី ដូចជាការចែកខិត្តប័ណ្ណ ឬការតាំងពិព័រណ៍បែបចាស់គំរឹល ហើយងាកមកប្រើបច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យា AI, ការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសគោលដៅ និងការបង្កើនស្តង់ដាសេវាកម្មទេសចរណ៍បែបធម្មជាតិឱ្យមានគុណភាពខ្ពស់។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជា ស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង១លាន៧សែននាក់ធ្លាក់ចុះជាង ៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រមាណ៣,៣លាននាក់។ យ៉ាងណាមិញរបាយការណ៍របស់រដ្ឋាលេខាធិការអាកាសចរណ៍ស៊ីវិល បានបង្ហាញថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានជើងហោះហើរចេញចូលជាង៣ម៉ឺន៧ពាន់ជើង ជាមួយអ្នកដំណើរជាង៣,៧លាននាក់ធ្លាក់ចុះ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


សភាពាណិជ្ជកម្មនឹងយកបញ្ហាទារភាស៊ីពីឡានដឹកទំនិញមិនបានចូលចំណតទៅដោះស្រាយជាមួយរាជរដ្ឋាភិបាល

សកម្មភាពដេញកាក់រថយន្តឈ្នួល និងរថយន្តដឹកទំនិញ ដើម្បីទារប្រាក់ភាស៊ីទាំងដែល មិនបានចូលចំណត ឬចូលបេនកំពុងក្លាយជាបន្លារាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់…

ឯកឧត្តម វង្សី វិស្សុត ៖ កសិផលសក្តានុពលរបស់កម្ពុជា មិនត្រូវបញ្ចប់ត្រឹមលក់វត្ថុធាតុដើមនោះទេ តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់កែច្នៃ

វិស័យកសិកម្មបានរួមចំណែកយ៉ាងធំរហូតដល់ប្រមាណ ៧៤% នៅក្នុងទំហំសេដ្ឋកិច្ចទាំងមូលរបស់ខេត្តកំពង់ធំ ខណៈវិស័យឧស្សាហកម្មបានរួមចំណែកប្រមាណជាង ៦%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ