ស្ថិតក្នុងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ អ្នកជំនាញទេសចរណ៍ និងអ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានព្យាករថា កម្ពុជានឹងអាចទទួលបានភ្ញៀវអន្តរជាតិចន្លោះពី៤,៥លាននាក់ ទៅ៥លាននាក់ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៦ ទាំងមូល ព្រមទាំងបានជំរុញឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាដាក់ចេញនូវយុទ្ធនាការគន្លឹះៗឡើងវិញ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញអ្នកទេសចរអន្តរជាតិឡើងវិញ។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើគ្មានការផ្លាស់ប្តូរធំៗ និងការអនុវត្តវិធានការទីផ្សារ ដែលមានប្រសិទ្ធភាពក្នុងរយៈពេលខាងមុខទេ នោះនៅឆ្នាំ២០២៦ នេះ កម្ពុជាអាចទទួលបានភ្ញៀវអន្តរជាតិប្រមាណ៤,៥លាននាក់ទៅ៥លាននាក់ប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ ការឈានដល់កម្រិតខ្ពស់ជាងនេះនឹងពិបាក ប្រសិនបើទីផ្សារសំខាន់ៗនៅតែបន្តធ្លាក់ចុះ ហើយជើងហោះហើរមិនមានការកើនឡើង និងរូបភាពគោលដៅរបស់កម្ពុជាមិនត្រូវបានស្ដារឡើងវិញឱ្យបានឆាប់រហ័ស។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការធ្វើទីផ្សារគោលដៅទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានថវិកាកំណត់តាមគោលដៅច្បាស់លាស់ ខណៈប្រទេសប្រកួតប្រជែងក្នុងតំបន់បានចំណាយថវិកាយ៉ាងច្រើនលើការផ្សព្វផ្សាយលើវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ លោក បានជំរុញឱ្យត្រួតពិនិត្យលើអាកប្បកិរិយារបស់សហគ្រិន និងប្រតិបត្តិករទេសចរណ៍មួយចំនួនផងដែរ ព្រោះមានអាជីវកម្មខ្លះនៅតែអង្គុយរង់ចាំឱ្យភ្ញៀវមកគោះទ្វារ ប៉ុន្តែមិនបានចូលរួមធ្វើទីផ្សារ មិនបានវិនិយោគលើការលក់ មិនចូលរួមពិព័រណ៍ មិនបង្កើតផលិតផលថ្មី និងមិនទៅជួបដៃគូនៅក្រៅប្រទេសជាដើម។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញមានកត្តាជាច្រើនបានគំរាមកំហែងដល់វិស័យទេសចរណ៍របស់កម្ពុជាយ៉ាងខ្លាំង។ តែយ៉ាងណាលោកបណ្ឌិត លើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះបានលុះណាតែរដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាដាក់ចេញនូវយុទ្ធនាការនានា ដើម្បីផ្ដល់ទំនុកចិត្ត និងលើកកម្ពស់សុវត្ថិភាព,ការវិនិយោគលើការផ្សព្វផ្សាយ, បង្កើនពិពិធកម្មផលិតផលទេសចរណ៍សម្បូរបែប, ការធ្វើបដិសណ្ឋារកិច្ច និងបង្កើនការតភ្ជាប់ជើងហោះហើរជាដើម។
បើយោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆមាសទី១ឆ្នាំ២០២៦ នេះ ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសមានការថយចុះ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការធ្លាក់ចុះចំនួនអ្នកដំណើរនេះ គឺជាសញ្ញាបង្ហាញថា អត្រាផ្ទុកអ្នកដំណើរតាមយន្តហោះនីមួយៗមានការថយចុះ។ និន្នាការនេះទាមទារឱ្យមានការកែលម្អការរៀបចំកម្មវិធីលើកទឹកចិត្តរួមគ្នារវាងតួអង្គពាក់ព័ន្ធជាក់លាក់ឡើងវិញ ដើម្បីទាក់ទាញប្រភពទីផ្សារអ្នកដំណើរថ្មីៗត្រឡប់មកវិញ។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៥លាននាក់ធ្លាក់ចុះជិត១៧% បើធៀបនឹងឆ្នាំ២០២៤។ នេះបើតាមទិន្ន័យរបស់ក្រសួងទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា