ជម្លោះពន្ធគយ

លោក ត្រាំ គំរាមដាក់ពន្ធ១០០%លើស្រារបស់បារាំង មុនធ្វើដំណើរទៅប្រជុំ G7 នៅប្រទេសនេះ


មិនទាន់ទាំងធ្វើដំណើរទៅដល់ទឹកដីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ផង លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើវោហាសាស្ត្រគំរាមកំហែងផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសម្ចាស់ផ្ទះបាត់ទៅហើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News លោក ត្រាំ បានព្រមានដាក់ពន្ធរហូតដល់១០០% លើផលិតផលស្រាដ៏ល្បីល្បាញរបស់បារាំង។ តើអ្វីជាដើមចម ដែលនាំឱ្យមហាអំណាចអាម៉េរិកព្រមានខ្លាំងៗមុនកិច្ចប្រជុំ G7 បែបនេះ?
ជម្លោះពន្ធគយ
ដោយ

ជម្លោះពន្ធគយរវាងអាម៉េរិក និងបារាំងបានឡើងកម្តៅជាថ្មី មុនលោកត្រាំចេញដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ។ លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានចំៗថា បារាំងត្រូវតែលុបចោលការយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិកជាបន្ទាន់ បើមិនចង់ឃើញផលិតផលស្រារបស់ខ្លួនរងពន្ធក្នុងកម្រិតខ្ពស់បំផុតដល់ទៅ១០០%នោះទេ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនគ្មានជម្រើសអ្វីក្រៅពីការវាយបកវិញនោះទេ ប្រសិនបើប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅតែបន្តរឹងរូសយកពន្ធ ៣% លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិក។ លោកបានសង្កត់ធ្ងន់ថា បើបារាំងមិនដកពន្ធចេញទេ នោះអាម៉េរិកនឹងអនុវត្តពន្ធ១០០% ភ្លាមៗលើរាល់មុខទំនិញស្រាទាំងអស់រាប់ចាប់តាំងពីស្រាទំពាំងបាយជូរ រហូតដល់ស្រាសាំប៉ាញដ៏ល្បីល្បាញរបស់បារាំង ដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក។ ការគំរាមកំហែងទុកជាមុននេះ កើតឡើងចំពេលដែលមេដឹកនាំទាំងពីរគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយគ្នានៅក្រៅកិច្ចប្រជុំ G7។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសបារាំងបានដាក់ឱ្យអនុវត្តកាតព្វកិច្ចពន្ធឌីជីថល៣%ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជាក្រុមហ៊ុន Google, Apple, Facebook, Amazon និង Microsoft ជាដើម ដែលច្បាប់ពន្ធនេះបានជួយឱ្យទីក្រុងប៉ារីស ប្រមូលចំណូលចូលថវិកាជាតិបានប្រមាណ ៨៧០ លានដុល្លារក្នុងមួយឆ្នាំៗ។

ទោះជាយ៉ាងណាសារព្រមានរបស់លោក ត្រាំ នាពេលនេះ ហាក់ដូចជាបានវាយបកទៅលើការអះអាងរបស់លោកប្រធានាធិបតី ម៉ាក្រុង កាលពីសប្តាហ៍មុន ដែលធ្លាប់បានលើកឡើងថា ជម្លោះពន្ធគយមួយនេះត្រូវបានដោះស្រាយ និងលែងស្ថិតនៅក្នុងរបៀបវារៈ នៃការជជែកវែកញែកក្នុងចំណោមប្រទេស G7 ទៀតហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាល្លឺម៉ង់ និងជប៉ុន ងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធាឡើងវិញ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក

ជាង៨ទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់ និងជប៉ុន ដែលធ្លាប់ជាអតីតសម្ពន្ធមិត្តប្រកៀកស្មាគ្នាកំពុងងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ