វិស័យការពារជាតិ

អាល្លឺម៉ង់ និងជប៉ុន ងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធាឡើងវិញ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក


ជាង៨ទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់ និងជប៉ុន ដែលធ្លាប់ជាអតីតសម្ពន្ធមិត្តប្រកៀកស្មាគ្នាកំពុងងាកមកចាប់ដៃគ្នាពង្រឹងសាច់ដុំយោធាទ្វេភាគីឡើងវិញ ក្នុងគោលបំណងការពារខ្លួន ចំពេលដែលសន្តិសុខពិភពលោកកំពុងធ្លាក់ចូលក្នុងស្ថានភាពស្មុគស្មាញ និងគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times។
វិស័យការពារជាតិ
ដោយ

រលកនៃការព្រួយបារម្ភជុំវិញការហក់ឡើង នៃឥទ្ធិពលយោធារបស់ចិន, សកម្មភាពប្រដាប់អាវុធរបស់រុស្ស៊ី, ការគំរាមកំហែងពីកូរ៉េខាងជើង និងភាពមិនប្រាកដប្រជាលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកបានក្លាយជាកាតាលីករជំរុញឱ្យអតីតមហាអំណាចទាំងពីរនេះ សម្រេចចិត្តបង្កើនកញ្ចប់ថវិកាការពារជាតិ និងចែករំលែកបច្ចេកវិទ្យាយោធាទំនើបៗរវាងគ្នា និងគ្នា។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏ត្រូវបានគេរំពឹងថា នឹងលើកយករបៀបវារៈនេះទៅពិភាក្សាកាន់តែស៊ីជម្រៅនៅក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំងនាសប្តាហ៍នេះផងដែរ។

គួររំឭកថា ចាប់តាំងពីបរាជ័យក្នុងសង្គ្រាមលោកលើកទី២មក អាល្លឺម៉ង់ និងជប៉ុនបានកាត់បន្ថយកម្លាំងយោធារបស់ខ្លួនស្ទើរតែទាំងស្រុង ដោយផ្ញើដង្ហើមសន្តិសុខទៅលើសហរដ្ឋអាម៉េរិក។ ប៉ុន្តែព្រឹត្តិការណ៍ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងកម្ដៅនយោបាយនៅអាស៊ីបានបង្ខំឱ្យទីក្រុងប៊ែឡាំង និងទីក្រុងតូក្យូត្រូវតែភ្ញាក់រលឹក និងគិតគូរពីវាសនាការពារជាតិដោយខ្លួនឯង។

ជាក់ស្តែងអធិការបតីអាល្លឺម៉ង់លោក ហ្វ្រីដ្រិច មើស (Friedrich Merz) បានទម្លាក់កញ្ចប់ថវិកាយោធាយ៉ាងសម្បើម ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ក៏បានពង្រីកវិសាលភាពការពារជាតិ រួមទាំងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធទៅក្រៅប្រទេស។

ទោះជាយ៉ាងណារបត់ងាករកអាវុធឡើងវិញនេះ បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងផ្ទៃក្នុង។ ពលរដ្ឋអាល្លឺម៉ង់ភាគច្រើនបានបង្ហាញការគាំទ្រ ខណៈដែលពលរដ្ឋជប៉ុនមួយចំនួនបានចេញមកធ្វើបាតុកម្មតវ៉ា ដោយបារម្ភថា ប្រទេសរបស់ខ្លួនអាចនឹងងាកចេញពីគោលការណ៍សន្តិភាពនិយម ដែលបានថែរក្សាអស់ជាង៨០ឆ្នាំ។

បច្ចុប្បន្នទាំងអាល្លឺម៉ង់ និងជប៉ុន កំពុងតែពង្រីកក្រសែភ្នែកមើលទៅហួសពីការពឹងផ្អែកលើសហរដ្ឋអាម៉េរិក ដោយកំពុងកសាងសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីៗជាមួយបណ្តាប្រទេសជាច្រើនទៀតដូចជាអូស្ត្រាលី បារាំង ហ្វីលីភីន ឥណ្ឌូនេស៊ី និងអ៊ុយក្រែន ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសសន្តិសុខពិភពលោក ដែលកំពុងប្រែប្រួលលឿនដូចព្យុះសង្ឃរា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ព្រមានធ្ងន់ៗទៅឥណ្ឌូនេស៊ី ជុំវិញការរឹតបន្តឹងលើឧស្សាហកម្មរ៉ែនីកែល

ចិន ព្រមានថា ការផ្លាស់ប្តូរគោលនយោបាយថ្មីៗនៅក្នុងវិស័យរ៉ែនីគែលរបស់ឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន អាចធ្វើឱ្យការវិនិយោគក្នុងទំហំរហូតដល់ទ…

លោក ត្រាំ គំរាមដាក់ពន្ធ១០០%លើស្រារបស់បារាំង មុនធ្វើដំណើរទៅប្រជុំ G7 នៅប្រទេសនេះ

មិនទាន់ទាំងធ្វើដំណើរទៅដល់ទឹកដីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ផង លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើវោហាសាស្ត្រគំរាមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ