វិស័យសេដ្ឋកិច្ច

ធនាគារកណ្តាលថៃ រឹតបន្តឹងការចរាចរសាច់ប្រាក់មានទំហំចាប់១៥ម៉ឺនដុល្លារឡើងទៅ ដើម្បីទប់ស្កាត់លុយប្រផេះ


ដើម្បីឆ្លើយតបនឹងរលក នៃអំពើពុករលួយ និងបទល្មើសហិរញ្ញវត្ថុរាប់ចាប់តាំងពីល្បិចឆបោកតាមប្រព័ន្ធអនឡាញ ការទិញ-លក់អចលនទ្រព្យដោយប្រើឈ្មោះជនជាតិថៃ ជំនួស រហូតដល់ការជួញដូរគ្រឿងញៀន និងអំពើពុករលួយស៊ីសំណូកក្នុងស្ថាប័នរដ្ឋ ធនាគារកណ្តាលថៃ (BOT) បានសម្រេចដាក់ចេញបទប្បញ្ញត្តិថ្មីដ៏តឹងរ៉ឹងមួយ ដើម្បីគ្រប់គ្រងចរន្តសាច់ប្រាក់ក្នុងទំហំធំៗ ដើម្បីបិទច្រកមិនឱ្យប្រាក់ខុសច្បាប់ ឬប្រាក់ប្រផេះអាចចរាចរក្នុងប្រព័ន្ធធនាគារនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៧ ខែតុលា។
ធនាគារកណ្តាលថៃ
ដោយ

ទេសាភិបាលធនាគារកណ្តាលថៃ បានគូសបញ្ជាក់ថា ធនាគារកណ្តាលកំពុងបង្កើនការទប់ស្កាត់ និងបង្ក្រាបសាច់ប្រាក់ខុសច្បាប់ ដើម្បីលើកកម្ពស់តម្លាភាព និងពង្រឹងសុវត្ថិភាព នៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ជាក់ស្តែងធនាគារកណ្តាល បានដាក់ចេញវិធានការបន្ទាន់មួយ ដោយកំណត់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសថៃ បង្កើនការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការសាច់ប្រាក់ឱ្យតឹងរ៉ឹងបំផុត។ វិធានការថ្មីនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ ដោយតម្រូវឱ្យបង្កើនកម្រិតត្រួតពិនិត្យយ៉ាងហ្មត់ចត់លើរាល់ប្រតិបត្តិការសាច់ប្រាក់ចាប់ពី៥លានបាត ឬជិត១៥ម៉ឺនដុល្លារអាម៉េរិកឡើងទៅក្នុងមួយថ្ងៃសម្រាប់អតិថិជនម្នាក់។

ក្រោមបទប្បញ្ញត្តិនេះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណ និងប្រភពដើម នៃថវិការបស់អតិថិជនឱ្យបានស៊ីជម្រៅជាងមុន រួមមានការសាកសួរពីប្រភពប្រាក់ គោលបំណងនៃប្រតិបត្តិការ និងការតម្រូវឱ្យបង្ហាញឯកសារយោងបញ្ជាក់បន្ថែម។

គួរបញ្ជាក់ថា វិធានការនេះអនុវត្តចំពោះតែប្រតិបត្តិការសាច់ប្រាក់ ដែលធ្វើឡើងផ្ទាល់នៅតាមសាខាធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់អតិថិជន ដែលប្រកបប្រតិបត្តិការតាមប្រព័ន្ធធនាគារអេឡិចត្រូនិកនោះឡើយ។ វិសាលភាពនៃបទប្បញ្ញត្តិថ្មី ក៏គ្របដណ្តប់លើប្រតិបត្តិការជារូបិយប័ណ្ណបរទេស ដែលមានតម្លៃសមមូលចាប់ពីជិត១៥លានដុល្លារឡើងទៅដូចជាការដាក់ប្រាក់តាមរយៈមូលប្បទានបត្រ ឬសែក, ការប្តូរក្រដាសប្រាក់បាត, ការទិញ-លក់ ឬប្តូរប្រាក់បរទេស, ការទូទាត់បុព្វលាភធានារ៉ាប់រង ផលិតផលវិនិយោគ និងឧបករណ៍ហិរញ្ញវត្ថុ។

ធនាគារកណ្តាលថៃ បានសង្កត់ធ្ងន់ថា ប្រសិនបើគ្រឹះស្ថានហិរញ្ញវត្ថុណាមួយរកឃើញប្រតិបត្តិការមិនប្រក្រតី ឬមិនស្របនឹងសកម្មភាពអាជីវកម្មធម្មតារបស់អតិថិជន គ្រឹះស្ថាននោះត្រូវតែរាយការណ៍ជាបន្ទាន់មកកាន់ធនាគារកណ្តាលថៃ ដើម្បីការពារកុំឱ្យប្រព័ន្ធធនាគារធ្លាក់ខ្លួនជាឧបករណ៍ ឬជាជម្រកទុច្ចរិតសម្រាប់ក្រុមល្មើសច្បាប់តទៅទៀត៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ឈានមួយជំហានដោយទូទាត់ប្រាក់បៀវត្សបុគ្គលិកជាប្រាក់រៀល

ភ្នំពេញ — ក្នុងជំហានដ៏សំខាន់មួយដើម្បីគាំទ្រដល់របៀបវារៈរូបិយវត្ថុរយៈពេលវែងរបស់កម្ពុជា ធនាគារខេប៊ីប្រាសាក់ បានប្រកាសជាផ្លូវការថា ខ្លួនចា…

វិស័យសណ្ឋាគារថៃកំពុងជួបព្យុះសេដ្ឋកិច្ច ខណៈអាជីវកម្មបិទទ្វារកើនឡើង៤២%នៅ៩ខែឆ្នាំនេះ

វិស័យសណ្ឋាគារនៅប្រទេសថៃកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ខណៈចំនួនអាជីវកម្មដែលបិទទ្វារក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កើនឡើងដល់៤២%បើធៀបនឹងរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ